សម្តេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃកម្ពុជា បានអញ្ជើញបើកការដ្ឋានសាងសង់ស្ពានអាកាសភ្លោះតាមបណ្តោយមហាវិថីសម្តេចតេជោ ហ៊ុន សែន ប្រសព្វនឹងផ្លូវជាតិលេខ២ នៅថ្ងៃទី១៧ ខែមិថុនា ឆ្នាំ២០២៤នេះ។
ក្នុងពិធីបើកការដ្ឋាននៅព្រឹកនេះ ឯកឧត្តម ឃួង ស្រេង អភិបាលរាជធានីភ្នំពេញ បានគោរពស្នើសុំរាជរដ្ឋាភិបាល ប្រសិទ្ធនាម ស្ពានអាកាសទី១ ដែលត្រូវបើកការដ្ឋានស្ថាបនាក្នុងអាណត្តិទី៧នេះ ថាជា “ស្ពានអាកាសសម្តេចធិបតី ហ៊ុន ម៉ាណែត” ។
គួរបញ្ជាក់ថា ស្ពានអាកាសភ្លោះចំនុចប្រសព្ធរវាងមហាវិថីសម្តេចតេជោ ហ៊ុន សែន និងផ្លូវជាតិលេខ២មានទីតាំងស្ថិតនៅព្រំប្រទល់រវាង រាជធានីភ្នំពេញ និងខេត្តកណ្តាល ហើយការសាងសងគ្រោងចំណាយថវិកាជាង១៦លានដុល្លារអាមេរិក និងប្រើប្រាស់រយៈពេល ១២ខែ ។
ស្ពានអាកាសភ្លោះនេះ ជាប្រភេទស្ពានបេតុងអាមេ ដែលមានបណ្ដោយស្ពានសរុបជាង ៦០០ម៉ែត្រ ,ទទឹងស្ពានសរុប ៩,៥ម៉ែត្រ និងទម្ងន់ផ្ទុកអនុញ្ញាតចំនួន ២៥តោន ៕
អត្ថបទ៖ ពុទ្ធិកា