កម្ពុជា បានប្រកាសពីការសម្រេចចិត្តមិនចូលរួមនៅក្នុងសន្និសីទសន្តិភាពអ៊ុយក្រែន ដែលនឹងធ្វើឡើងនៅប្រទេសស្វីសនៅថ្ងៃទី១៥ និង១៦ ខែមិថុនានេះ។ ជំហររបស់កម្ពុជាបែបនេះ ត្រូវបានកាសែតបរទេស ប្រទេសលោកខាងលិច និងអ្នកវិភាគមួយចំនួន ចាត់ទុកថា ការសម្រេចចិត្តរបស់កម្ពុជា គឺដូចគ្នានឹងជំហររបស់ចិនដែលត្រូវបានអញ្ជើញឲ្យចូលរួមដែរ តែចិនបានបដិសេធ។
ការចោទប្រកាន់បែបនេះ ត្រូវបានមន្ត្រីជាន់ខ្ពស់រាជរដ្ឋាភិបាល និងអ្នកជាអត្ថាធិប្បាយសង្គម និងនយោបាយ លោក សួន សេរីរដ្ឋា នៅថ្ងៃទី១៤ ខែមិថុនេះ បានលើកឡើងថា ការសម្រេចចិត្តរបស់កម្ពុជា ដែលមិនចូលរួមសន្និសិតសន្តិភាពសម្រាប់ប្រទេសអ៊ុយក្រែន គឺជាការសម្រេចចិត្តឯករាជ្យ មិននៅក្រោមឥទ្ធិពលរបស់ប្រទេសមួយណា ដូចការនិយាយ អត្ថាធិប្បាយលាបពណ៌មកលើកម្ពុជាឡើយ។
លោកបានរៀបរាប់ថា៖ “តើសង្គ្រាមរុស្ស៊ី-អ៊ុយក្រែន អាចចប់រួចឈានទៅរកកិច្ចព្រមព្រៀងសន្តិភាពបានទេ បើសន្និសិតពិភពលោកមួយនេះ មិនអញ្ជើញប្រទេសរុស្ស៊ី ឲ្យចូលរួម ? កម្ពុជា ជារដ្ឋអធិបតេយ្យ មានគោលនយោបាយបរទេស «ឯករាជ្យផ្អែកលើច្បាប់» និងធ្លាប់បោះឆ្នោតប្រឆាំងរុស្ស៊ីលើបញ្ហាសង្គ្រាមរុស្ស៊ី-អ៊ុយក្រែន ព្រមទាំងឈរជាសហរៀបចំ (Co-Sponsor) នៅវេទិការអង្គការសហប្រជាជាតិដើម្បីប្រជុំពីបញ្ហាសង្គ្រាមរុស្ស៊ី-អ៊ុយក្រែន កន្លងមក “។
លោកបន្តថា៖ “ដូច្នោះសូមអ្នកកុំមើលងាយកម្ពុជា ហើយយកឯករាជ្យនិងអធិបតេយ្យភាពរបស់កម្ពុជា ទៅជាន់ឈ្លី រួចលាបពណ៌កម្ពុជាថានៅក្រោមឥទ្ធិពលប្រទេសនេះ ប្រទេសនោះឲ្យសោះ ។ ពួកអ្នករៀបចំសន្និសិតនិងអ្នកផ្តល់ជំនួយរៀបចំសន្និសិតនោះវិញទេ ដែលមិនស្គាល់អ្វីហៅថា ៖ ដំណោះស្រាយដើម្បីសន្តិភាពពិតប្រាកដ..! ព្រោះតែតាមមេ តាមបងធំរបស់ខ្លួន មិនអញ្ជើញប្រទេសរុស្ស៊ី ចូលរួម “។
បើតាមសំណេរលើគេហទំព័ររាជបណ្ឌិត្យសភាកម្ពុជា បានលើកឡើងថា សម្រាប់ប្រទេសកម្ពុជា ការសម្រេចចិត្តប្រកាសមិនចូលរួមនៅក្នុងសន្និសីទសន្តិភាពអ៊ុយក្រែននេះ គឺជាការបញ្ជាក់បន្ថែមអំពីឯករាជ្យភាព និងអព្យាក្រឹតភាពរបស់កម្ពុជាក្នុងនាមជារដ្ឋអធិបតេយ្យមួយ ពិសេសគឺជាការប្រកាសបញ្ជាក់បន្ថែមអំពីការគោរពគោលការណ៍មិនចូលបក្សសម្ព័ន្ធ ដែលមានចែងនៅក្នុងរដ្ឋធម្មនុញ្ញនៃព្រះរាជាណាចក្រកម្ពុជា ពោលគឺ កម្ពុជានឹងមិនចូលរួមនៅក្នុងសម្ព័ន្ធភាពណាមួយ ដើម្បីប្រឆាំងប្រទេសមួយផ្សេងទៀតនោះឡើយ។
ប្រភពដដែលបានបន្តថា ការប្រកាសជំហរមិនចូលរួមក្នុងសន្និសីទសន្តិភាពអ៊ុយក្រែន គឺជាការបង្ហាញជំហររបស់កម្ពុជា ដែលធ្លាប់បានបោះឆ្នោតប្រឆាំងនឹងអន្តរាគមន៍យោធារបស់រុស្ស៊ីលើអ៊ុយក្រែនរួចម្ដងហើយនោះថា កម្ពុជាមានជំហរនយោបាយផ្ទាល់របស់ខ្លួន ដែលមិនចំណុះឱ្យមហាអំណាច ឬបក្សសម្ព័ន្ធណាមួយឡើយ ដោយកម្ពុជាគឺជាប្រទេសសន្តិភាពនិយម ផ្ដល់តម្លៃសំខាន់ទៅលើការដោះស្រាយបញ្ហាដោយការចរចាសន្តិវិធី និងមិនគាំទ្រដល់ចេតនាទាំងឡាយដែលព្យាយាមដុតបញ្ឆេះបញ្ហាបន្ថែមនោះឡើយ។
នៅយប់ថ្ងៃទី៧ ខែមិថុនា ឆ្នាំ២០២៤ សម្ដេចតេជោ ហ៊ុន សែន ប្រធានគណបក្សប្រជាជនកម្ពុជា និងជាប្រធានព្រឹទ្ធសភាកម្ពុជា បានគូសបញ្ជាក់អំពីប្រសាសន៍សម្ដេចនៅក្នុងជំនួបជាមួយប្រធានសភាអ៊ុយក្រែនកន្លងទៅ ដែលសម្ដេចបានលើកឡើងថា «[…] កម្ពុជាកំពុងពិចារណាលើផែនការសន្តិភាព និងការចូលរួម ឬមិនចូលរួម។ […] សន្និសីទមិនទទួលបានជោគជ័យទេ ប្រសិនបើភាគីពាក់ព័ន្ធពិសេសរុស្ស៊ី មិនត្រូវបានអញ្ជើញឱ្យចូលរួម។ […]»។ សម្ដេចបានមានប្រសាសន៍បន្ថែមថា «ការសម្រេចចិត្តមិនចូលរួមសន្និសីទរបស់កម្ពុជា វាជាសិទ្ធិរបស់កម្ពុជា ដោយកម្ពុជាមើលឃើញថា វាមិនមានជោគជ័យ។»
ការសម្រេចចិត្តមិនចូលរួមសន្និសីទសន្តិភាពអ៊ុយក្រែន ធ្វើឡើងនៅក្នុងពេលដែលមេដឹកនាំកម្ពុជាមើលឃើញថា សន្និសីទនេះនឹងគ្មានដំណោះស្រាយទេ ព្រោះភាគីជម្លោះមិនមានវត្តមាននៅក្នុងការជជែកពិភាក្សា។ អវត្តមានរបស់រុស្ស៊ី ដែលជាភាគីនៅក្នុងជម្លោះ បានបង្ហាញយ៉ាងច្បាស់ថា សន្និសីទនេះ ត្រូវបានរៀបចំឡើងដើម្បីគាំទ្រអ៊ុយក្រែនដែលជាភាគីម្ខាងនៅក្នុងជម្លោះ ហើយទាត់ចោលនូវការចូលរួមរបស់រុស្ស៊ី ដើម្បីឈានទៅការឯកភាពដោះស្រាយបញ្ចប់សង្គ្រាមដ៏រ៉ាំរ៉ៃមួយនេះ។
គួរឲ្យដឹងថា មានប្រទេសជាង ១០០ ត្រូវបានរាយការណ៍ថា នឹងចូលរួមក្នុងកិច្ចប្រជុំសន្តិភាពនេះ ខណៈប្រទេសរុស្ស៊ីមិនត្រូវបានអញ្ជើញចូលរួមក្នុងសន្និសីទនេះទេ។ ចិនក៏មិនចូលរួមក្នុងសន្និសីទសន្តិភាពនេះដែរ ដោយសារចិនចង់ឱ្យតំណាងភាគីជម្លោះទាំងសងខាងមានវត្តមានជជែកគ្នាក្នុងកិច្ចប្រជុំមួយនេះ៕
អត្ថបទ៖ អក្ខរា