លោក Wang Wenbin បានក្លាយជាឯកអគ្គរដ្ឋទូតចិនប្រចាំនៅកម្ពុជា ជំនួសលោក Wang Wentian ដែលផុតអាណត្តិ។ ប្រមុខការទូតថ្មី ដែលត្រៀមមកកម្ពុជានាពេលខាងមុខរូបនេះ មានរហ័សនាមថា «អ្នកចម្បាំងចចក»។
«ការទូតអ្នកចម្បាំងចចក – Wolf Warrior Diplomacy» របស់ប្រទេសចិនទទួលបានភាពល្បីរន្ទឺ ដោយសារជាយុទ្ធសាស្ត្រការទូតដ៏រឹងមាំដែលរួមមានការប្រមាថ ឬការគំរាមកំហែងលើមនុស្សទាំងឡាយណាដែលហ៊ានបំពានផលប្រយោជន៍របស់ប្រទេសចិន។ ការទូតអ្នកចម្បាំងចចក ត្រូវបានប្រើប្រាស់យ៉ាងទូលំទូលាយនៅក្នុងរយៈពេលប៉ុន្មានឆ្នាំចុងក្រោយនេះ ជាពិសេសចាប់តាំងពីការចាប់ផ្តើមការរាតត្បាតនៃវីរុសកូវីដ១៩។
ស្របនឹងយុទ្ធសាស្ត្រការទូតរបស់ចិន ការតែងតាំងលោក Wang Wenbin ក្នុងពេលកម្ពុជា-ចិន កំពុងបង្កើនទំនាក់ទំនងកាន់តែខ្លាំង។ លោកត្រូវបានគេស្គាល់ពីសមត្ថភាព និងវោហាសាស្ត្រនយោបាយលេចធ្លោដែលមានសមត្ថភាពអាចឆ្លើយតបនឹងរាល់ស្ថានភាពដែលកើតឡើងនៅក្នុងតំបន់ និងអន្តរជាតិ។
លោក wang Wenbin អតីតអ្នកនាំពាក្យក្រសួងការបរទេសចិន បានបម្រើការជាអ្នកនាំពាក្យទី៣២ នៃក្រសួងការបរទេសពីខែកក្កដា ឆ្នាំ២០២០ ដល់ខែឧសភា ឆ្នាំ២០២៤។ បុរសអាយុ ៥៣ឆ្នាំរូបនេះ បានបម្រើការក្នុងបេសកកម្មការទូតអស់រយៈពេលជាង ៣០ឆ្នាំមកហើយ ដែលភាគច្រើនបានចូលរួមនៅក្នុងផ្នែកនៃផែនការគោលនយោបាយ និងកិច្ចការនៃប្រទេសអាហ្វ្រិក។ លោកធ្លាប់បម្រើការជាឯកអគ្គរដ្ឋទូតចិនប្រចាំប្រទេសទុយនីស៊ី ចន្លោះឆ្នាំ២០១៧ ដល់ឆ្នាំ២០២២។
បច្ចុប្បន្ននេះ ទំនាក់ទំនងរវាងចិន-កម្ពុជាស្ថិតក្នុងយុគសម័យកាលដ៏ល្អបំផុតនៅក្នុងប្រវត្តិសាស្ត្រ កិច្ចសហប្រតិបត្តិការជាក់ស្តែងរវាងភាគីទាំងពីរកាន់តែច្រើនសម្បូរបែប ហើយទំនាក់ទំនងចំណងមិត្តភាពជាប្រពៃណីរវាងប្រទេសទាំងពីរកាន់តែរឹងមាំ។ ក្រោមការយកចិត្តទុកដាក់ដោយផ្ទាល់ ការរៀបចំគូសវាសដោយផ្ទាល់ និងជំរុញដោយផ្ទាល់ពីថ្នាក់ដឹកនាំទាំងពីរប្រទេស ទំនាក់ទំនងចិន-កម្ពុជា ត្រូវបានលើកកម្ពស់ដល់កម្រិតថ្មីមួយទៀត ការកសាងសហគមន៍វាសនារួមបានឈានដល់យុគសម័យថ្មីដែលប្រកបដោយគុណភាពខ្ពស់ កម្រិតខ្ពស់ និងស្តង់ដារខ្ពស់។ ប្រទេសទាំងពីរបានចុះហត្ថលេខារួមគ្នាលើផែនការសកម្មភាពនៃការកសាងសហគមន៍វាសនារួមបែបថ្មី បានកំណត់ក្របខណ្ឌកិច្ចសហប្រតិបត្តិការ”ត្បូងពេជ្រដែលមានវិស័យទាំង៦ជាអាទិភាព” ការកសាងច្រករបៀងឧស្សាហកម្មនិងបច្ចេកវិទ្យា”និង”ច្រករបៀងមច្ឆានិងអង្ករ”ត្រូវបានអនុវត្តកាន់តែជាក់ស្ដែង ទំនុកចិត្តទៅវិញទៅមកជាយុទ្ធសាស្រ្ត និងកិច្ចសហប្រតិបត្តិការជាក់ស្តែងឈានដល់កម្រិតខ្ពស់ដែលពុំធ្លាប់មានពីមុនមក។
កាលពីពេលថ្មីៗនេះ កម្ពុជា និងចិនបានឯកភាពក្នុងការប្រសិទ្ធនាមផ្លូវក្រវាត់ក្រុងទី៣ ដែលតភ្ជាប់ពីផ្លូវជាតិលេខ១ ទៅផ្លូវជាតិលេខ៤ ជា «មហាវិថី ស៊ី ជីនពីង» ដែលមានអត្ថន័យធំធេង សម្រាប់ចំណងមិត្តភាពដែកថែបកម្ពុជា-ចិន។ មហាវិថីស៊ី ជីនពីងនេះ គឺជាឈ្មោះមេដឹកនាំកំពូលចិនទី២ហើយ បន្ទាប់ពីមហាវិថីម៉ៅ សេទុង ដែលត្រូវបានព្រះបរមរតនកោដ្ឋ សព្វព្រះរាជហឫទ័យប្រោសព្រះរាជទាន សម្រាប់ផ្លូវមួយកន្លែងក្នុងរាជធានីភ្នំពេញកាលពី ៦០ឆ្នាំមុន។
ឆ្នាំ២០២៤នេះ ជាឆ្នាំនៃការផ្លាស់ប្តូរប្រជាជន និងប្រជាជនរវាងចិននិងកម្ពុជា ប្រជាជនកម្ពុជាកាន់តែច្រើនបានកំពុងស្រឡាញ់វប្បធម៌ចិន សិក្សាភាសាចិនយ៉ាងសកម្ម និងបានបំពេញចំណេះវិជ្ជាបន្ថែមទៀតនៅឯប្រទេសចិន ហើយភ្ញៀវទេសចរចិនមកទស្សនាប្រទេសកម្ពុជាក៏កាន់តែច្រើនឡើងៗ។ ឈរលើមូលដ្ឋានដ៏រឹងមាំនៃចំណងមិត្តភាពជាប្រពៃណី ការផ្សារភ្ជាប់បេះដូងប្រជាជនទាំងពីរប្រទេសបានឈានចូលដល់ដំណាក់កាលថ្មីមួយនៃការរួមបញ្ចូលទំនាក់ទំនងយ៉ាងស៊ីជម្រៅ៕
អត្ថបទ៖ អក្ខរា