ក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ បានដាក់ចេញយន្តការ ៨ចំនុច ក្នុងកិច្ចគាំពារពលករទេសន្តរប្រវេសន៍កម្ពុជា។ ការដាក់ចេញនូវវិធានការទាំងនេះ គឺដើម្បីលើកកម្ពស់សិទ្ធិ និងកិច្ចគាំពារពលករខ្មែរដែលធ្វើការនៅក្រៅប្រទេស។ នេះជាការបញ្ជាក់របស់ ឯកឧត្តម កត្តា អ៊ន រដ្ឋលេខាធិការ និងជាអ្នកនាំពាក្យក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ នៅថ្ងៃទី៤ ខែមិថុនា ឆ្នាំ២០២៤។
យន្តការ ៨ចំនុចក្នុងកិច្ចគាំពារពលករទេសន្តរប្រវេសន៍កម្ពុជា នោះ រួមមាន៖
ទី១ រាជរដ្ឋាភិបាលបាន និងកំពុងបន្តចុះអនុស្សារណៈយោគយល់គ្នាជាមួយប្រទេសទទួលពលករដើម្បីធានាការទទួលខុសត្រូវ និងកិច្ចការពារសិទ្ធិពលករធ្វើការនៅក្រៅប្រទេស។
ទី២. កិច្ចការមុនពេលចេញដំណើររបស់ពលករគឺ ការភ្ជាប់ប្រព័ន្ធទិន្នន័យតាមអនឡាញ(Online) ដោយដាក់ឱ្យដំណើរការលិខិតបញ្ជាក់តម្រូវការកម្លាំងពលកម្ម និងបញ្ជីឈ្មោះពលករ ក្នុងគោលបំណងកាត់បន្ថយរយៈពេលដំណើរការការងារឱ្យកាន់តែខ្លី។ ទន្ទឹមនេះ ធ្វើការបណ្តុះបណ្តាលពលករអំពីបែបបទរស់នៅ វប្បធ៌ម ប្រពៃណី សិទ្ធិ និងច្បាប់នៃប្រទេសទទួលពលករ។
ទី៣ ជំរុញឱ្យមានចល័តភាពនៃរបបសន្តិសុខសង្គមសម្រាប់ពលករធ្វើការនៅក្រៅប្រទេស និងពេលត្រឡប់មកវិញ ដើម្បីពលកររក្សាបានរបបសន្តិសុខសង្គម។
ទី៤ បន្តណែនាំទីភ្នាក់ងារជ្រើសរើសពលករឯកជនឱ្យបំពេញបែបបទសហគ្រាស និងមានការទទួលខុសត្រូវចំពោះពលករ។ ចាត់វិធានការច្បាប់យ៉ាងម៉ឺងម៉ាត់ចំពោះក្រុមហ៊ុនជ្រើសរើសពលករដែលបំពានច្បាប់ និងរំលោភសិទ្ធិពលករ។
ទី៥ ផ្តល់កិច្ចការពារ និងជំនួយផ្នែកច្បាប់ដល់ពលករតាមរយៈស្ថានឯកអគ្គរាជទូត ស្ថានកុងស៊ុល និងអនុព័ន្ធការងារកម្ពុជាក្នុងករណីមានបញ្ហាកើតឡើងចំពោះពលករ។ ពលករអាចទំនាក់ទំនងតាមរយៈ លេខទាក់ទងបន្ទាន់ (Hotline) ១២៩៧ ឬ ១២៨៦, ក្រុមតេលេក្រាម«សម្រាប់ពលករទេសន្តរប្រវេសន៍, នាយកដ្ឋានមុខរបរ និងហត្ថពលកម្ម ឬទូរស័ព្ទលេខ ០១១ ៨៩៨ ៩១២ ឬ ០៩៧ ៩២០ ២០២៣ ឬ ០៨៧ ២១៥ ២១៥ ឬ ០៨៩ ៩៥៧ ៧៨៩, មន្ទីរការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈរាជធានី ខេត្ត។
ទី៦ សហការជាមួយភាគីពាក់ព័ន្ធក្នុងការផ្លាស់ប្តូរព័ត៌មាន និងគាំទ្រដល់ពលករ។
ទី៧ បន្តផ្តល់ការអប់រំណែនាំពលករអំពីអត្ថប្រយោជន៍ និងការចេញទៅធ្វើការនៅក្រៅប្រទេសស្របច្បាប់ ចៀសវាងការទៅធ្វើការក្រៅប្រទេសដោយខុសច្បាប់។
និងទី៨ ផ្តល់ការបណ្តុះបណ្តាលជំនាញ និងស្វែងរកការងារជូនពលករពេលត្រឡប់មកមាតុប្រទេសវិញ។
គួរបញ្ជាក់ថា បច្ចុប្បន្នកម្ពុជា មានពលករជាង ១,៣ លាននាក់ ធ្វើការនៅតាមប្រទេសដូចជា ថៃ ជប៉ុន កូរ៉េខាងត្បូង ម៉ាឡេស៊ី សិង្ហបុរី តំបន់រដ្ឋបាលពិសេសហុងកុង និងប្រទេសអារ៉ាប៊ីសាអូឌីត។ ពលករទេសន្តរប្រវេសន៍ បានផ្ញើរថវិកាមកក្រុមគ្រួសារប្រមាណជិត៣ពាន់លានដុល្លារអាមេរិករៀងរាល់ឆ្នាំ ដែលថវិកាទាំងនេះបានជួយលើកកម្ពស់ជីវភាពគ្រួសារនិងសេដ្ឋកិច្ចជាតិកាន់តែរីកចម្រើនបន្ថែមទៀត៕ អត្ថបទ៖ ពុទ្ធិកា