លោកបណ្ឌិត យង់ ពៅ អគ្គលេខាធិការនៃរាជបណ្ឌិត្យសភាកម្ពុជា និងជាអ្នកជំនាញវិទ្យាសាស្ត្រនយោបាយ បានបញ្ចេញទស្សនៈផ្ទាល់ខ្លួនពាក់ព័ន្ធនឹងទំនាក់ទំនងប្រទេស កម្ពុជា-អាមេរិក។ ទំនាក់ទំនងកម្ពុជា-អាមេរិក ដែលលោកបណ្ឌិត យល់ឃើញថា ទំនាក់ទំនងប្រទេស កម្ពុជា-អាមេរិក ស្ថិតលើរបៀបវារៈ ភូមិសាស្ត្រនយោបាយ ២ផ្សេងគ្នា ដែលពិបាកនឹងកែប្រែ ពោលគឺសហរដ្ឋអាម៉េរិកកំណត់របៀបវារៈភូមិសាស្ត្រនយោបាយរបស់ខ្លួននៅតែប្រកាន់ «ភាពជាមហាអំណាចទី១ គ្រប់គ្រងពិភពលោកតែម្នាក់ឯង» ខណៈដែលព្រះរាជាណាចក្រកម្ពុជា ប្រកាន់យករបៀបវារៈភូមិសាស្ត្រនយោបាយ «ពង្រឹងសមត្ថភាព រស់ក្នុងសន្តិភាព ផ្អែកលើច្បាប់ជាតិនិងអន្តរជាតិ ក្នុងឋានៈរដ្ឋអធិបតេយ្យ»។
ចំពោះដំណើរទស្សនកិច្ចរបស់លោក Lloyd Austin រដ្ឋមន្ត្រីការពារជាតិសហរដ្ឋអាមេរិក មកកាន់កម្ពុជានាថ្ងៃទី៤ ខែមិថុនា ឆ្នាំ២០២៤ខាងមុខនេះ លោកបណ្ឌិត បានលើកឡើងថាដំណើរទស្សនកិច្ចនេះ ស្របពេលដែលកម្ដៅភូមិសាស្ត្រនយោបាយ នៅច្រកសមុទ្រតៃវ៉ាន់ ស្ថិតក្នុងស្ថានភាពប្រឈម ហើយក៏នឹងកម្ពុជា-ចិន ទើបបិទបញ្ចប់សមយុទ្ធយោធា «នាគមាសលើកទី៦»។
អ្នកជំនាញនៃរាជបណ្ឌិត្យសភាកម្ពុជាយល់ថា សហរដ្ឋអាមេរិកតែងមើលមកកម្ពុជាថាលម្អៀងទៅចិនខ្លាំង ដែលត្រង់ចំណុចនេះលោកវាយតម្លៃថា កម្ពុជាមិនផ្អៀងទោរទន់នឹងប្រទេសណានោះទេ គឺកម្ពុជាផ្អៀងទៅលើផលប្រយោជន៍ប្រជាជននិងជាតិកម្ពុជា ដូចមានចែងក្នុងមាត្រា ៥៣នៃរដ្ឋធម្មនុញ្ញរបស់កម្ពុជា៕
អត្ថបទ៖ អក្ខរា