លោកជំទាវបណ្ឌិត ពេជ ចន្ទមុន្នី ប្រធានគណៈកម្មាធិការ អាហារូបករណ៍ សិស្ស-និសិ្សតក្រីក្រ សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន និងសម្តេចកិត្តិព្រឹទ្ធបណ្ឌិត បានអញ្ជើញជាអធិតបតីក្នុងពិធីប្រគល់សញ្ញាបត្រ ជូននិស្សិតជ័យលាភីថ្នាក់ បរិញ្ញាបត្ររង បរិញ្ញាបត្រ និងបរិញ្ញាបត្រជាន់ខ្ពស់ចំនួនប្រមាណ ១០០៣ អង្គ-នាក់ នៃសាកលវិទ្យាល័យបញ្ញាសាស្រ្តកម្ពុជា ដែលប្រព្រឹត្តទៅ នៅវិទ្យាស្ថានបច្ចេកទេសកម្ពុជា នាថ្ងៃទី១៥ ខែមិថុនា ឆ្នាំ២០២៤ ។
លោកជំទាវបណ្ឌិត ពេជ ចន្ទមុន្នី បានគូសបញ្ជាក់ថា ក្រោយទទួលបានសញ្ញាបត្រ និស្សិតជ័យលាភីទាំងអស់ គប្បីយកចំណេះដឹងដែលទទួលបានទៅអនុវត្តការងារប្រកបដោយប្រសិទ្ធភាព ប្រសិទ្ធផល ដោយមនសិការ វិជ្ជាជីវៈ ការទទួលខុសត្រូវ គុណធម៌ និងសីលធម៌ ដើម្បីឆ្លើយតបទៅនឹងតម្រូវការជាក់ស្តែង ។
ទន្ទឹមគ្នានេះ លោកជំទាវបណ្ឌិត បានកត់សំគាល់ឃើញថា មាននិស្សិតជាស្រ្តីមកទទួលសញ្ញាបត្រចំនួនច្រើន ដែលនេះសបញ្ជាក់ឱ្យឃើញនូវវឌ្ឍនភាពរីកចម្រើននៃសង្គមកម្ពុជា ក្នុងការលើកកម្ពស់ស្រ្តីឱ្យទទួលបានការអប់រំកម្រិតឧត្តមសិក្សា ក៏ដូចជាទទួលបានឱកាសការងារលើគ្រប់វិស័យ ។
លោកជំទាវបណ្ឌិត បានអរគុណចំពោះសាកលវិទ្យាល័យបញ្ញាសាស្រ្តកម្ពុជា ដែលតែងតែផ្តល់អាហារូបករណ៍ តាមរយៈសម្តេចធិបតី និងលោកជំទាវបណ្ឌិតផ្ទាល់ ជូនសម្តេចតេជោ ហ៊ុន សែន និងសម្តេចកិត្តិព្រឹទ្ធបណ្ឌិត ជារៀងរាល់ឆ្នាំ ព្រមទាំងបានកោតសរសើរ ចំពោះការខិតខំប្រឹងប្រែងរបស់សាកលវិទ្យាល័យក្នុងការអភិវឌ្ឍខ្លួនជាបន្តបន្ទាប់ សំដៅឆ្លើយតបសមស្របតម្រូវការនៃការអភិវឌ្ឍមូលធនមនុស្ស ដើម្បីអភិវឌ្ឍសង្គម-សេដ្ឋកិច្ចជាតិ ជាពិសេស សម្រេចឱ្យបានចក្ខុវិស័យកម្ពុជាក្លាយជាប្រទេសមានចំណូលមធ្យមកម្រិតខ្ពស់ក្នុងឆ្នាំ ២០៣០ និងមានចំណូលខ្ពស់ក្នុងឆ្នាំ ២០៥០ ៕
អត្ថបទ៖ ពុទ្ធិកា