កម្ពុជា រំពឹងថាកំពង់ផែពហុបំណងកំពត នឹងក្លាយជាសរសៃឈាមដ៏សំខាន់ សម្រាប់ការដឹកជញ្ជូនតាមផ្លូវសមុទ្រ

កំពង់ផែពហុបំណងកំពតនេះ នឹងក្លាយជាសរសៃឈាមដ៏សំខាន់សម្រាប់ ការដឹកជញ្ជូនតាមផ្លូវសមុទ្ររបស់កម្ពុជា ដែលនឹងចូលរួមចំណែកក្នុងការជំរុញសេដ្ឋកិច្ចកម្ពុជាឱ្យមានកំណើនបន្ថែមទៀត ជាពិសេនឹងក្លាយជាកំពង់ផែទឹកជ្រៅមួយបន្ថែម ជួយបំពេញបន្ថែមឱ្យកំពង់ផែស្វយ័តក្រុងព្រះសីហនុ និងកំពង់ផែស្វយ័តភ្នំពេញ ។ នេះជាការរំពឹងឯកឧត្តម ប៉េង ពោធិ៍នា រដ្ឋមន្ត្រីក្រសួងសាធារណការ និងដឹកជញ្ជូន ក្នុងពិធីសម្ពោធបើកឱ្យប្រើប្រាស់ជាផ្លូវការកំពង់ផែពហុបំណងកំពត នាថ្ងៃទី៦ ខែមិថុនា ឆ្នាំ២០២៤ ។

default

ឯកឧត្តម ប៉េង ពោធិ៍នា លើកឡើងថា ចំពោះការដឹកជញ្ជូនតាមផ្លូវសមុទ្រពីកំពង់ផែពហុបំណងកំពត ទៅកាន់ប្រទេសក្នុងតំបន់អាស៊ីប៉ាស៊ីហ្វិក អាចដំណើរការទៅបាន ដោយពុំចាំបាច់ប្តូរនាវានៅកំពង់ផែណាមួយឡើយ លើកលែងតែការ ដឹកជញ្ជូនទំនិញទៅកាន់សហរដ្ឋអាមេរិក និងអឺរ៉ុប ដែលតម្រូវឱ្យប្តូរនាវានៅកំពង់ផែធំៗ មុននឹង ទៅដល់គោលដៅចុងក្រោយ។

ជាមួយគ្នានេះ ឯកឧត្តម បន្ថែមថា កំពង់ផែថ្មីនេះ ក៏នឹងចូលរួមចំណែកផ្តល់ឱកាសការងារដល់ ប្រជា ពលរដ្ឋដែលរស់នៅខេត្តកំពត និងប្រជាពលរដ្ឋដទៃទៀត ខណៈបច្ចុប្បន្ន បុគ្គលិក កម្មករ និយោជិតដែលបាននិងកំពុងបម្រើការងារនៅកំពង់ផែនេះមានចំនួនសរុប ១៧៦នាក់ ហើយ ចំនួននេះនឹងមានការកើនឡើងបន្ថែមទៀតនាពេលអនាគតទៅតាមទំហំប្រតិបត្តិការ និងការរីក ចម្រើនរបស់កំពង់ផែ។

គួរបញ្ជាក់ថា កំពង់ផែពហុបំណងកំពត មានទីតាំងស្ថិតនៅ ភូមិគីឡូ១២ សង្កាត់កោះតូច និងសង្កាត់បឹងទូក ក្រុងបូកគោ ខេត្តកំពត ត្រូវបានរាជរដ្ឋាភិបាលអនុញ្ញាតឱ្យបង្កើតឡើង នៅក្នុងអំឡុងឆ្នាំ២០០៥ និងត្រូវបានក្រសួងសាធារណការ និងដឹកជញ្ជូនផ្តល់លិខិតអនុញ្ញាត ឱ្យធ្វើការអភិវឌ្ឍសាងសង់ហេដ្ឋារចនាសម្ព័ន្ធកំពង់ផែនៅក្នុងអំឡុងឆ្នាំ២០១២ នៅលើផ្ទៃដីទំហំ សរុប ២០៧ហិកតា ដែលជាកម្មសិទ្ធិរបស់ក្រុមហ៊ុនកំពតផត។

គម្រោងអភិវឌ្ឍន៍កំពង់ផែពហុបំណងកំពត នៅក្នុងដំណាក់កាលទី១ បានបញ្ចប់ការសាងសង់ជាស្ថាពរស្របតាមលក្ខណៈបច្ចេកទេស ដោយបានចំណាយថវិកា សាងសង់សរុបប្រមាណ ១៤០លានដុល្លារអាម៉េរិក ដែលជាទុនវិនិយោគរបស់ក្រុមហ៊ុនកំពតផត។ ក្រុមហ៊ុនកំពតផតក៏មានគម្រោងសាងសង់ពង្រីកហេដ្ឋា រចនាសម្ព័ន្ធរបស់កំពង់ផែពហុបំណងកំពតនេះ នៅក្នុងដំណាក់កាលបន្ទាប់ ក្នុងនោះ ដំណាក់កាល ទី២ និងដំណាក់កាលទី៣ គ្រោងនឹងសាងសង់ឡើងដោយមានជម្រៅទឹករហូតដល់ -១៣ម៉ែត្រ ដែលនឹងអនុញ្ញាតឱ្យនាវាចំណុះ ២០ ០០០តោន អាចធ្វើប្រតិបត្តិការចូល-ចេញកំពង់ផែប្រកប ដោយសុវត្ថិភាព និងមានការសាងសង់នូវឋបនីយភណ្ឌផែ សម្រាប់អ្នកដំណើរផងដែរ៕

អត្ថបទ៖ ពុទ្ធិកា

default
default