ប្រទេសកម្ពុជា និងខេត្តស្វយ័តពិសេសជេជូ នៃសាធារណរដ្ឋកូរ៉េ កំពុងពិនិត្យលទ្ធភាព និងស្វែងរកយន្តការ ដើម្បីតភ្ជាប់ជើងហោះហើរត្រង់ជាមួយគ្នា ខណៈដែលខេត្តរបស់សាធារណរដ្ឋកូរ៉េមួយនេះ បានចងសម្ព័ន្ធមេត្រីភាព ជាមួយរាជធានីភ្នំពេញ និងខេត្តសៀមរាប។
នៅក្នុងជំនួបជាមួយសម្តេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្រ្តី នៃកម្ពុជា នៅវិមានសន្តិភាព នារសៀលថ្ងៃទី១២ ខែមិថុនា ឆ្នាំ២០២៤ ឯកឧត្តម អូ យ៉ុងហ៊ុន (Oh Young-Hun) អភិបាលខេត្តស្វយ័តពិសេសជេជូ បានបញ្ជាក់ថា ឯកឧត្តម បានជួបពិភាក្សាការងារជាមួយក្រសួងទេសចរណ៍កម្ពុជា ដើម្បីពិភាក្សាអំពីលទ្ធភាពនៃការភ្ជាប់ជើងហោះហើរត្រង់ពីខេត្តជេជូ មកកាន់កម្ពុជា ដោយនឹងខិតខំស្វែងរកយន្តការ និងបទប្បញ្ញត្តិគាំទ្រសំដៅជំរុញឱ្យមានការហោះហើរត្រង់នេះ។
ឯកឧត្តមអភិបាលខេត្ត បានបញ្ជាក់ទៀតថា ក្នុងដំណើរទស្សនកិច្ចមកកម្ពុជានាឱកាសនេះ ក្រៅពីចុះអនុស្សរណៈនៃការយោគយល់គ្នាជាមួយរដ្ឋបាលរាជធានីភ្នំពេញ ក៏មានការស្វែងរកឱកាសសម្រាប់ការវិនិយោគលើវិស័យផ្សេងៗទៀត រួមមាន វិស័យពាណិជ្ជកម្ម កសិកម្ម អប់រំ និងវិស័យថាមពលស្អាត ជាដើម ក្នុងបរិបទនៃភាពជាដៃគូយុទ្ធសាស្រ្ត រវាងសាធារណរដ្ឋកូរ៉េ និងកម្ពុជាផងដែរ។
ជាមួយនឹងបំណងភ្ជាប់ជើងហោះហើរត្រង់នេះ សម្តេចធិបតី ហ៊ុន ម៉ាណែត បានលើកទឹកចិត្តដល់ឯកឧត្តមអភិបាលខេត្ត ក្នុងការបន្តកិច្ចសហការជាមួយក្រសួង-ស្ថាប័នពាក់ព័ន្ធរបស់កម្ពុជា ក្នុងការស្វែងរកឱកាសសម្រាប់ការពង្រីកការវិនិយោគ នៅក្នុងវិស័យសក្តានុពលនៅកម្ពុជា និងបានរំឭកអំពីការពិភាក្សារវាងសម្តេច និងឯកឧត្តមអភិបាលខេត្ត នៅទីក្រុងសេអ៊ូលក្នុងអំឡុងពេលដែលសម្តេចទៅបំពេញទស្សនកិច្ចផ្លូវការនៅសាធារណរដ្ឋកូរ៉េ អំពីការតភ្ជាប់រវាងខេត្តជេជូ និងកម្ពុជា តាមរយ:ការផ្តោតសំខាន់លើការជំរុញនូវកំណើនទេសចរណ៍ និងជំរុញឱ្យមានជើងហោះហើរត្រង់ រវាងខេត្តជេជូ និងខេត្តសៀមរាប និងរាជធានីភ្នំពេញ។
បន្ថែមលើនេះ សម្តេចធិបតី នាយករដ្ឋមន្ត្រី ក៏បានអបអរសាទរចំពោះការសម្រេចបាននូវការចុះអនុស្សរណៈនៃការយោគយល់គ្នាមួយទៀត រវាងរាជធានីភ្នំពេញ និង រដ្ឋបាលខេត្តស្វយ័តពិសេសជេជូ ដែលនេះជាផ្នែកមួយក្នុងការរួមចំណែកជំរុញទំនាក់ទំនង និងកិច្ចសហប្រតិបត្តិការរវាងប្រទេសទាំងពីរ។
គួរបញ្ជាក់ថា ខេត្តស្វយ័តជេជូ នៃសាធារណរដ្ឋកូរ៉េ មានប្រជាពលរដ្ឋត្រឹមតែ៧០ម៉ឺននាក់ប៉ុណ្ណោះ ប៉ុន្តែខេត្តមួយនេះ បានទាក់ទាញភ្ញៀវទេសចរណ៍ប្រមាណជា ១៥លាននាក់ក្នុងមួយឆ្នាំ ជាមួយនឹងការវិនិយោគបច្ចេកវិទ្យាថ្មីៗជាច្រើនផងដែរ៕
អត្ថបទ៖ ពុទ្ធិកា