ចំពោះមុខឯកអគ្គរាជទូតម៉ាឡេស៊ី សម្ដេចតេជោ ហ៊ុន សែន ប្រធានព្រឹទ្ធសភានៃកម្ពុជា បានរំលឹកពីការផ្ទេរតំណែងពីជំនាន់ចាស់ទៅជំនាន់ថ្មី ហើយក្នុងរយៈពេល ៩ខែកន្លងមកនេះ សុខសន្តិភាពត្រូវបានធានា, ស្ថិរភាពនយោបាយ និងសេដ្ឋកិច្ច ស្ថិតស្ថេរ និងកំណើនសេដ្ឋកិច្ច នៅតែបន្តកើនឡើង។
ក្នុងជំនួបថ្ងៃទី១៧ ខែមិថុនា ឆ្នាំ២០២៤ សម្ដេចតេជោ ហ៊ុន សែន បានគូសបញ្ជាក់ថា ឆ្នាំនេះកម្ពុជាសង្ឃឹមថាកំណើនសេដ្ឋកិច្ចអាចនឹងឈានដល់៦% ដោយវិស័យឧស្សាហកម្ម និងទេសចរណ៍ជាដើម។ សម្ដេចតេជោបានស្នើឱ្យ ឯកឧត្តមឯកអគ្គរាជទូតបន្តការខិតខំ ពង្រឹងបន្ថែមទៀត ជាពិសេសការសម្រេចឱ្យបាននូវឧស្សាហកម្មម្ហូបហាឡាល់ ដើម្បីផ្គត់ផ្គង់ទៅតំបន់ផ្សេងទៀត។
សម្ដេចតេជោបានផ្ដល់អនុសាសន៍ថា កម្ពុជាបានផ្ដល់អាទិភាពលើការបណ្ដុះបណ្ដាលធនធានមនុស្ស និងបានជំរុញឱ្យភាគីម៉ាឡេស៊ី យកចិត្តទុកដាក់លើការបណ្ដុះបណ្ដាលធនធានមនុស្ស ដើម្បីបម្រើសេចក្តីត្រូវការរបស់វិនិយោគិនម៉ាឡេស៊ី និងកម្ពុជាផង និងតម្រូវទីផ្សារការងារ នៅប្រទេសម៉ាឡេស៊ីដែលខ្វះពលកម្មនោះផង។
សម្ដេចតេជោ និងឯកអគ្គរាជទូតម៉ាឡេស៊ី ក៏បានឯកភាពគ្នាទៅលើសភាពការណ៍នៅមីយ៉ាន់ម៉ា ដែលនៅតែជាបញ្ហាធំ និងស្មុគស្មាញ សម្រាប់ប្រទេសអាស៊ាន និងជាបន្ទុកដ៏ធំផងដែរសម្រាប់ម៉ាឡេស៊ីដែលធ្វើជាប្រធានអាស៊ាននៅឆ្នាំខាងមុខនេះ។ អំពីបញ្ហានៅមជ្ឈឹមបូព៌ា សម្ដេចតេជោ និងឯកឧត្តមឯកអគ្គរាជទូតម៉ាឡេស៊ី មើលឃើញថា សភាពការណ៍នៅតែតានតឹងនៅឡើយ។ ឯកឧត្តមបានបញ្ជាក់ថា រដ្ឋាភិបាលម៉ាឡេស៊ីនៅតែមានគោលជំហរដដែល គឺបញ្ហានៅមជ្ឈឹមបូព៌ា គឺត្រូវការឱ្យមានបទឈប់បាញ់ ដើម្បីកាត់បន្ថយការបាត់បង់ជីវិតមនុស្ស៕