លោក Anatoly Borovik ឯកអគ្គរដ្ឋទូតវិសាមញ្ញ និងពេញសមត្ថភាពនៃសហព័ន្ធរុស្ស៊ី ប្រចាំកម្ពុជា នៅថ្ងៃទី៦ ខែមិថុនា ឆ្នាំ២០២៤ បានចូលជួបសម្ដែងការគួរសម និងពិភាក្សាការងារជាមួយសម្តេចតេជោ ហ៊ុន សែន ប្រធានព្រឹទ្ធសភានៃកម្ពុជា នៅវិមានព្រឹទ្ធសភា រាជធានីភ្នំពេញ។
ចំពោះមុខសម្តេចតេជោ លោកទូតបានបញ្ជាក់ថា ប្រជាជនរុស្ស៊ីស្គាល់សម្ដេចតេជោយ៉ាងច្បាស់ ដោយ សម្ដេចតេជោបានផ្តល់នូវវិភាគទានយ៉ាងសម្បើម ចំពោះចំណងមិត្តភាពនិងកិច្ចសហការរវាងកម្ពុជានិងអតីតសហភាពសូវៀត និងបន្តមកដល់សហព័ន្ធរុស្ស៊ី នាពេលបច្ចុប្បន្ននេះ។ លោកបានបញ្ជាក់ថា កម្ពុជានិង សហព័ន្ធរុស្ស៊ី មានទំនាក់ទំនងមិត្តភាពជិតស្និទ្ធនិងប្រវត្តិយូរអង្វែងរយៈពេល ៦៨ឆ្នាំហើយ។ រុស្ស៊ីកំពុងតែខិតខំព្យាយាមដើម្បីពង្រឹងទំនាក់ទំនងកិច្ចសហប្រតិបត្តិការលើវិស័យជាច្រើន។
លោកទូតបានបង្ហាញថា លោកនឹងខិតខំធ្វើយ៉ាងណាក្នុងការលើកកម្ពស់ទំនាក់ទំនងសេដ្ឋកិច្ច ពាណិជ្ជកម្ម នយោបាយ ទំនាក់ទំនងរវាងក្រុមមិត្តភាពរដ្ឋសភា និងព្រឹទ្ធសភា ដើម្បីឱ្យចំណងមិត្តភាពរវាងប្រទេសទាំងពីរកាន់តែត្រូវបានពង្រឹងនិងរីកចម្រើនជាលំដាប់។ ពាកព័ន្ធនឹងទំនាក់ទំនងសេដ្ឋកិច្ច លោកបានសង្កេតឃើញថា ទំហំពាណិជ្ជកម្មយើងនៅតូចនៅឡើយ ដោយលោកបញ្ជាក់ថាក្រុមហ៊ុនរុស្ស៊ីមួយចំនួន កំពុងតែស្វែងរកដៃគូរបស់ខ្លួនហើយកំពុងតែធ្វើការជាមួយនឹងសភាពាណិជ្ជកម្ម និងក្រសួងពាណិជ្ជកម្មកម្ពុជាដើម្បីវិនិយោគនៅកម្ពុជា។
លោកក៏បានបញ្ជាក់ផងដែរថា ទាក់ទងនឹងបញ្ហាបំណុល ការចរចាគឺមានជំហានទៅមុខជាវិជ្ជមាន។ លោកឯកអគ្គរដ្ឋទូត បានរំឭកផងដែរថា ក្នុងរយៈពេលកន្លងមកនេះ សហព័ន្ធរុស្ស៊ីបានជួយកសាងសេដ្ឋកិច្ចនៅកម្ពុជាហើយក៏មាននូវកិច្ចសហប្រតិបត្តិការជាច្រើនទាក់ទងនឹងបញ្ហាបច្ចេកទេស។ ទំនាក់ទំនងកិច្ចសហប្រតិបត្តិការយោធា និងការពារជាតិ សហព័ន្ធរុស្ស៊ីបានផ្ដល់អាហារូបករណ៍ដល់និស្សិតកម្ពុជាជាច្រើនទៅបំពេញការសិក្សានៅប្រទេសរុស្ស៊ី។ ទន្ទឹមនឹងនោះ រុស្ស៊ីក៏បានរៀបចំឱ្យមានជាទស្សនកិច្ចរបស់យុវជនក្មេងៗបានទៅទស្សនកិច្ចនៅប្រទេសរុស្ស៉ីផងដែរ។
នៅលើវេទិការអន្តរជាតិ លោកបានរំឭកថា កម្ពុជានិងរុស្ស៊ីបានជួយគ្នា និងសម្របសម្រួលគ្នានៅលើយន្តការអង្គការសហប្រជាជាតិ អង្គការអន្តរជាតិនិងតំបន់ ហើយសូមអរគុណកម្ពុជាក្នុងតួនាទីជាអ្នកសម្របសម្រួលរវាងអាស៊ាននិងរុស្ស៊ីក្នុងការជួយពង្រឹងភាពជាដៃគូសន្ទនារបស់រុស្ស៊ីនៅក្នុងអាស៊ានផងដែរ។
ពាក់ព័ន្ធវិស័យទេសចរណ៍លោកបានលើកឡើងថា ចំនួនភ្ញៀវទេសចរណ៍រុស្ស៊ីមកកម្ពុជា មានការកើនឡើងជាបន្តបន្ទាប់ ហើយរុស្ស៊ីនឹងពិចារណាឱ្យមានជើងហោះហើរផ្ទាល់ពីរុស្ស៊ីមកកាន់កម្ពុជា ដើម្បីបង្កើនការផ្លាស់ប្តូរអ្នកទេសចររវាងប្រទេសទាំងពីរ។ លោកក៏បានថ្លែងអំណរគុណកម្ពុជា ដែលបានធានាសុវតិ្ថភាពភ្ញៀវទេសចរ ដែលមកទស្សនាកម្ពុជា ជាពិសេសភ្ញៀវទេសចររុស្ស៉ី។
លោកឯកអគ្គរដ្ឋទូត បានរំឭកផងដែរ កម្ពុជាជាមិត្តចាស់ មិត្តគួរឱ្យទុកចិត្ត ជាដៃគូដ៏ល្អ និងខិតខំប្រឹងប្រែងពង្រឹង និងពង្រីកនូវទំនាក់ទំនងដែលមានសក្តានុពល និងជំរុញដល់កិច្ចសហការដើម្បីអភិវឌ្ឍន៍ និងដើម្បីផលប្រយោជន៍សម្រាប់ប្រទេសទាំងពីរ។ ជាចុងក្រោយលោកឯកអគ្គរដ្ឋទូត បានគូសបញ្ជាក់ថា រុស្ស៊ីគឺជាមិត្តភក្តិយូរអង្វែង និងជានិច្ចកាលនៅជាមួយកម្ពុជានៅពេលលំបាក ហើយរុស្ស៊ីនឹងមិនជ្រៀតជ្រែកលើកិច្ចការរបស់ប្រទេសកម្ពុជានោះទេ៕