សម្តេចធិបតី ហ៊ុន ម៉ាណែត និងលោកជំទាវបណ្ឌិត ផ្ញើសារអបអរសាទរនិងជូនពរសាសនិកខ្មែរឥស្លាម ក្នុងឳកាសពិធីបុណ្យរ៉ាយ៉ាហាជី

សម្តេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃកម្ពុជា និងលោកជំទាវបណ្ឌិត បានផ្ញើសារអបអរសាទរ និងជូនពរដល់ពលរដ្ឋសាសនិកឥស្លាមកម្ពុជា ទាំងក្នុង ក្រៅប្រទេស និងទូទាំងសកលលោក ក្នុងឳកាសរីករាយស្វាគមន៍ថ្ងៃបុណ្យរ៉ាយ៉ាហាជី ដែលចាប់ផ្តើមនៅថ្ងៃទី១៧ ខែមិថុនា ឆ្នាំ២០២៤ ។

សម្តេចធិបតី ហ៊ុន ម៉ាណែត និងលោកជំទាវបណ្ឌិត បានអបអរសាទរចំពោះបងប្អូនម៉ូស្លីមកម្ពុជា ចំនួន ៩១០រូប ដែលបានទៅចូលរួមប្រារព្ធពិធីបុណ្យហាជី ដែលជាកាតព្វកិច្ចសាសនា នៅប្រទេសអារ៉ាប៊ីសាអូឌីត ក្នុងចំណោមបងប្អូនមកពីគ្រប់ជាតិសាសន៍ប្រមាណជាង ២លាននាក់នៅជុំវិញសកលលោក ។

សម្តេចធិបតី ហ៊ុន ម៉ាណែត និងលោកជំទាវបណ្ឌិត ក៏បានផ្ញើនូវក្តីនឹករលឹក និងអរគុណយ៉ាងជ្រាលជ្រៅបំផុតចំពោះបងប្អូនម៉ូស្លីមកម្ពុជា ដែលបានចូលរួមថែរក្សាសុខសន្តិភាពជាមួយបងប្អូនប្រជាពលរដ្ឋកម្ពុជា ដែលបានប្រកាន់យកសាសនាផ្សេងៗប្រកបដោយសុខដុមនីយកម្ម រស់នៅដោយសុខដុមរមនា ក្រោមការដឹកនាំរបស់រាជរដ្ឋាភិបាលនៃព្រះរាជាណាចក្រកម្ពុជា ។

ជាមួយគ្នានេះ សម្តេចធិបតី ហ៊ុន ម៉ាណែត និងលោកជំទាវបណ្ឌិត ក៏សូមជូនពរបងប្អូនម៉ូស្លីមកម្ពុជាទាំងក្នុង និងក្រៅប្រទេស សូមទទួលបានជោគជ័យ ទឹកចិត្តជ្រះថ្លា ក្នុងការបំពេញកាតព្វកិច្ចសាសនានេះ ហើយក៏សូមបួងសួង សុំឱ្យបងប្អូនម៉ស្លីមទាំងអស់ ទទួលបាននូវសេចក្តីសុខ សេចក្ដីសប្បាយ មានភាពចម្រុងចម្រើន ប្រកបដោយសុភមង្គលគ្រប់ៗគ្នាកុំបីឃ្លៀងឃ្លាតឡើយ ។

គួរបញ្ជាក់ថា កាលបរិច្ឆេទថ្ងៃបុណ្យរ៉ាយ៉ាហាជី ក្នុងសាសនាឥស្លាមនៅកម្ពុជា សម្រាប់ឆ្នាំ២០២៤ ត្រូវចាប់ផ្តើមនៅថ្ងៃចន្ទ ទី១០ ខែហ្សុលហិជ្ជះ ឆ្នាំ១៤៤៥ មូហាំម៉ាត់សករាជ ត្រូវនឹងថ្ងៃទី១៧ ខែមិថុនា ៕

អត្ថបទ៖ ពុទ្ធិកា