សម្ដេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ដ្រីកម្ពុជា បានលើកឡើងថា កម្ពុជាមិនទាន់មានការចាំបាច់ក្នុង ការកំណត់អាយុកាលរថយន្តសម្រាប់ការនាំចូលនោះទេ ប៉ុន្ដែត្រូវពង្រឹងប្រព័ន្ធពិនិត្យបច្ចេករថយន្តឱ្យបានល្អវិញ។ ការលើកឡើងនេះ បានធ្វើឡើងនៅក្នុងពិធីបើកការដ្ឋានសាងសង់ស្ពានអាកាសភ្លោះ ចំនុចប្រសព្វមហាវិថីសម្តេចតេជោ ហ៊ុន សែន និងផ្លូវជាតិលេខ២ នៅថ្ងៃទី១៧ ខែមិថុនា ឆ្នាំ២០២៤។
សម្ដេចធិបតី ហ៊ុន ម៉ាណែត បានមានប្រសាសន៍ថា «ថ្ងៃមុន ក៏មានការគិតអំពីការកំណត់ឆ្នាំនាំចូលរថយន្ដ ខ្ញុំថា កុំអី ត្រូវពង្រឹងប្រព័ន្ធឆៀក ប្រព័ន្ធឆែកបច្ចេកទេសឱ្យបានរឹងមាំវិញ។ កាលមុនមានកិច្ចប្រជុំ ឯកឧត្តម អូន ព័ន្ធមុនីរ័ត្ន សូមយោបល់ខ្ញុំ ដោយសារគិតគូរអំពីបរិស្ថាន ចឹងក៏បានគិតគូរអំពីស្នើសុំថា ឥឡូវ គួរតែហាមឆ្នាំ២០២៤នេះ ហាមមិនឱ្យនាំរថយន្ដលើសអាយុ១០ឆ្នាំ ដល់ឆ្នាំ២០៣០ ហាមមិនឱ្យនាំចូលរថយន្ដដែលអាយុ៥ឆ្នាំ ដើម្បីយើងធានារថយន្ដឱ្យល្អ កុំឱ្យប៉ះពាល់បរិស្ថាន ខ្ញុំថា ដកចោលទៅ»។
សម្ដេចធិបតី បន្ដថា នៅក្នុងទីក្រុងភ្នំពេញ មិនទាន់មានការហាមប្រជាពលរដ្ឋមិនឲ្យទិញរថយន្ត ឬកំណត់ចំនួនយានយន្តនោះទេ ខណៈដែលប្រទេសមួយចំនួន បានអនុវត្តលើការកំណត់ចំនួនយានយន្ត ដើម្បីបង្ការការកកស្ទះចរាចរណ៍។ ហើយនៅតាមប្រទេសមួយចំនួន គេបានហាមនាំចូលរថយន្ដចាស់ ដើម្បីលើកស្ទួយ វិស័យកម្រិត ឧស្សាហកម្មរថយន្ដ នៅក្នុងប្រទេស ។ ដោយឡែក ក្រុមហ៊ុនដំឡើងរថយន្ដនៅកម្ពុជា ក៏លើកទឹកចិត្ត ប៉ុន្ដែពួកគាត់មានសិទ្ធិ ប្រកួតប្រជែង ជាមួយអ្នកនាំចូលរថយន្ដមួយទឹក។
ទន្ទឹមគ្នានេះ សម្តេចធិនាយករដ្ឋមន្ត្រី បន្តថា សម្រាប់ការដោះស្រាយចំពោះមុខ គឺអាជ្ញាធររាជធានីភ្នំពេញ បន្តយកចិត្តទុកដាក់រំដោះចញ្ចើមផ្លូវក្នុងទីក្រុងឱ្យខាងតែបាន ដើម្បីសម្រួលចរាចរណ៍ និងកាត់បន្ថយការកកស្ទះចរាចរណ៍។ បន្ថែមលើនេះ ចំពោះការកកស្ទះចរាចរណ៍នៅម៉ោងត្រូវទៅ និង ចេញពីបម្រើការងារ ត្រូវដាក់កម្លាំងនគរបាលសម្រួលចរាចរណ៍ ជូនប្រជាពលរដ្ឋរហូតដល់ស្ថានភាពចរាចរណ៍ត្រឡប់មកសភាពធម្មតាវិញទើបដកកម្លាំងចេញ ដើម្បីកាត់បន្ថយផលប៉ះពាល់ដល់ការធ្វើដំណើររបស់ប្រជាពលរដ្ឋ ៕
អត្ថបទ៖ ពុទ្ធិកា