តំណាងអយ្យការអមសាលាដំបូងរាជធានីភ្នំពេញ បានសម្រេចចោទប្រកាន់ឈ្មោះ ស្រី ស៊ីណា ចំនួន ៣បទល្មើស គឺពីបទឃាតកម្ម ប៉ុនប៉ងឃាតកម្ម និងបទប្រើប្រាស់អាវុធដោយគ្មានការអនុញ្ញាត ពាក់ព័ន្ធករណីបាញ់សម្លាប់មនុស្ស ២នាក់ និងរបួស ២នាក់ នៅបុរីប៉េងហួត បឹងស្នោរ កាលពីថ្ងៃទី១៧ ខែមិថុនា ឆ្នាំ២០២៤។
ក្នុងសេចក្តីប្រកាសព័ត៌មាន នៅថ្ងៃទី២២ ខែមិថុនា ឆ្នាំ២០២៤នេះ តំណាងអយ្យការសម្រេចចោទប្រកាន់អតីតឧកញ៉ា ស្រី ស៊ីណា ពីបទល្មើសព្រហ្មទណ្ឌ ដូចជា៖ ១. បទឃាតកម្ម៖ អំពើសម្លាប់មនុស្សដោយចេតនា (មិនគិតទុកជាមុន) ទោសដាក់ពន្ធនាគារពី ១០ឆ្នាំ ទៅ ១៥ឆ្នាំ។ ២. បទប៉ុនប៉ងឃាតកម្ម (អំពើប៉ុនប៉ុងសម្លាប់មនុស្ស តែមិនបានសម្រេច) ទោសដូចគ្នានឹងបទឃាតកម្ម។ ៣. បទប្រើប្រាស់អាវុធដោយគ្មានការអនុញ្ញាត ទោសដាក់ពន្ធនាគារពី ៦ខែ ទៅ ២ឆ្នាំ។
ចំពោះបុគ្គល ២នាក់ទៀត ត្រូវបានសម្រេចដោះលែងឱ្យមានសេរីភាពវិញ ដោយហេតុថាបុគ្គលទាំងពីរនាក់នេះ មិនមានជាប់ពាក់ព័ន្ធទៅនឹងការប្រព្រឹត្តបទល្មើសទេ៕