ឯកឧត្តម នាយឧត្តមសេនីយ៍ ទៀ សីហា ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីការពារជាតិ បានជួបប្រជុំទ្វេភាគីជាមួយ ឯកឧត្តម ទុង ជុន (Dong Jun) រដ្ឋមន្ត្រីក្រសួងការពារជាតិ នៃសាធារណរដ្ឋប្រជាមានិតចិន ក្នុងឱកាសដែល រដ្ឋមន្ត្រីការពារជាតិទាំងពីរ បានអញ្ជើញមកចូលរួមក្នុង កិច្ចសន្ទនា Shangri-La លើកទី ២១ នៅប្រទេស សឹង្ហបុរី។
ឯកឧត្តម ទៀ សីហា បានសំដែងការអបអរសាទរចំពោះ ឯកឧត្តម ទុង ជុន ( Dong Jun) ដែលត្រូវបានរដ្ឋាភិបាល នៃសាធារណរដ្ឋប្រជាមានិតចិន តែងតាំងជារដ្ឋមន្ត្រីក្រសួងការពារជាតិចិន ។ ឯកឧត្តម បានសង្កត់ធ្ងន់ថា៖ រាជរដ្ឋាភិបាលកម្ពុជាក្រោមការដឹកនាំរបស់សម្ដេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា នៅតែបន្តគាំទ្រគោលនយោបាយចិនតែមួយ។ ឯកឧត្តម បានបញ្ជាក់ទៀតថាៈទំនាក់ទំនងកម្ពុជា-ចិន មានការរីកចម្រើន ក្នុងនោះទំនាក់ទំនងកិច្ចសហប្រតិបត្តិការរវាង កងទ័ពទាំងពីរ ក្រោមការដឹកនាំ របស់សម្ដេចពិជ័យសេនា ទៀ បាញ់ អតីតឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងការពារជាតិ បានធ្វើឲ្យទំនាក់ទំនងកម្ពុជា- ចិន មានការរីកចម្រើនមកដល់បច្ចុប្បន្ននេះ។
ក្នុងនាមជាអ្នកបន្តវេន ឯកឧត្តម ទៀ សីហា បានសន្យាថានឹងបន្តពង្រឹងពង្រីកកិច្ចទំនាក់ទំនងដែលមានស្រាប់ និងព្យាយាមធ្វើយ៉ាងណាបង្កើននូវទំនាក់ទំនងនេះឱ្យបានកាន់តែល្អប្រសើរឡើងបន្ថែមទៀត។ ឯកឧត្តម ទៀ សីហា បានអញ្ជើញឯកឧត្តម ទុង ជុន (Dong Jun) រដ្ឋមន្ត្រីក្រសួងការពារជាតិចិន មកទស្សនកិច្ចជាផ្លូវការនៅកម្ពុជាផងដែរ ។
ឯកឧត្តម ទុង ជុន (Dong Jun) រដ្ឋមន្ត្រីក្រសួងការពារជាតិចិន បានវាយតំលៃខ្ពស់ចំពោះទំនាក់ទំនងកិច្ចសហប្រតិបត្តិការរវាកងទ័ពនៃប្រទេសទាំងពីរ ។ ឯកឧត្តម ចាត់ទុក ឯកឧត្តម ទៀ សីហា ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងការពារជាតិកម្ពុជា ជាអ្នកដឹកនាំបន្តវេន នៃកងទ័ពយើងទាំងពីរ កម្ពុជា-ចិន ដើម្បីបន្តដឹកនាំ រឹតចំណងមិត្តភាព និងកិច្ចសហប្រតិបត្តិការរវាងកងទ័ពទាំងពីរ ។ ឯកឧត្តម ទុង ជុន (Dong Jun) រដ្ឋមន្ត្រីក្រសួងការពារជាតិចិន បានអញ្ជើញឯកឧត្តម ទៀ សីហា ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងការពារជាតិកម្ពុជា ទៅទស្សនកិច្ច និងចូលរួមកិច្ចប្រជុំ សៀងសាន នៅប្រទេសចិននៅក្នុងឆ្នាំ២០២៤ នេះផងដែរ ។
ជំនួបរវាងរដ្ឋមន្ត្រីការពារជាតិចិននិងរដ្ឋមន្ត្រីការពារជាតិកម្ពុជា មុនពេលដែល លោក ឡយ អូស្ទីន (Lloyd Austin) រដ្ឋមន្ត្រីការពារជាតិសហរដ្ឋអាមេរិក បានមកដល់ប្រទេសកម្ពុជានៅវេលាម៉ោងប្រមាណ ៩ព្រឹកថ្ងៃអង្គារ ទី៤ ខែមិថុនា ឆ្នាំ២០២៤នេះ ដែលជាការបំពេញទស្សនកិច្ចផ្លូវការជាប្រវត្តិសាស្ត្រ លើកដំបូងនៅកម្ពុជា។
ក្នុងក្របខ័ណ្ឌទស្សនកិច្ចនេះ ឯកឧត្តម ឡយ អូស្ទីន នឹងជួបសម្តែងការគួរសម និងពិភាក្សា ការងារដាច់ដោយឡែក ជាមួយថ្នាក់ដឹកនាំជាន់ខ្ពស់មួយចំនួន នៃព្រះរាជាណាចក្រកម្ពុជា ដែលក្នុងនោះ រួមមាន៖ សម្តេចតេជោ ហ៊ុន សែន ប្រធានព្រឹទ្ធសភា នៃកម្ពុជា សម្តេចធិបតី ហ៊ុន ម៉ាណត នាយករដ្ឋមន្ត្រី នៃកម្ពុជា និង ឯកឧត្តម នាយឧត្តមសេនីយ៍ ទៀ សីហា ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងការពារជាតិក ដើម្បីបន្តពង្រឹង និង ពង្រីកកិច្ចសហប្រតិបត្តិការល្អរវាងប្រទេសទាំងពីរ កម្ពុជា- អាមេរិក ដែលមានជាង៧០ឆ្នាំមកហើយ ជាពិសេសតាមរយៈ ការជំរុញការអនុវត្ត កិច្ចសហប្រតិបត្តិការរបស់រដ្ឋាភិបាលទាំងពីរ។
ដំណើរទស្សនកិច្ចផ្លូវការ ឯកឧត្តម ឡយ អូស្ទីន រដ្ឋមន្ត្រីក្រសួងការពារជាតិសហរដ្ឋអាមេរិក នឹងបញ្ជាក់ជាថ្មីនូវចំណងមិត្តភាពដ៏យូរអង្វែង និងគូសបញ្ជាក់ពីការប្តេជ្ញាចិត្តរបស់ក្រសួងការពារជាតិអាមេរិក និងកងយោធពលខេមរភូមិន្ទក្នុងការសហការជាដៃគូរដ៏សំខាន់ ដើម្បីជំរុញកិច្ចសហប្រតិបត្តិការការពារជាតិឱ្យកាន់តែស៊ីជម្រៅ សម្រាប់ការថែរក្សានូវ សន្តិភាព ស្ថិរភាព និងការអភិវឌ្ឍប្រកបដោយចីរភាពរបស់ប្រទេសទាំងពីរ ក៏ដូចជាសម្រាប់តំបន់ទាំងមូល៕
អត្ថបទ៖ អក្ខរា