ផលិតផលសាច់បង្កកគ្មានសុវត្ថិភាព និងបង្កប៉ះពាល់សុខភាពប្រជាពលរដ្ឋ អ្នកប្រើប្រាស់ ដែលនាំចូលពីប្រទេសជិតខាងខុសច្បាប់ ប្រមាណជាង២ពាន់គីឡូក្រាម ត្រូវបានសមត្ថកិច្ចស្រាវជ្រាវបង្រ្កាបបាន ក្នុងអំឡុងពេលដែលឈ្មួញដឹកតាមរថយន្តម៉ាកស្តារិកមួយគ្រឿង យកមកបោះលក់ចែកចាយឱ្យអាជីវករលក់សាច់គោនៅក្នុងខណ្ឌប្ញស្សីកែវ រាជធានីភ្នំពេញ កាលពីថ្ងៃទី១៣ ខែមិថុនា ឆ្នាំ២០២៤ ។
លោកវរសេនីយ៍ទោ ម៉ៅ សុទ្ធាគុណ នាយរងការិយាល័យនគរបាលប្រឆាំងបទល្មើសសេដ្ឋកិច្ច បានឲ្យដឹងថាប្រាប់ សាច់បង្កកទាំងនោះសរុប២២០០គីឡូក្រាម រួមមាន សាច់គោ សាច់ក្របី និងសាច់ឆ្អឹងជំនីរ។ សាច់បង្កកទាំងនេះ មន្រ្តីជំនាញពិនិត្យគឺការនាំចូលគ្មានឯកសារបញ្ជាក់ពីប្រភពច្បាស់លាស់ និងមិនអនុលោមតាមលក្ខខណ្ឌ តម្រូវម្ហូបអាហារ។
ក្រោយបង្រ្កាបបាន សាច់បង្កកទាំងនេះ ត្រូវបានកម្លាំងការិយាល័យនគរបាលប្រឆាំងបទល្មើសសេដ្ឋកិច្ចបានប្រគល់ឱ្យមន្រ្តី (កបប) រាជធានីភ្នំពេញ ដើម្បីយកទៅដុតកំទេចចោល ចំណែកអ្នកបើករថយន្តដឹកសាច់បង្កក ត្រូវបានមន្រ្តីជំនាញ (កបប) នាំយកទៅសួរនាំតាមនីតិវិធី៕ អត្ថបទ៖ ពុទ្ធិកា