សម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន ប្រធានកាកបាទក្រហមកម្ពុជា ថ្លែងអំណរគុណចំពោះការបរិច្ចាគដ៏សប្បុរសដោយស្ម័គ្រចិត្តគ្រប់ពេលវេលាពី លោកអ្នកឧកញ៉ា អ្នកឧកញ៉ា ឧកញ៉ាទាំងអស់ ចំពោះកាកបាទក្រហមកម្ពុជា និងបានផ្តល់កិត្តិយសអញ្ជើញមកប្រគល់ថវិកាដោយផ្ទាល់នាពេលនេះ។ ប្រសាសន៍របស់សម្តេចកិត្តិព្រឹទ្ធបណ្ឌិត ក្នុងឱកាសជួបសំណេះសំណាលជាមួយថ្នាក់ដឹកនាំ និងសមាជិកនៃសមាគមឧកញ៉ាកម្ពុជា ដឹកនាំដោយលោកអ្នកឧកញ៉ា លី យ៉ុងផាត់ ជាប្រធានសមាគម ដែលនាំយកថវិកាសរុបចំនួន ១.៥៥៥.៥៥៥ ដុល្លារអាម៉េរិក មកជូនកាកបាទក្រហមកម្ពុជា នៅថ្ងៃទី២១ ខែមិថុនា ឆ្នាំ២០២៤ នៅទីស្នាក់ការកណ្តាលកាកបាទក្រហមកម្ពុជា។
ជាមួយគ្នានេះ សម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន បានវាយតម្លៃខ្ពស់ចំពោះការផ្តួចផ្តើមគំនិតបង្កើតសមាគមឧកញ៉ាកម្ពុជានេះឡើង ដោយមានលក្ខន្តិកៈ មានបទបញ្ជាផ្ទៃក្នុង និងមានឯកសណ្ឋានប្រកបដោយកិត្តិយស បានចុះបញ្ជីត្រឹមត្រូវនៅក្រសួងមហាផ្ទៃ បានសម្ពោធ និងមានព្រះរាជក្រឹត្យ ទទួលស្គាល់ជាផ្លូវការថា សមាគមឧកញ៉ាកម្ពុជា គឺជាដៃគូដ៏សកម្មរបស់រាជរដ្ឋាភិបាល ក្នុងការជំរុញ លើកកម្ពស់ការធ្វើពាណិជ្ជកម្ម និងការវិនិយោគនៅកម្ពុជា ព្រមទាំងសកម្មភាពផ្សេងៗទៀតដើម្បីប្រយោជន៍ដល់សង្គមជាតិ។ ជាក់ស្តែង ខ្សែវីដេអូខ្លី ស្តីពីសកម្មភាពដ៏រស់រវើករបស់សមាគម គឺជាសក្ខីភាពនៃការខិតខំប្រឹងប្រែងរបស់សមាគម ក្នុងការជំរុញកំណើនសេដ្ឋកិច្ច កំណើនការងារ ពាណិជ្ជកម្ម និងការវិនិយោគ។ ជាមួយគ្នានេះ ឧកញ៉ា តែងតែបានដើរតួនាទីយ៉ាងសំខាន់ក្នុងវប្បធម៌ចែករំលែកដើម្បីសេចក្តីសុខរបស់ប្រជាជន តាមរយៈ ព្រះករុណា ព្រះមហាក្សត្រ ជាអម្ចាស់ជីវិតលើត្បូង, រាជរដ្ឋាភិបាល និងកាកបាទក្រហមកម្ពុជា ក្នុងនោះបានចូលរួមកសាងនូវសមិទ្ធផលជាច្រើនបម្រើឱ្យសង្គមជាតិ, ចូលរួមជួយក្នុងពេលមានគ្រោះមហន្តរាយទឹកជំនន់ រាំងស្ងួត, យុទ្ធនាការទប់ស្កាត់ការរីករាលដាលជំងឺកូវីដ-១៩ និងក្នុងឧបទ្ទវហេតុផ្សេងៗ។
ទន្ទឹមនឹងនេះ សម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន បានជម្រាបជូនអង្គពិធីទាំងមូលពីប្រវត្តិ និងវឌ្ឍនភាពរបស់កាកបាទក្រហមកម្ពុជា ចាប់តាំងពីថ្ងៃបង្កើតឡើងថ្ងៃទី១៨ ខែកុម្ភៈ ឆ្នាំ១៩៥៥ ដោយឆ្លងកាត់ប្រវត្តិនៃការបាត់បង់វត្តមានក្នុងរបបប៉ុលពត, ក្នុងដំណាក់កាលបង្រួបបង្រួមពីឆ្នាំ១៩៩២ ដល់ឆ្នាំ១៩៩៤ និងចាប់ផ្តើមឱ្យមានការប្រារព្ធមហាសន្និបាតអាណត្តិទី១ ថ្ងៃទី១០ ខែមេសា ឆ្នាំ១៩៩៤ រហូតមកដល់អាណត្តិទី៧ កាលពីថ្ងៃទី១៥ ខែធ្នូ ឆ្នាំ២០២៣កន្លងទៅថ្មីៗនេះ។
កាកបាទក្រហមកម្ពុជា ក្រោមការដឹកនាំរបស់សម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន ជាប្រធាន បច្ចុប្បន្នមានសាខា២៥ រាជធានី/ខេត្ត, មានអនុសាខានៅតាមក្រុង/ស្រុកចំនួន២០៨, មានកម្លាំងអ្នកស្ម័គ្រចិត្តជាង ២ម៉ឺននាក់ តាមសហគមន៍ និងមានយុវជនកាកបាទក្រហមកម្ពុជាជាង ៣ម៉ឺននាក់ តាមគ្រឹះស្ថានសិក្សា៕