សម្តេចតេជោ ហ៊ុន សែន ប្រធានព្រឹទ្ធសភានៃព្រះរាជាណាចក្រកម្ពុជា បានបញ្ជាក់ពីគម្រោងជួយសាធារណរដ្ឋគុយបា ក្នុងការផលិតស្រូវដើម្បីកាត់បន្ថយការនាំចូល ហើយទន្ទឹមនឹងនោះ សម្ដេចតេជោ មានបំណងជំរុញការនាំចេញនិងនាំចូលនូវផលិតផលទៅវិញ ទៅមក។
ប្រសាសន៍របស់សម្ដេចតេជោ ហ៊ុន សែន ក្នុងពេលអនុញ្ញាតឱ្យឯកអគ្គរដ្ឋទូតសាធារណរដ្ឋគុយបា ចូលជួបសម្ដែងការគួរសម និងពិភាក្សាការងារ នៅព្រឹកថ្ងៃទី៥ ខែមិថុនា ឆ្នាំ២០២៤។
ទន្ទឹមនឹងនេះដែរ សម្ដេចតេជោប្រធានព្រឹទ្ធសភា បានផ្ដល់ជាអនុសាសន៍ដូចខាងក្រោម៖
ទី១) វិស័យកសិកម្ម ជាពិសេសការផលិតស្រូវ កម្ពុជាមានបទពិសោធន៍ក្នុងការផលិតស្រូវដោយប្រើ រយៈពេលខ្លី ប្រើទឹកតិច ដែលអាចជួយដល់គុយបាជម្នះការលំបាកក្នុងពេលដែលប្រទេសគុយបាកំពុងតែទទួលរងនូវការហ៊ុមព័ទ្ធ។ គុយបា អាចយកបច្ចេកទេសផលិតស្រូវកម្ពុជា ដើម្បីយកទៅអនុវត្តជាក់ស្ដែងនៅប្រទេសគុយបា ពីព្រោះថាសព្វថ្ងៃនេះ គុយបាកំពុងមានបញ្ហាខ្វះខាតស្បៀងដែលជាបញ្ហាសំខាន់ត្រូវយកចិត្តទុកដាក់ដោះស្រាយ។
ទី២) ពាក់ព័ន្ធវិស័យវេជ្ជសាស្រ្ត សម្ដេចតេជោ បានថ្លែងអំណរគុណ ដល់រដ្ឋាភិបាលគុយបា ដែលបានផ្ដល់ការគាំទ្រ និងជួយដល់កម្ពុជាក្នុងពេលដ៏លំបាក ជាពិសេសគឺនៅពេលដែលកម្ពុជាទើបតែរួចផុតពីរបបប៉ុលពត។ កម្ពុជាបានបញ្ជូននិស្សិតជាច្រើនទៅសិក្សានៅប្រទេសគុយបា ដោយគុយបាមានបច្ចេកវិទ្យាវេជ្ជសាស្ត្រ សិក្សា និងផលិតវ៉ាក់សាំង ដូចនេះ សម្ដេចតេជោ បានផ្ដល់អនុសាសន៍ឱ្យ លោកជំទាវ ឯកអគ្គរដ្ឋទូត បន្តធ្វើការជាមួយក្រសួងសុខាភិបាលកម្ពុជា។
លោកជំទាវ ឯកអគ្គរដ្ឋទូត Milena Caridad Zaldivar Piedra បានចាត់ទុកថា មិត្តភាពរវាងកម្ពុជានិងគុយបា គឺស្ថិតលើការកសាងជាតិ និងសន្តិសុខ ដោយប្រទេសទាំងពីរក៏ជាសមាជិកមិនចូលបក្សសម្ព័ន្ធដូចគ្នា។ លោកជំទាវ បានថ្លែងពីការស្ញប់ស្ញែង និងកោតសរសើររបស់លោកជំទាវ ចំពោះកម្ពុជាដែលជោគជ័យនៅក្នុងបញ្ហាសន្តិសុខស្បៀង និងមានការអភិវឌ្ឍកម្រិតខ្ពស់ ហើយប្រទេសគុយបាក៏ចង់រៀនសូត្រពីកម្ពុជាផងដែរ។
លោកជំទាវ ឯកអគ្គរដ្ឋទូត បានរាយការណ៍ជូន សម្ដេចតេជោថា សម្ដេចតេជោ ហ៊ុន សែន ត្រូវបានប្រជាជនគុយបា គោរពស្រឡាញ់រាប់អាន ហើយទំនាក់ទំនងរវាងប្រទេសយើងទាំងពីរគឺមានភាពរឹងមាំ ដោយយើងបានជួយគ្នាក្នុងការអភិវឌ្ឍ និងកិច្ចសហការក្នុងកម្មវិធីជាច្រើនដែលធ្វើឱ្យប្រទេសយើងទាំងពីរកាន់តែជិតស្និទ្ធគ្នាបន្ថែមទៀត។
ឯកអគ្គរដ្ឋទូតរូបនេះ ក៏បានរៀបរាប់ផងដែរពីការលំបាករបស់គុយបានាពេលបច្ចុប្បន្នដោយមានការហ៊ុមព័ទ្ធទាំងផ្នែកសេដ្ឋកិច្ច និងហិរញ្ញវត្ថុ ដែលធ្វើឱ្យបានមានការលំបាកក្នុងការនាំចូលស្បៀង។ លោកជំទាវ បានថ្លែងអំណរគុណផងដែរចំពោះកម្ពុជាដែលតែងតែបោះឆ្នោតគាំទ្រឱ្យមានការដកទណ្ឌកម្មចេញពីប្រទេសគុយបា នៅសន្និបាតអង្គការសហប្រជាជាតិជារៀងរាល់ឆ្នាំ៕