ភ្នំពេញសម្រេចបង្កើតផ្លូវថ្មីមួយខ្សែតភ្ជាប់ពីផ្លូវជាតិលេខ១ទៅគល់ស្ពានព្រែកប្រា-ចាក់អង្រែក្រោម

រដ្ឋបាលរាជធានីភ្នំពេញបង្កើតផ្លូវថ្មីមួយខ្សែទៀត តភ្ជាប់ពីផ្លូវជាតិលេខ១ កាត់តាមបុរី ប៉េង ហួត បឹងស្នោរ រហូតដល់គល់ស្ពានឆ្លងកាត់ទន្លេបាសាក់ (ចាក់អង្រែក្រោម-ព្រែកប្រា)។

លោក  ឃួង ស្រេង អភិបាលរាជធានីភ្នំពេញ លើកឡើងថា ស្ពានកោះនរាក្រោយស្ថាបនាហើយ ដោះស្រាយការកកស្ទះចរាចរណ៍លើកំណាត់ផ្លូវជាតិលេខ១ ចូលមកភ្នំពេញ បានប្រមាណ៣០ភាគរយប៉ុណ្ណោះ ដោយវានៅតែបង្កការកកស្ទះចរាចរណ៍ចៀសមិនរួច។

លោកបន្តថា នៅពេលបើកផ្លូវថ្មីតភ្ជាប់ពីផ្លូវជាតិលេខ១ កាត់តាមបុរី ប៉េង ហួត បឹងស្នោរ រហូតដល់គល់ស្ពានឆ្លងកាត់ទន្លេបាសាក់ (ចាក់អង្រែក្រោម-ព្រែកប្រា)នេះមួយខ្សែទៀត វានឹងដោះស្រាយការកកស្ទះចរាចរណ៍លើកំណាត់ផ្លូវជាតិលេខ១ កាន់តែប្រសើរឡើងមួយកម្រិតទៀត។ 

 បើតាមលោកអភិបាលរាជធានីភ្នំពេញ ផ្លូវថ្មីតភ្ជាប់ពីផ្លូវជាតិលេខ១ រហូតដល់គល់ស្ពានឆ្លងកាត់ទន្លេបាសាក់ (ចាក់អង្រែក្រោម-ព្រែកប្រា) អាចដោះចរាចណ៍ពីផ្លូវជាតិលេខ១ ទៅផ្លូវ៦០ម៉ែត្រខណ្ឌមានជ័យ និងបន្តឆ្ពោះទៅ២១៧ (ផ្លូវចំការដូង)។

សូមជម្រាបថា គម្រោងស្ថាបនាស្ពានឆ្លងកាត់ទន្លេបាសាក់ (ចាក់អង្រែក្រោម-ព្រែកប្រា) សម្រេចការសាងសង់បានជាង១០%ហើយ ដោយបច្ចុប្បន្ន សសរគ្រឹះចំនួន២៤ដើម បានចាក់បេតុងរួចរាល់១០០% និងកំពុងបន្តរៀបចំដំឡើងពុម្ពជើងតាង ព្រមទាំងការងារសំខាន់ៗមួយចំនួនទៀត៕