សម្ដេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្រ្ដីនៃកម្ពុជា កាលពីពេលថ្មីៗនេះ បានប្រកាសបើកការដ្ឋានស្ថាបនាព្រែកជីកហ្វូណនតេជោ ជាផ្លូវការ ដើម្បីឯករាជ្យខាងនយោបាយដឹកជញ្ជូន និងផលចំណេញផ្នែកសេដ្ឋកិច្ចជាតិលើការដឹកជញ្ជូនលើផ្លូវទឹកទៅថ្ងៃអនាគត។
ក្រោយពីមានការប្រកាសបើកការដ្ឋានស្ថាបនាព្រែកជីកហ្វូណនតេជោមក មានប្រជាពលរដ្ឋក៏ដូចជាមហាជនជាច្រើនបាននាំគ្នាសាទរ និងគាំទ្រយ៉ាងពេញទំហឹងចំពោះគម្រោងសាងសង់ព្រែកជីកហ្វូណនតេជោ។
ជាមួយគ្នានេះដែរក៏មានប្រជាពលរដ្ឋខ្មែរដែលនិយមប្រើប្រាស់បណ្តាញសង្គមហ្វេសប៊ុក នៅក្នុងប្រទេស និងក្រៅប្រទេស បាននាំគ្នាផ្លាស់ប្តូររូបថត Profile របស់ខ្លួននៅលើបណ្តាញសង្គមយ៉ាងផុសផុល ដោយលម្អ ដោយ ស៊ុម រូបថតជារង្វង់មូលដូចៗគ្នា និងមានភ្ជាប់ជាមួយពាក្យថា «យើងគាំទ្រព្រែកជីកហ្វូណនតេជោ ឬខ្ញុំគាំទ្រគម្រោងព្រែកជីកហ្វូណនតេជោ» ដែលបង្ហាញពីចលនាជាតិ និងការសាមគ្គីភាពរបស់មហាគ្រួសារខ្មែរយ៉ាងរឹងមាំ ទៅលើគម្រោងព្រែកជីកជាប្រវត្តិសាស្ត្រដ៏សំខាន់នេះ។
ជាការកត់សម្គាល់ការផ្លាស់ប្តូររូបថត Profile គាំទ្រគម្រោងព្រែកជីកហ្វូណនតេជោនេះ គឺមានទាំងឧត្តមមន្ត្រីជាន់ខ្ពស់នៃរាជរដ្ឋាភិបាល មន្ត្រីរាជការ កងកម្លាំងប្រដាប់អាវុធ សិស្ស និស្សិត ព្រះសង្ឃ បញ្ញវន្តបុគ្គលិកស្ថាប័នឯកជន និងប្រជាពលរដ្ឋពីគ្រប់មជ្ឈដ្ឋាន បានប្រមូលផ្តុំគ្នាជាសមូហភាពប្រកាសគាំទ្រគម្រោងព្រែកជីកនេះ គឺជា «មោទកភាពជាតិ» ខ្មែរ ដែលផ្តល់ផលប្រយោជន៍យ៉ាងធំធេងតកូនតចៅ។
ការប្រកាសគាំទ្រយ៉ាងផុសផុលនេះគឺដើម្បីអោយរដ្ឋាភិបាលសំរេចចិត្តជីកព្រែកហ្វូណនតេជោ និងដើម្បីផ្តល់ភាពងាយស្រួលលើការដឹកជញ្ជូនទំនិញ ផ្ទាល់ទៅកាន់សមុទ្ររបស់កម្ពុជា ដោយប្រើរយះពេលដឹកជញ្ជូនខ្លី ដោយមិនបាច់ឆ្លងកាត់វៀតណាម និងមិនបាច់បង់ថ្លៃបន្ថែម ពេលឆ្លងកាត់តាមប្រទេសវៀតណាម ហើយគម្រោងព្រែកជីកនេះ មិនត្រឹមតែធ្វើឲ្យរីកចម្រើននៅភាគនិរតីនោះទេ គឺនៅទូទាំងប្រទេសតែម្តង។ កសិផលនៅតាមខេត្តនានា នឹងអាចដឹកជញ្ជូនតាមព្រែកជីកនេះ។
សូមជំរាបថា សម្ដេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្រ្ដីកម្ពុជាបានប្រកាសជាសាធារណៈអំពីគម្រោងបើកការដ្ឋានស្ថាបនាព្រែកជីកហ្វូណនតេជោនេះ ជាផ្លូវការ នៅថ្ងៃទី៥ ខែសីហា ឆ្នាំ ២០២៤ខាងមុខនេះ។
សូមបញ្ជាក់ថា គម្រោងព្រែកជីកហ្វូណនតេជោ នឹងផ្ដល់អត្ថប្រយោជន៍ជាច្រើនដល់ប្រទេសកម្ពុជា ជាពិសេសវិស័យដឹកជញ្ជូន អចលនទ្រព្យ និងការវិនិយោគផ្សេងៗ។ គម្រោងនេះតភ្ជាប់ផ្លូវទឹករវាងទន្លេ ទៅកាន់សមុទ្ររបស់កម្ពុជា ដោយឆ្លងកាត់ខេត្តកណ្តាល តាកែវ កំពត និងកែប មានប្រវែងប្រមាណ ១៨០គីឡូម៉ែត្រ និងគ្រោងចាយទុន ប្រមាណ ១.៧០០លានដុល្លារអាមេរិក ហើយត្រូវបានសិក្សាគម្រោងល្អិតល្អន់រួចហើយ ជាមួយការត្រូវការកម្លាំងពលកម្មប្រមាណ ១ម៉ឺននាក់ ក្នុងរយៈពេល ៤ឆ្នាំនៃការសាងសង់៕
ដោយ៖ ធូ កុសល