ភរិយារបស់ពិធីករលោក ប៉ែន ចំរុង មានផ្ទៃពោះជា ៦ ខែ ហើយ ហើយលោកក៏ត្រៀមនឹងបង្ហាញនូវសមិទ្ធផលធំមួយទៀតក្នុងពេលឆាប់ៗខាងមុខនេះផងដែរ ដើម្បីត្រៀមទទួលស្វាគមន៍សមាជិកថ្មី មិនថាការងារតូចធំ លោកទទួលធ្វើទាំងអស់ ដើម្បីបានប្រាក់ចំណូលបន្ថែមចិញ្ចឹមគ្រួសារ ។
ចាប់តាំងពីរៀបការមានគ្រួសារមក លោក ប៉ែន ចំរុង តែងតែយកចិត្តទុកដាក់ខ្លាំងលើភរិយា និង កូនស្រីជាទីស្រឡាញ់របស់ខ្លួន ជាពិសេសតាំងពីភរិយារបស់លោកមានផ្ទៃពោះកូនទី ២ មកកាន់តែធ្វើឱ្យលោកមានកម្លាំងចិត្តខ្លាំងក្នុងការខំប្រឹងប្រែងធ្វើការងារ ដើម្បីរកប្រាក់ចិញ្ចឹមគ្រួសារ មិនថាការងារតូចធំ តាមខេត្តក្រុងជិតឆ្ងាយ លោកមិនដែលរុញរាឡើយ លោកតែងតែទទួលការងារទាំងនោះដោយមិនហ៊ានបោះបង់ចោលឡើយ ។
លោក ប៉ែន ចំរុង បានប្រាប់ថា សព្វថ្ងៃនេះលោកមិនប្រាថ្នាអ្វីច្រើនទេ សំខាន់ឱ្យតែគ្រួសារតូចរបស់លោករស់នៅមានក្តីសុខ គ្រួសារមានសុភមង្គល គឺលោកសប្បាយចិត្តណាស់ ដូច្នេះហើយទើបលោកខំប្រឹងប្រែងទាំងយប់ទាំងថ្ងៃដើម្បីពួកគាត់ ។
ក្រៅពីអាជីពពិធីករ លោក ប៉ែន ចំរុង ក៏ជាអ្នកដើរច្រៀងការ និងកាត់សក់ការផងដែរជាមួយតារាចម្រៀងល្បីៗមួយចំនួន ពីព្រោះលោកមានដុងទាំងចម្រៀង សម្តែង កំប្លែង និង កាត់សក់ការ ផងដែរ ។
លោក ប៉ែន ចំរុង មានបំណងប្រាថ្នាចង់បានកូន ៤ នាក់នៅក្នុងគ្រួសារ ពេលនេះភរិយារបស់លោកកំពុងមានផ្ទៃពោះរយៈពេលជាង ៦ ខែហើយ ។ បើតាមគម្រោងភរិយាលោកត្រៀមនឹងសម្រាលកូននៅក្នុងខែ សីហា ខាងមុខនេះ ។ ជាមួយគ្នានេះ លោក ប៉ែន ចំរុង ក៏មានគម្រោងបើកជាសមិទ្ធិផលធំមួយ ទៀតដើម្បីរកស៊ី និងត្រៀមអបអរសាទរសមាជិកថ្មីរបស់ខ្លួនផងដែរ ។
លោក ប៉ែន ចំរុង បានប្រាប់ថា ការងារនោះនឹងចាប់ផ្តើមនៅពេលដែលភរិយារបស់លោកសម្រាលកូនទី ២ នៅក្នុងខែ សីហា ខាងមុខ លោកសង្ឃឹមថា អាជីវកម្មនេះនឹងទទួលបានការគាំទ្រពីមហាជនច្រើន ដើម្បីជាកម្លាំងចិត្តដល់រូបលោក និងក្រុមគ្រួសារ ។
លោក ប៉ែន ចំរុង នៅពុំទាន់បង្ហើបប្រាប់ថាការងារនោះជាការងាររកស៊ីអ្វីនោះទេ ហើយត្រូវចំណាយដើមទុនច្រើនដល់កម្រិតណាដែរ គ្រាន់តែលោកបង្ហើបប្រាប់ថា អស់ដើមទុនច្រើនគួរសម ៕