ឯកឧត្តម ហ៊ុន ម៉ានី ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងមុខងារសាធារណៈ និងជាប្រធានក្រុមការងាររាជរដ្ឋាភិបាលចុះមូលដ្ឋានខេត្តកំពង់ស្ពឺ បានផ្តល់អនុសាសន៍ដល់ក្រុមប្រឹក្សាខេត្តថ្មី ក៏ដូចជាមន្ត្រីមូលដ្ឋាន ត្រូវធ្វើយ៉ាងណាបង្កើននូវអភិបាលកិច្ចល្អ រួមជាមួយនឹងការបន្តផ្តល់សេវាសាធារណៈ ជូនដល់ប្រជាពលរដ្ឋឱ្យកាន់តែប្រសើរឡើងបន្ថែមទៀត។
ការផ្តល់អនុសាសន៍នេះ បានធ្វើឡើងនៅក្នុងពិធីប្រកាសចូលកាន់តំណែងក្រុមប្រឹក្សាខេត្តកំពង់ស្ពឺ អាណត្តិទី៤ ឆ្នាំ២០២៤ នៅអគាររដ្ឋបាលខេត្តកំពង់ស្ពឺ កាលពីនារសៀលថ្ងៃទី១២ ខែមិថុនា ឆ្នាំ២០២៤។
ឯកឧត្តម ហ៊ុន ម៉ានី បានផ្តាំផ្ញើរ ដល់សមាជិក សមាជិកា ក្រុមប្រឹក្សាខេត្តថា “ក្នុងនាមជាសមាជិកក្រុមប្រឹក្សាជាប់ឆ្នោត ទោះបីមកពីគណបក្សនយោបាយផ្សេងៗគ្នាក៏ពិតមែន ប៉ុន្តែក្រុមប្រឹក្សាទាំងអស់ គឺសុទ្ធតែជាអ្នកខេត្តកំពង់ស្ពឺ តំណាងឱ្យប្រជាពលរដ្ឋក្នុងខេត្តកំពង់ស្ពឺ ដែលត្រូវខិតខំរួមគ្នាដើម្បីផល ប្រយោជន៍ និងភាពរីកចម្រើនសម្រាប់ខេត្ត និងជាពិសេសប្រជាពលរដ្ឋខេត្តកំពង់ស្ពឺទាំងមូល។”
ជាមួយគ្នានេះ ឯកឧត្តមឧបនាយករដ្ឋមន្ត្រី បានបន្ថែមថា ពិតណាស់ក្រុមប្រឹក្សានៃរដ្ឋបាលថ្នាក់ក្រោមជាតិទាំងអស់ ដែលត្រូវបានជ្រើសរើស តាមរយៈការបោះឆ្នោត ទោះដោយផ្ទាល់ក្តី ឬមិនផ្ទាល់ក្តី គឺជាផ្នែកមួយនៃអង្គនីតិប្រតិបត្តិ និង មានស្វ័យភាពក្នុងក្របខណ្ឌដែលកំណត់ដោយច្បាប់ និងលិខិតបទដ្ឋានគតិយុត្តជាធរមានក្នុងការគ្រប់គ្រង ចាត់ចែងកិច្ចការមូលដ្ឋាន ដើម្បីឆ្លើយតបទៅនឹងតម្រូវការរបស់ប្រជាពលរដ្ឋ ក្នុងដែនសមត្ថកិច្ចរបស់ខ្លួន។
ហេតុនេះ ក្នុងការអនុវត្តការងារ ឯកឧត្តម លោកជំទាវ សមាជិក សមាជិកាក្រុមប្រឹក្សា ត្រូវខិតខំបម្រើផលប្រយោជន៍ និងសេចក្តីត្រូវការរបស់ប្រជាពលរដ្ឋទាំង អស់ឱ្យបានស្មើៗគ្នា មានតម្លាភាព គណនេយ្យភាព សមធម៌ និងបរិយាបន្ន ជាពិសេសមិន ត្រូវប្រកាន់និន្នាការនយោបាយណាមួយនោះឡើយ។
ឯកឧត្តមឧបនាយករដ្ឋមន្ត្រី ក៏បានអបអរសាទរដល់ប្រធាន និងសមាជិក សមាជិកា ក្រុមប្រឹក្សាខេត្តថ្មីដែលទើបទទួលបានភារកិច្ចថ្មីទាំង២៥រូបផងដែរ៕ អត្ថបទ៖ ពុទ្ធិកា