គ្រាន់តែរឹងដៃរឹងជើងភ្លាម តារាចម្រៀង ឱក សុគន្ធកញ្ញា បានចេញបំពេញការងារភ្លាម ដោយនាងបានចាប់ផ្តើមទទួលការងារទាំងអស់ ជាពិសេសការងារថតផ្សាយពាណិជ្ជកម្មឱ្យបណ្តាក្រុមហ៊ុនជាច្រើន ។
តម្លៃខ្លួនរបស់តារាចម្រៀង ឱក សុគន្ធកញ្ញា ក្នុងការផ្សព្វផ្សាយ និង ធ្វើជា BA ឱ្យក្រុមហ៊ុននានា គឺតម្លៃរាប់សែនដុល្លារ បើប្រៀបធៀបនិងតារាមួយចំនួន តារាចម្រៀង ឱក សុគន្ធកញ្ញា នៅតែឈរលំដាប់ទី ១ បើទោះបីជានាងមានស្វាមីនិងកូនរហូតដល់ទៅ ២ នាក់រួចក្តី ។
តារាចម្រៀង ឱក សុគន្ធកញ្ញា បានបង្ហាញនូវអារម្មណ៍រំភើបថា ពេលនេះនាងចាប់ផ្តើមទទួលការងារឡើងវិញហើយ បន្ទាប់ពីផ្អាកការងារអស់ពេលយ៉ាងយូរក្នុងអំឡុងពេលមានផ្ទៃពោះក៏ដូចជាពេលសម្រាលកកូនរួច ។
ទោះបីជាមិនបានបង្ហើបប្រាប់ពីតម្លៃខ្លួនក្នុងការធ្វើជា BA ផ្សព្វផ្សាយផលិតផលនានា ប៉ុន្តែអ្នកស្និទ្ធជាមួយនាងបានបង្ហើបប្រាប់ថា បើមិនបានតម្លៃខ្លួនខ្ពស់ទេ ឱក សុគន្ធកញ្ញា ក៏មិនទទួលការងារនោះដែរ ។
តារាចម្រៀង ឱក សុគន្ធកញ្ញា នៅតែមានមហិច្ឆិតា ចង់បានកូនទី ៣ បន្ថែមទៀត ពីព្រោះនាងមានបំណងចង់បានកូនស្រី កន្លងមកនាងក៏ធ្លាប់បានបង្ហើបប្រាប់អ្នកគាំទ្ររបស់ខ្លួនថា នាងនឹងយកកូនទី ៣ បន្ទាប់ពីនាងរឹងដៃរឹងជើង នាងនឹងតាមយកកូនស្រីឱ្យបាន ។
បន្ទាប់ពីសម្រាលកូនរួចតារាចម្រៀង ឱក សុគន្ធកញ្ញា កាន់តែទទួលបានការស្រឡាញ់ថ្នាក់ថ្នមពីស្វាមី កើនឡើងទ្វេរដង ហើយស្វាមីរបស់នាងក៏មិនទាន់ចង់នាង ទទួលការងារច្រើនដែរ ខ្លាចប៉ះពាល់សុខភាព ៕