មួយរយៈពេលចុងក្រោយនេះ ហេតុការណ៍បាញ់សម្លាប់គ្នាហាក់កក្រើកឡើងខ្លាំង ដែលបង្កឱ្យមានការព្រួយបារម្ភអំពីអសន្តិសុខ និងភាពគ្មានសណ្តាប់ធ្នាប់ក្នុងសង្គម ពិសេសនោះ គឺការប្រើប្រាស់អាវុធគ្រឿងផ្ទុះដោយខុសច្បាប់ដើម្បីប្រព្រឹត្តអំពើឃាតកម្ម។
ជាក់ស្តែងថ្មីៗនេះ មានករណីបាញ់ប្រហារដ៏រន្ធត់មួយបណ្តាឲ្យគូដណ្តឹងមួយគូបានស្លាប់ ខណៈដែលខ្មាន់កាំភ្លើងមានងារជាឧកញ៉ា ហើយត្រូវបានមហាជនថ្កោលទោសអំពើយ៉ាងព្រៃផ្សៃនេះ។ ភ្ជាប់នឹងករណីនេះ មហានជនជាច្រើនមានចម្ងល់ថា តើមន្ត្រី ឬជនស៊ីវិលណាខ្លះ អាចប្រើប្រាស់អាវុធបាន?
យោងតាមក្រុមការងាររៀបចំ និងផ្សព្វផ្សាយអត្ថបទច្បាប់ នៃក្រុមមេធាវីកម្ពុជាសហប្រតិបត្តិការអន្តរជាតិ បានឲ្យដឹងថា ជាទូទៅបុគ្គលដែលមានសិទ្ធិក្នុងការប្រើប្រាស់អាវុធជាតិផ្ទុះ មានដូចជា កងយោធពលខេមរៈភូមិន្ទ កងរាជអាវុធហត្ថ កងកម្លាំងនគរបាលជាតិ កងជីវពល កងសន្តិសុខនៃធនាគារជាតិ រួមទាំងមន្រ្តីរាជការស៊ីវិលមួយចំនួនទៀតដែលច្បាប់បានអនុញ្ញាត។ បុគ្គលទាំងអស់នេះអាចប្រើប្រាស់អាវុធជាតិផ្ទុះបាន ដោយចាំបាច់ត្រូវមានលិខិតអនុញ្ញាត ឬលិខិតបញ្ជាបេសកកម្មរបស់ខ្លួន ដែលចេញដោយក្រសួងមហាផ្ទៃ ឬក្រសួងការពារជាតិ ឬក្រសួងស្ថាប័នមានសមត្ថកិច្ច ដែលខ្លួនស្ថិតនៅក្រោមចំណុះ។ ប្រសិនបើការគ្រប់គ្រង ឬប្រើប្រាស់អាវុធដោយមិនគោរពតាមលក្ខខណ្ឌខាងលើនេះទេនោះមានន័យថា ការប្រើប្រាស់នោះមិនត្រឹមត្រូវស្របតាមច្បាប់ឡើយ ហើយត្រូវទទួលទោសតាមច្បាប់។
មាត្រា៥ នៃច្បាប់ស្តីពី ការគ្រប់គ្រងអាវុធគ្រឿងផ្ទុះ និងគ្រាប់រំសេវ បានចែងថា ជនស៊ីវិលអាចប្រើប្រាស់កាំភ្លើង គ្រាប់បាញ់ និងគ្រឿងផ្ទុះបាន លុះត្រាតែកាំភ្លើង គ្រាប់បាញ់កំណត់សញ្ញា, កាំភ្លើង គ្រាប់បាញ់សម្រាប់សកម្មភាពកីឡា, កាំភ្លើងដែលបាញ់មិនបញ្ចូនក្បាលគ្រាប់ ឬគ្រាប់ប្រាយ, កាំភ្លើងបាញ់បញ្ជូនកាំជ្រួចលម្អ ឬកាំភ្លើងផ្ទុះស្នូរគ្មានក្បាលគ្រាប់សម្រាប់សម្តែងសិល្បៈ, គ្រឿងផ្ទុះសម្រាប់បម្រើសេវាកម្មសាធារណៈ និងវិស្វកម្មស៊ីវិល ឬសម្រាប់ផ្ទុះលម្អ។
ក្នុងមាត្រា ២០បានបញ្ញត្តិថា ជនណាដែលបំពាក់ដាក់តាមខ្លួន កាន់កាប់ ប្រើប្រាស់ លក់ ទិញ ឲ្យខ្ចី ផ្ទេរ ចែកចាយ ជួល កែឆ្នៃ តម្លើង ជួសជុលនូវអាវុធ គ្រឿងផ្ទុះ និងគ្រាប់រំសេវគ្រប់ប្រភេទ ដោយគ្មានការអនុញ្ញាត ត្រូវផ្តន្ទាទោសដាក់ពន្ធនាគារ ពី ៦ខែ ទៅ ២ឆ្នាំ និងពិន័យជាប្រាក់ពី ៥០ម៉ឺនរៀល ដល់ ២លានរៀល ដោយពុំទាន់គិតពីបទល្មើសព្រហ្មទណ្ឌផ្សេងទៀត។ ចំណែកឯក្រមព្រហ្មទណ្ឌនៃព្រះរាជាណាចក្រកម្ពុជា ឆ្នាំ២០០៩ ក្នុងមាត្រា ៤៩០បានចែងថា គ្រប់បុគ្គលដែលនៅក្រៅលំនៅដ្ឋានរបស់ខ្លួន យកតាមខ្លួន ឬដឹកជញ្ជូននូវអាវុធ គ្រឿងផ្ទុះ ឬគ្រាប់រំសេវគ្រប់ប្រភេទ ដោយគ្មានការអនុញ្ញាតពីអាជ្ញាធរមានសមត្ថកិច្ច ត្រូវផ្តន្ទាទោសដាក់ពន្ធនាគារពី ៦ ខែ ទៅ ៣ ឆ្នាំ និងពិន័យជាប្រាក់ពី ១លានរៀល ទៅ ៦លានរៀល៕
អត្ថបទ៖ អក្ខរា