ថ្វីដ្បិតតែមានវ័យ ៧៩ ឆ្នាំ តារាចម្រៀងជើងចាស់លោក ហួរ ឡាវី នៅតែដើរច្រៀងតាមរោងការដូចកាលពីមុនដដែល លោកថែមទាំងបានអះអាងថា លោក មានកម្លាំងកំហែង និង ថាមពលខ្លាំងក្នុងការច្រៀងបទចម្រៀងមិនចាញ់កាលពីលោកនៅវ័យក្មេងឡើយ តែអ្វីដែលលោកសោកស្តាយនោះគឺលោកពុំទាន់មានឱកាសបានផលិតបទចម្រៀងថ្មីដើម្បីទុកជាស្នាដៃ មុននឹងលោកចូលនិវត្តន៍នៅថ្ងៃខាងមុខនៅឡើយទេ ។
ជារៀងរាល់ថ្ងៃលោក ហួរ ឡាវី តែងតែដើរច្រៀងក្នុងកម្មវិធីមង្គលការ និង នៅហាងមួយកន្លែង ដើម្បីរកប្រាក់ចិញ្ចឹមជីវិត បើទោះបីជាពេលនេះលោកមានវ័យ ៧៩ ឆ្នាំក្តី តែលោកនៅពុំទាន់ចូលនិវត្តន៍នៅឡើយទេ លោកនៅតែបន្តរកប្រាក់នៅក្នុងអាជីពនេះដដែល ។
ជួបជាមួយតារាចម្រៀងជើងចាស់លោក ហួរ ឡាវី កាលពីពេលថ្មីៗនេះ លោកបានបញ្ជាក់ប្រាប់ថា រឿងសម្លេង គឺលោកនៅតែអាចច្រៀងបានល្អ និង ពិរោះដូចកាលពីលោកនៅក្មេង ដោយសារលោកចេះថែរក្សាសុខភាព ហាត់ប្រាណ របបអាហារ និងមិនហូបគ្រឿងស្រវឹង ដូច្នេះហើយទើបលោកនៅមានសម្លេងល្អ អាចចេញច្រៀងនៅតាមកម្មវិធីនានា បើទោះបីជាឆ្នាំនេះលោកមានវ័យ ៧៩ ឆ្នាំក្តី ។
ទន្ទឹមនិងការអះអាងថា សុខភាព និង សម្លេងរបស់ខ្លួននៅល្អដូចដើម លោក ហួរ ឡាវី ថែមទាំងបាននិយាយថា ក្រៅពីចេញបទចម្រៀងថ្មីដែលមានចំណងជើងថា « ឱសង្សារបងអើយ » ដែលលោកច្រៀងជាមួយលោក ជី ដេវីត កាលពីពេលថ្មីៗនេះ លោកនៅពុំទាន់មានស្នាដៃថ្មី ដើម្បីបង្ហាញមហាជននៅឡើយទេ ដោយសារតែលោកពុំមានស្ទូឌីយូផ្ទាល់ខ្លួន ក្នុងការផលិតបទចម្រៀ ង ។ លោកសង្ឃឹមថា ថ្ងៃណាមួយលោកអាចនឹងផលិតបទចម្រៀងជាថ្មីម្តងទៀត ដើម្បីទុកជាស្នាដៃមុនលោកចូលនិវត្តន៍ ។
គួរបញ្ជាក់ផងដែរថា លោក ហួរ ឡាវី ជាតារាចម្រៀងជើងចាស់ដ៏មានទេពកោសល្យ ជាក់ស្តែងនៅក្នុងឆ្នាំ ១៩៩៣ លោកបាននិពន្ធ និងធ្វើបទចម្រៀងជាច្រើនដែលផ្ទុះការចាប់អារម្មណ៍ពីមហាជនទាំងក្នុងនិងក្រៅប្រទេស ដូចជាបទចម្រៀងដែលធ្វើឱ្យលោកល្បីល្បាញខ្លាំងមកដល់សព្វថ្ងៃនេះរួមមានបទ « ឱ្យបងសុំស្រឡាញ់ផង » « អាណែតមាសបង » និង បទ « សែនអាល័យ » ជាដើម …៕