នៅវេលាម៉ោងជាង១០ព្រឹក ថ្ងៃទី១៨ ខែមិថុនា ឆ្នាំ២០២៤ សម្តេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីកម្ពុជា ព្រមទាំងគណៈប្រតិភូជាន់ខ្ពស់ បានធ្វើដំណើរតាមយន្តហោះពិសេសចេញពីអាកាសយានដ្ឋានអន្តរជាតិភ្នំពេញ ឆ្ពោះទៅកាន់ប្រទេសសិង្ហបុរី ដើម្បីបំពេញទស្សនផ្លូវការរយៈពីរថ្ងៃ គឺនៅថ្ងៃទី១៨ -១៩ ខែមិថុនា ។
អញ្ជើញអមដំណើរ សម្តេចធិបតី ទៅកាន់ប្រទេសសង្ហបុរី រួមមាន ឯកឧត្តម សុខ ចិន្តាសោភា ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងការបរទេសនិងសហប្រតិបត្តិការអន្តរជាតិ ព្រមទាំងរដ្ឋមន្ត្រី មន្ត្រីសំខាន់ៗនៃរាជរដ្ឋាភិបាល និងតំណាងពីសភាពាណិជ្ជកម្មកម្ពុជា។
បើតាមឯកឧត្តម មាស សុភ័ណ្ឌ អ្នកនាំពាក្យនាយករដ្ឋមន្ត្រី បានបញ្ជាក់ថា ដំណើរទស្សនកិច្ចផ្លូវការ សម្តេចធិបតី នាយករដ្ឋមន្ត្រី នឹងមានជំនួបទ្វេភាគីជាមួយ ឯកឧត្តម ឡរ៉េន វ៉ុង នាយករដ្ឋមន្ត្រីសិង្ហបុរី ។ ក្នុងឱកាសនោះថ្នាក់ដឹកនាំទាំងពីរនឹងផ្លាស់ប្តូរទស្សនៈគ្នាអំពីមធ្យោបាយនានាក្នុង ការធ្វើឱ្យកាន់តែស៊ីជម្រៅនូវទំនាក់ទំនងទ្វេភាគី និងពង្រីកកិច្ចសហប្រតិបត្តិការលើវិស័យជាច្រើន ខណៈ ដែលប្រទេសទាំងពីរនឹងប្រារព្ធខួបអនុស្សាវរីយ៍លើកទី៦០ នៃការបង្កើតទំនាក់ទំនងការទូតនៅឆ្នាំក្រោយ ។
នាយករដ្ឋមន្ត្រីទាំងពីរ ក៏រំពឹងថានឹងពិភាក្សាលើបញ្ហាតំបន់ និងអន្តរជាតិ ដែលជាផលប្រយោជន៍ និងក្តីបារម្ភរួម។ ក្រោយពីជំនួបពិភាក្សានោះ នឹងមានការចុះហត្ថលេខាលើឯកសារកិច្ចសហប្រតិបត្តិការមួយចំនួន ហើយ គម្រោងច្រករបៀងតម្លាភាពហិរញ្ញវត្ថុនឹងត្រូវដាក់ឱ្យដំណើរការជាផ្លូវការ ផងដែរ។
ឯកឧត្តម មាស សុភ័ណ្ឌ បានបន្តថា ក្នុងឱកាសនៃទស្សនកិច្ចនេះ សម្តេចធិបតី នឹងជួបសម្តែងការគួរសមដោយឡែកពីគ្នាជាមួយ ឯកឧត្តម ថាមេន ស្ហ្សាមូហ្គារ៉ាត់ណាម ប្រធានាធិបតីនៃសាធារណរដ្ឋសិង្ហបុរី និង ឯកឧត្តម លី សៀនឡុង ទេសរដ្ឋមន្ត្រី នៃសាធារណរដ្ឋសិង្ហបុរី។
សម្តេចធិបតី នឹងចូលរួមក្នុងវេទិកាធុរកិច្ចកម្ពុជា-សិង្ហបុរី ដែលមានការចូលរួមពីតំណាងរដ្ឋាភិបាល និងភាគីពាក់ព័ន្ធនានា ហើយក៏នឹងអញ្ជើញទស្សនាវិទ្យាស្ថានពហុបច្ចេកទេសណានយ៉ាង និង មជ្ឈមណ្ឌលនវានុវត្តន៍សម្រាប់ឧបករណ៍អេឡិចត្រូនិក និងអ៊ុនធឺណិត ព្រមទាំងអញ្ជើញទស្សនាអាគារហេដ្ឋារចនាសម្ព័ន្ធរបស់ក្រុមហ៊ុន Keppel ។
គួរបញ្ជាក់ថា ទស្សនកិច្ចផ្លូវការនៅប្រទេសសិង្ហបុរី នឹងធ្វើឡើងរយៈពេលពីរថ្ងៃ គឺនៅថ្ងៃទី១៨-១៩ ខែមិថុនា ឆ្នាំ២០២៤ ។ តាមការគ្រោងសម្តេចធិបតី នាយករដ្ឋមន្ត្រី និងគណៈប្រតិភូ នឹងធ្វើមាតុភូមិនិវត្តន៍ មកដល់ភ្នំពេញនៅរសៀល ថ្ងៃទី១៩ មិថុនា៕
អត្ថបទ៖ ពុទ្ធិកា