ទម្លាយការពិត! រឿងភ្នំ ១៥០០ ម្ចាស់ស្រុកគេយល់ព្រមហើយ នៅឡើយតែអ្នកក្រៅភូមិសាស្ត្រ​និងប្រពន្ធលោកធំ បន្តតវ៉ា

បន្ទាប់ពីសម្ដេចធិបតី ហ៊ុន​ម៉ាណែត​នាយករដ្ឋមន្ត្រី ប្រកាសយកដីជុំវិញតំបន់ភ្នំ​១៥០០​ (​ផ្លូវអន្ទង់អាំង)​ទុកអភិរក្សជាតំបន់ទេសចរណ៍​ប្រជាពលរដ្ឋចំនួន​៦៧​គ្រួសារ​ក្នុងចំណោម​ ៩៨​គ្រួសារ​ ដែលរស់នៅកាន់កាប់សាងសង់សំណង់ខុសច្បាប់នៅលេីដីរដ្ឋ​នៅភូមិ​ដីក្រហម​ឃុំ​អន្លង់រាប​ស្រុកវាលវែង​ខេត្តពោធិសាត់​បានស្ម័គ្រចិត្តចាកចេញ​និងយល់ព្រមសហការទទួលយកការដោះស្រាយគោលនយោបាយជាមួយអាជ្ញាធរ​និងរាជរដ្ឋាភិបាល។

ដោយឡែកនៅសល់​ចំនួន​៣១​គ្រួសារទៀត​ដែលភាគច្រេីនអ្នករាជធានីភ្នំពេញ​និងក្រៅភូមិសាស្ត្រ​បានតវ៉ាមិនព្រមសហការទទួលយកគោលនយោបាយដោះស្រាយរបស់អាជ្ញាធរ។ នេះបើយោងតាមឯកសារដែលត្រូវបានទម្លាយលើបណ្តាញសង្គមនៅថ្ងៃទី១១ ខែមិថុនា ឆ្នាំ២០២៤។

ប្រភពដ៏គួរឲ្យទុកចិត្តមួយបានឲ្យដឹងថា ការតវ៉ាភាគច្រេីន​គឺធ្វេីតាមការញុះញង់របស់ឈ្មោះ​ថៃ​ថេរ៉ាគុន​អនិកជនខ្មែររស់នៅរដ្ឋតិចសាស់​សហរដ្ឋអាមេរិក​ដែលតែងតែបង្ហោះវីដេអូភូតកុហកមហាជនថា ខ្លួនរស់នៅលេីដីដែលខ្លួនកាន់កាប់ថាជាដីស្របច្បាប់​ខណៈដីនោះគ្មានប័ណ្ណកម្មសិទ្ធិ​សង់ផ្ទះគ្មានលិខិតអនុញ្ញាត​និងសង់ផ្ទះរំលោភលេីដីចំណីផ្លូវស្ទេីរតែទាំងអស់។

ដោយឡែក​លោកជំទាវ​សុខុម​ហ៊ុន​ពុទ្ធារី​ ដែលជាភរិយារបស់ឯកឧត្តម​ផូវ​សំភី​ប្រតិភូរាជរដ្ឋាភិបាលជាអគ្គនាយកនៃអគ្គនាយកដ្ឋានកិច្ចការរដ្ឋបាលតុលាការ​និងជានាយកសាលាច្បាប់​នៃបណ្ឌិតសភាភូមិន្ទយុត្តិធម៌កម្ពុជាក៏មានឈ្មោះតវ៉ា​ក្នុងចំណោមអ្នកតវ៉ាទាំង​៣១​គ្រួសារដែរ។

សូមបញ្ជាក់ថា​ទោះបីប្រជាពលរដ្ឋដែលកាន់កាប់ដីរដ្ឋដោយខុសច្បាប់ក៏ដោយក៏អាជ្ញាធរ​និងរាជរដ្ឋាភិបាល​បានដោះស្រាយគោលនយោបាយជូនគ្រប់ៗគ្នា​ដោយដោះដូរដីនៅទីកន្លែងផ្សេង​ស្ថិតនៅភូមិប្រម៉ោយ​ឃុំប្រម៉ោយ​ស្រុកវាលវែង​ដដែល ព្រមទាំងធ្វើផ្លូវកៅស៊ូប្រវែង​៥គីឡូម៉ែត្រ តភ្លេីងអគ្គីសនីចូល​និងធ្វើប័ណ្ណកម្មសិទ្ធិស្របច្បាប់ជូនថែមទៀតផង៕