ចលនាចុះចូលបក្សកាន់អំណាច និងប្រឆាំងលោក សម រង្ស៊ី បន្តកើនឡើង

រយៈពេលចុងក្រោយនេះ សកម្មជន សមាជិកសមាជិកា និងមន្ត្រីជាន់ខ្ពស់គណបក្សក្រៅរដ្ឋាភិបាល​បាននាំគ្នាចុះចូលជាមួយបក្សកាន់អំណាចជាបន្តបន្ទាប់។

ជាក់់ស្តែង នៅថ្ងៃទី១៤ ខែមិថុនា ឆ្នាំ២០២៤ សមាជិក ៦នាក់ នៃរចនាសម្ព័ន្ធគណបក្សភ្លើងទៀន ឃុំតាំងសំរោង ស្រុកភ្នំស្រួច ខេត្តកំពង់ស្ពឺ បានប្រកាសផ្តាច់ខ្លួនពីគណបក្សប្រឆាំង ព្រមទាំងបានថ្កោលទោសទណ្ឌិត សម រង្ស៊ី ជាអ្នកនយោបាយទុច្ចរិត ដែលតែងកុហកបោកប្រាស់ប្រជាជនខ្មែរ។ ស្របពេលនោះ ពួកគាត់ក៏បានគោរពស្នើសុំសម្តេចតេជោ ហ៊ុន សែន ប្រធានគណបក្ស ចូលរួមជីវភាពនយោបាយជាមួយគណបក្សប្រជាជនកម្ពុជាផងដែរ។

នៅថ្ងៃទី១៣ ខែមិថុនាមិ្សលមិញ លោក ឃួន ពាត សមាជិកគណៈកម្មាធិការប្រតិបត្តិ និងបេក្ខជនសមាជិកព្រឹទ្ធសភាមកពីគណបក្សកម្លាំងជាតិ ខេត្តព្រៃវែង បានប្រកាសផ្តាច់ខ្លួនពីគណបក្សប្រឆាំង ហើយគោរពស្នើសុំសម្តេចតេជោ ចូលរួមជីវភាពនយោបាយជាមួយគណបក្សប្រជាជនកម្ពុជា។ ស្របពេលជាមួយគ្នានេះ លោក ឃួន ពាត បាន ថ្កោលទោសទណ្ឌិត សម រង្ស៊ី ដែលប្រព្រឹត្តនូវទង្វើដដែលៗ ទប់ស្កាត់អ្នកវិនិយោគ មិនឱ្យមករកសុីនៅប្រទេសកម្ពុជា។

នៅថ្ងៃទី១៣ ខែមិថុនា សមាជិក ៧នាក់នៃរចនាសម្ព័ន្ធគណបក្សភ្លើងទៀន ឃុំស្តៅកោង ស្រុកបាភ្នំ ខេត្តព្រៃវែង ក៏បានប្រកាសផ្តាច់ខ្លួនពីបក្សប្រឆាំង ហើយគោរពដ៏ខ្ពង់ខ្ពស់ស្នើសុំសម្តេចតេជោចូលរួមជីវភាពនយោបាយជាមួយគណបក្សប្រជាជនកម្ពុជាដែរ។ ពួកគេក៏បានប្រកាសប្រឆាំងទណ្ឌិត សម រង្ស៊ី ដែលតែងធ្វើនោយបាយទុច្ចរិត ដដែលៗ ទប់ស្កាត់អ្នកវិនិយោគមិនឱ្យមករកសុីនៅស្រុកខ្មែរ។

តាមការកត់សម្គាល់ ចលនាគណបក្សប្រឆាំងទៅចូលរួមជីវភាពនយោបាយជាមួយគណបក្សកាន់អំណាច មិនមែនធ្វើឡើងទើបតែពេលនេះទេ។ ការធ្វើនយោបាយប្រឆាំងនឹងផលប្រយោជន៍របស់ជាតិ បញ្ហាពុករលួយ បែកបាក់សាមគ្គីផ្ទៃក្នុង ជាហេតុធ្វើឱ្យសកម្មជនដែលធ្លាប់បម្រើបំរើនយោបាយប្រឆាំង បានភ្ញាក់រលឹក និងបានប្រកាសចាកចេញមកចូលរួមធ្វើនយោបាយជាមួយនឹងគណបក្សប្រជាជនកម្ពុជាវិញ។

អ្នកនាំពាក្យគណបក្សប្រជាជនកម្ពុជា ឯកឧត្តម សុខ ឥសាន ធ្លាប់បានថ្លែងថា គឺជារឿងពិត មិនមានអ្វីជាអាថ៌កំបាំង ឬជាការបង្កើតព្រឹត្តិការណ៍កាត់តរូបភាពអ្វីទេ។ លោកថា ការចុះចូលជាមួយបក្សរបស់ខ្លួនគឺជាសិទ្ធិនយោបាយ និងជាការសម្រេចចិត្តដោយឯករាជ្យរបស់បុគ្គលម្នាក់ៗ៕

អត្ថបទ៖ អក្ខរា