សម្តេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីកម្ពុជា និងគណៈប្រតិភូជាន់ខ្ពស់ បានធ្វើដំណើរទៅដល់អាកាសយានដ្ឋានChangi សាធារណរដ្ឋសិង្ហបុរី ប្រកបដោយសុវត្ថិភាព កាលពីវេលាម៉ោងជាង១២ថ្ងៃត្រង់ ម៉ោងនៅកម្ពុជា ថ្ងៃទី១៨ ខែមិថុនា ឆ្នាំ២០២៤ ។
ដំណើរអញ្ជើញដល់អាកាសយានដ្ឋានChangi សម្តេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីកម្ពុជា និងគណៈប្រតិភូជាន់ខ្ពស់ ត្រូវទទួលស្វាគមន៍ដោយ ឯកឧត្តមបណ្ឌិត Tan See Leng រដ្ឋមន្ត្រីក្រសួងពលកម្ម នៃសាធារណរដ្ឋសិង្ហបុរី ។
គួរបញ្ជាក់ថា សម្តេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីកម្ពុជា ព្រមទាំងគណៈប្រតិភូជាន់ខ្ពស់ បានធ្វើដំណើរតាមយន្តហោះពិសេសចេញពីទីក្រុងភ្នំពេញ នៅវេលាម៉ោងជាង១០ព្រឹក ថ្ងៃទី១៨ មិថុនា ឆ្ពោះទៅកាន់ប្រទេសសិង្ហបុរី ដើម្បីបំពេញទស្សនផ្លូវការរយៈពីរថ្ងៃនៅទីនោះ។
អញ្ជើញអមដំណើរ សម្តេចធិបតី ទៅកាន់ប្រទេសសង្ហបុរី រួមមាន ឯកឧត្តម សុខ ចិន្តាសោភា ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងការបរទេសនិងសហប្រតិបត្តិការអន្តរជាតិ ព្រមទាំងរដ្ឋមន្ត្រី មន្ត្រីសំខាន់ៗនៃរាជរដ្ឋាភិបាល និងតំណាងពីសភាពាណិជ្ជកម្មកម្ពុជា។
ទស្សនកិច្ចផ្លូវការនៅប្រទេសសិង្ហបុរី នឹងធ្វើឡើងរយៈពេលពីរថ្ងៃ គឺនៅថ្ងៃទី១៨-១៩ ខែមិថុនា ឆ្នាំ២០២៤ ។ តាមការគ្រោងសម្តេចធិបតី នាយករដ្ឋមន្ត្រី និងគណៈប្រតិភូ នឹងធ្វើមាតុភូមិនិវត្តន៍ មកដល់ភ្នំពេញនៅរសៀល ថ្ងៃទី១៩ មិថុនា៕
អត្ថបទ៖ ពុទ្ធិកា