សហភាពសហជីពកម្ពុជាពន្លឺកម្មករ នៅព្រឹកថ្ងៃទី២៤ ខែមិថុនា ឆ្នាំ២០២៤នេះ បាននាំគ្នាទៅមុខស្ថានទូតសហរដ្ឋអាមេរិក ដាក់ញត្តិទៅស្នើទៅនាយកអង្គការ USAID ប្រចាំកម្ពុជា ធ្វើការពិចារណាឡើងវិញចំពោះការឧបត្ថម្ភកញ្ចប់ថវិកា ដល់មជ្ឈមណ្ឌល សម្ព័ន្ធភាពការងារ និង សិទ្ធិមនុស្សហៅកាត់ «សង់ត្រាល់» និងសូមណែនាំឲ្យពួកគាត់ធ្វើ សកម្មភាពប្រកបដោយតម្លាភាព និងស្របតាមតាមលក្ខខន្តិក:របស់ខ្លួន ជាពិសេសឲ្យស្រប តាមច្បាប់របស់កម្ពុជា។
ក្នុងញត្តិដែល KarPit News ទទួលបានឲ្យដឹងថា កាលពីថ្ងៃទី ៤ ខែមិថុនា ឆ្នាំ២០២៤កន្លងទៅនេះ មជ្ឈមណ្ឌលសម្ព័ន្ធភាពការងារ និងសិទ្ធិមនុស្សហៅកាត់ «សង់ត្រាល់»បានចេញរបាយការណ៍ស្តីពីស្ថានភាពសេរីភាពសហជីពឯករាជ្យកម្ពុជានៅតែប្រឈម ឧបសគ្គរារាំងហើយ ថាសង់ត្រាល់បានធ្វើការសម្ភាសដោយវាយតម្លៃពីស្ថានភាពកម្មករ និងសហជីពក្នុង រោងចក្រចំនួន ១៤ ដែលស្ថិតក្រោមកម្មវិធីរោងចក្រកាន់តែប្រសើរនៅកម្ពុជានៃអង្គការពលកម្មអន្ដរជាតិ (ILO-BFC) ក្នុងចំណោមសហជីពចំនួន ១៤នេះ មានសហជីពចំនួន ១០ រងការបំភិតបំភ័យដោយផ្ទាល់ មាត់ ការគំរាមកំហែង ការបៀតបៀន និងការដាក់ក្នុងបញ្ជីខ្មៅដែលធ្វើឲ្យប៉ះពាល់យ៉ាងធ្ងន់ធ្ងរដល់ការ បំពេញការងាររបស់ពួកគេ ហើយក៍បានទាមទារឱ្យគ្រប់ភាគីពាក់ព័ន្ធគួរតែពិនិត្យមើលឡើងវិញ ដើម្បីកុំឱ្យ មានការរំលោភសិទ្ធិសេរីភាពការងាររបស់កម្មករ-និយោជិត និងសហជីព។
សហភាពសហជីពកម្ពុជាពន្លឺកម្មករ យល់ឃើញថាខ្លឹមសារនៃរបាយការណ៍ខាងលើនេះវាមិនបានឆ្លុះបញ្ចាំងពីការពិត និងមិនមានមូលដ្ឋានច្បាស់លាស់ដែលធ្វើឲ្យប៉ះពាល់កិត្តិយសជាតិ ប៉ះពាល់ដល់ស្ថិរភាពការងារ និងផល ប្រយោជន៍រួមរបស់កម្មករ និយោជិតនៅកម្ពុជាទាំងមូល។ ជាពិសេសរបាយការណ៍នេះ មានចរឹកនយោបាយ និងញុះញុង លាបពណ៌ ឲ្យមានការរើសអើងសហជីព និងបំបែកបំបាក់សាមគ្គីភាពរវាងសហជីពនៅកម្ពុជា។ ក្រៅពីនេះ អង្គការសង់ត្រាល់ជាអង្គការដែលបានចុះបញ្ជីកានៅក្រសួងមហាផ្ទៃ ប៉ុន្តែបែរជា បានលួចផ្ដល់ថវិកាដើម្បីចងក្រងបង្កើតសហជីពនៅតាមរោងចក្រ សហគ្រាសមួយចំនួន ដែលផ្ទុយពីលក្ខ ខន្តិកៈរបស់ខ្លួនថែមទៀតផង។ សកម្មភាពរបស់អង្គការ សង់ត្រាល់ ដែលបានធ្វើនិងកំពុងបន្តធ្វើ គឺមិនបានអនុលោមតាមលក្ខខន្តិកៈ ច្បាប់ស្ដីពីសហជីព ច្បាប់ស្ដីពីអង្គការសមាគម និងច្បាប់ស្តីពីការងារ កម្ពុជា ឡើយ។
ញត្តិដដែលបានបន្តថា “យើងខ្ញុំទាំងអស់គា្នជាតំណាង កម្មករ និយោជិត មានការព្រួយបារម្មណ៍យ៉ាងខ្លាំងពីផលប៉ះពាល់ ដល់ស្ថិរភាពការងារ និង ផលប្រយោជន៍របស់កម្មករ និយោជិត។ ដូច្នេះយើងខ្ញុំស្នើសុំដោយទទូចដល់ លោកនាយកអង្គការ USAID ធ្វើការពិចារណាឡើងវិញចំពោះការឧបត្ថម្ភកញ្ចប់ថវិកាសម្រាប់ធ្វើសកម្មភាពដល់អង្គការសង់ត្រាល់ និងសូមណែនាំឲ្យពួកគាត់ធ្វើសកម្មភាពប្រកបដោយតម្លាភាព និងស្របតាមតាមលក្ខខន្តិក:របស់ខ្លួន ជាពិសេសឲ្យស្របតាមច្បាប់របស់កម្ពុជា។ អាស្រ័យហេតុនេះ សូម លោកនាយក មេត្តាពិនិត្យនិងពិចារណាឡើងវិញក្នុងការផ្ដល់ការ ឧបត្ថម្ភកញ្ចប់ថវិកាដល់អង្គការសង់ត្រាល់”៕