បន្ទាប់ពីរស់នៅជា Single Mom ជាង ១០ ឆ្នាំចិញ្ចឹមកូនប្រុសតែម្នាក់ឯង ពេលនេះ ទូច ស្រីល័ក្ខ ប្រកាសធ្វើរឿងពិសេសមួយនេះសម្រាប់ជាកាដូខ្លួនឯង ។
ចាប់តាំងពីបែកបាក់ជាមួយស្វាមីបរទេសមក ទូច ស្រីល័ក្ខ បានជួបវិប្បត្តិផ្លូវចិត្តយ៉ាងធ្ងន់ធ្ងរ រហូតបានសំងំលាក់ខ្លួនមិនជួបមុខនរណាទាំងអស់ ហើយនាងបានព្យាយាមធ្វើបទចម្រៀងជាច្រើនទាក់ទង និងស្រ្តីដែលមានបញ្ហាផ្លូវចិត្តត្រូវគ្រួសារបោះបង់ចោល ជាក់ស្តែងរាល់បទចម្រៀងរបស់នាងដែលបានចេញនាពេលកន្លងមក សុទ្ធតែជាជីវិតពិតរបស់នាង ។
ជួបជាមួយ ទូច ស្រីល័ក្ខ កាលពីពេលថ្មីៗនេះ នាងបានរៀបរាប់ប្រាប់ថា ជីវិតរបស់នាងពេលនេះចាប់ផ្តើមល្អប្រសើរឡើងវិញហើយ ហើយនាងក៏មិនបានសំងំលាក់ខ្លួនពួនអាត្មាដូចកាលពីមុនដែរ នាងបានក្លាយទៅជាគ្រូបង្ហាត់កីឡា និងបានស្គាល់មនុស្សជាច្រើនជីវិត។
ឆ្នាំនេះ ទូច ស្រីល័ក្ខ ចូលវ័យ ៤០ ឆ្នាំហើយ ហើយកូនប្រុសរបស់នាងក៏មានវ័យ ១០ ឆ្នាំដែរ ល្មមដល់ពេលដែលនាងត្រូវប្រើជីវិតថ្មី ដើម្បីស្វែងរកក្តីស្រមៃខ្លួនសារជាថ្មី បន្ទាប់ពីរស់នៅក្នុងជីវិតភក់ជ្រាំអស់ពេល ១០ ឆ្នាំ ។
ទូច ស្រីល័ក្ខ បានបញ្ជាក់បន្ថែមថា រស់នៅជា Single Mom ១០ ឆ្នាំហើយ ពេលនេះនាងបានសម្រេចចិត្តបើកបេះដូងដើម្បីទទួលយកស្នេហាថ្មី ផ្តល់ក្តីសុខដល់ខ្លួនឯង ប្រសិនបើមើលឃើញថា បុរសម្នាក់នោះល្អគ្រប់គ្រាន់សម្រាប់នាង នាងនឹងរៀបការភ្លាម មិនបណ្តោយពេលវេលាចោលឥតប្រយោជន៍ទៀត ទេ ។
ថ្វីដ្បិតតែប្រកាសបែបនេះ ទូច ស្រីល័ក្ខ នៅពុំទាន់បង្ហាញមុខគូស្នេហ៍ខ្លួនឱ្យមហាជនបានស្គាល់នៅឡើយទេ បើទោះបីជានៅក្នុងរង្វង់សិល្បៈ នរណាៗក៏ដឹងថា ទូច ស្រីល័ក្ខ មានទំនាក់ទំនងស្នេហាជាមួយគ្រូបង្ហាត់កីឡាជាមួយគ្នា បន្ទាប់ពីឃើញអ្នកទាំងពីរស្និទ្ធស្នាលនិងគ្នាខ្លាំង ខុសប្លែកពីមិត្តធម្មតា ៕