សម្តេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្រ្តីនៃកម្ពុជា បានផ្តល់ជាគោលការណ៍ពិសេសមួយដល់ក្រសួង-ស្ថាប័នទាំងអស់ ក្នុងគោលដៅបង្កើនស័ក្កិសិទ្ធិភាព និងប្រសិទ្ធភាពក្នុងការជ្រើសរើសមន្ត្រីចូលបម្រើការងារ នៅឆ្នាំ២០២៥ ឱ្យកាន់តែប្រកបដោយគុណាធិបតេយ្យ, តម្លាភាព, យុត្តិធម៌, បរិយាប័ន្ន, និង ប្រសិទ្ធភាពខ្ពស់។
គោលការណ៍ដែលសម្តេចធិបតីបានណែនាំនោះគឺ សម្តេចបាននលើកទឹកចិត្តឱ្យក្រសួង-ស្ថាប័ន អាចផ្ទេរថវិកាដែលសល់ពីការសន្សំលើការកត់បន្ថយក្របខណ្ឌ យកមកប្រើប្រាស់សម្រាប់ការលើកទឹកចិត្តដល់មន្ត្រី ឬ/និងបង្កើនចំណាយក្រៅពីបន្ទុកបុគ្គលិក ក្នុងករណីចាំបាច់ និងមានមូលដ្ឋានពន្យល់សមស្រប និងមានហេតុផលត្រឹមត្រូវ។
ចំពោះចំនួនមន្ត្រីដែលត្រូវជ្រើសរើស ត្រូវគ្រោងយ៉ាងច្រើនស្មើចំនួនមន្ត្រីចូលនិវត្តន៍ឆ្នាំ២០២៤ និងគ្រោងតែក្នុងករណីចាំបាច់ដែលអាចពន្យល់បាន ដោយមានហេតុផលត្រឹមត្រូវ និងច្បាស់លាស់,
ហើយរាល់ការវិភាគមុខងារ និងរាល់តម្រូវការក្នុងការជ្រើសរើសមន្រ្តីថ្មីបន្ថែមត្រូវតែមានការឯកភាព ពីក្រសួងមុខងារសាធារណៈ។
សម្តេចធិបតី នាយករដ្ឋមន្រ្តីបានលើកឡើងបែបនេះ ក្នុងពេលដឹកនាំកិច្ចប្រជុំលើកទី២ របស់គណៈកម្មាធិការជាតិជំរុញការអនុវត្តវិធានការគន្លឹះ ក្នុងការកែទម្រង់រដ្ឋបាលសាធារណៈរបស់រាជរដ្ឋាភិបាលនីតិកាលទី ៧ នៃរដ្ឋសភា នាព្រឹកថ្ងៃទី១២ ខែមិថុនា ឆ្នាំ២០២៤។
បន្ថែមពីនេះ សម្តេចធិបតី ហ៊ុន ម៉ាណែត បានណែនាំដល់ក្រសួង-ស្ថាប័នទាំងអស់ ត្រូវពិនិត្យឡើងវិញនូវរចនាសម្ព័ន្ធ និងវិភាគមុខងារ ជាលក្ខណៈរួមឱ្យបានរួចរាល់ ក្នុងឆមាសទី១ នៃឆ្នាំ២០២៤ ដើម្បីអនុវត្តការវិភាគមុខងារនេះឱ្យបានចប់សព្វគ្រប់នៅត្រីមាសទី៣ ក្នុងឆ្នាំ២០២៤នេះ និង ត្រូវធានាឱ្យបាននូវការរៀបចំ និងការប្រព្រឹត្តទៅរបស់ខ្លួន ឱ្យមានប្រសិទ្ធភាពខ្ពស់ ដោយឈរលើអភិក្រមពង្រឹង និងការរៀបចំផ្ទះរបស់ខ្លួនឱ្យរៀបរយ តាមរយៈការអនុវត្តវិធានការពាក់ព័ន្ធនឹងការរៀបចំ និងការកែសម្រួលរចនាសម្ព័ន្ធរបស់ក្រសួង-ស្ថាប័ន៕