ខ្លាចប៉ះពាល់កេរ្តិ៍ឈ្មោះ កិត្តិយស និងទំនាក់ទំនងមិត្តប្រុស សំណាង អេលីណា ចេញមុខព្រមានតាមផ្លូវច្បាប់ !

កញ្ញា សំណាង អេលីណា មិនសប្បាយចិត្តនោះទេ បន្ទាប់ពីមានសារព័ត៌មានមួយបានផ្សាយពីរឿងមិនពិតធ្វើឱ្យប៉ះពាល់កិត្តិយស កេរ្តិ៍ឈ្មោះរបស់នាង ហើយនាងនឹងព្រមានតាមផ្លូវច្បាប់ប្រសិនបើសារព័ត៌មាននោះ មិនលុបចោល ឬសុំទោសនាងជាសាធារណៈ ។

តាមរយៈសាររបស់កញ្ញា សំណាង អេលីណា ដែលបានបង្ហោះនៅលើ ហ្វេសប៊ុក របស់នាងថា «​ ខ្ញុំមិនមែនជាអ្នកចូលចិត្តបង្ករឿងទេ តែរឿងនេះជារឿងធំសម្រាប់ខ្ញុំ…. ខ្ញុំត្រូវតែចេញមុខនិយាយរឿងនេះ….. ប៉ះពាល់កិត្តិយស មុខមាត់គ្រួសារខ្ញុំណាស់ ព្រោះអ្នកអគតិមួយចំនួនចូលមកខមិនប្រៀបដូចជាមិនសមសោះ។ សូមមេត្តាលុបចេញជាបន្ទាន់ ហើយបកស្រាយអោយបានច្បាស់ផង ខ្ញុំអាចប្តឹងបាន! » ។ កញ្ញា សំណាង អេលីណា ក៏បានចេញលិខិតជូនដំណឹងទៅដល់សារព័ត៌មានរូបនោះផងដែរ ។ 

កញ្ញា សំណាង អេលីណា គឺជាតារាសម្តែងស្រីមួយរូបដ៏មានប្រជាប្រិយភាពហើយនាងក៏មិនធ្លាប់មានរឿងអាស្រូវណាមួយដែរ ចាប់តាំងពីប្រលូកក្នុងវិស័យសិល្បៈ នាងកសាងកេរ្តិ៍ឈ្មោះបានយ៉ាងល្អទំរាំឈានជើងមកដល់សព្វថ្ងៃនេះ ។ 

ទន្ទឹមនិងការមិនសប្បាយចិត្តចំពោះរឿងនេះ គូស្នេហ៍កញ្ញា សំណាង អេលីណា ក៏មិនសប្បាយចិត្តផងដែរ នៅពេលដែលឃើញព័ត៌មានបែបនេះ ដូច្នេះហើយ ទើប សំណាង អេលីណា ប្រញាប់ប្រញាល់ចេញមុខបដិសេធ និង សុំឱ្យមានការសុំទោសជាសាធារណៈ កុំឱ្យប៉ះពាល់កិត្តិយស និង កេរ្តិ៍ឈ្មោះរបស់នាង ៕