ទូតអង់គ្លេស សរសើររដ្ឋាភិបាលអាណត្តិថ្មី មានថាមពលខ្លាំង

លោក ដូមីនីក វីលៀមស៍ (Dominic Williams) ឯកអគ្គរាជទូតអង់គ្លេសប្រចាំកម្ពុជា មានប្រសាសន៍ថា រាជរដ្ឋាភិបាលអាណត្តិថ្មី ដែលដឹកនាំដោយ សម្ដេចធិបតីនាយករដ្ឋមន្ត្រី គឺមានថាមពលខ្លាំង មានសកម្មភាពមមាញឹក ដែលផ្ដោតសំខាន់ទៅលើបញ្ហាពាណិជ្ជកម្ម និងការវិនិយោគ ហើយអង់គ្លេសក៏មានកិច្ចសហប្រតិបត្តិការជាច្រើនជាមួយកម្ពុជា ហើយចក្រភពអង់គ្លេស នឹងជួយឱ្យការផ្ទេរអំណាចទៅអ្នកជំនាន់ក្រោយនេះ មានស្ថិរភាព មានសន្តិសុខមានសន្តិភាព និងគាំទ្ររដ្ឋាភិបាលថ្មី ដើម្បីបន្តការអភិវឌ្ឍប្រទេសជាតិឲ្យកាន់តែរីកចម្រើន។

ការលើកឡើងរបស់ទូតអង់គ្លេស ក្នុងពេលចូលជួបសម្ដែងការគួរសម និងពិភាក្សាការងារជាមួយសម្តេចតេជោ ហ៊ុន សែន ប្រធានព្រឹទ្ធសភា នៅថ្ងៃទី៣០ ខែឧសភា ឆ្នាំ២០២៤ នៅវិមានព្រឹទ្ធសភា រាជធានីភ្នំពេញ។

លោកឯកអគ្គរដ្ឋទូត បានរំលឹកថា កាលពីជំនួបលើកមុន ក្រោយពេលដែលលោកបានក្លាយជាឯកអគ្គរាជទូតអង់គ្លេសប្រចាំនៅកម្ពុជា ដែលចាប់តាំងពីពេលនោះមក ទំនាក់ទំនងរវាងកម្ពុជា និងចក្រភពអង់គ្លេសមានការរីកចម្រើនជាបន្តបន្ទាប់។ ក្នុងនោះដែរគឺការបើកសាកលវិទ្យាល័យអង់គ្លេសមួយនៅកោះពេជ្រដែលបានបើកដំណើរការជាផ្លូវការនៅខែកញ្ញា ឆ្នាំ២០២៣​ កន្លងមក ជាមួយនឹងតម្លៃសិក្សាសមរម្យ និងមានផ្ដល់អាហារូបករណ៍ផងដែរ។ លោកពិតជារីករាយ ដែលមាននិស្សិតខ្មែរដំបូងដែលបានចេញពីសាកលវិទ្យាល័យការពារជាតិរបស់អង់គ្លេស ហើយកន្លងទៅនេះ ក៏មាននាវារបស់អង់គ្លេសបានចូលចតនៅកំពង់ផែក្រុងព្រះសីហនុ ហើយសង្ឃឹមថានៅពេលខាងមុខ នឹងមាននាវាកងទ័ពជើងទឹករបស់អង់គ្លេសចូលចតជាបន្តបន្ទាប់ទៀត។

សម្ដេចតេជោ ហ៊ុន សែន បានកត់សម្គាល់ថា ការបង្កើតឧទ្យានឧស្សាហកម្មបៃតង ដែលកន្លងមកមានការវិនិយោគដោយកូរ៉េ ដោយជប៉ុន តែឥឡូវនេះ គឺនឹងមានការវិនិយោគដោយចក្រភពអង់គ្លេសបន្ថែមទៀត ក្នុងការវិនិយោគឧស្សាហកម្មបៃតងនេះ។ ទាក់ទងទៅនឹងវេទិកាវិនិយោគកម្ពុជា-អង់គ្លេស សម្ដេចតេជោ បានលើកឡើងថាថ្នាក់ដឹកនាំអង់គ្លេសបានជម្រាបបន្ថែមថា ទោះបីអង់គ្លេសចាកចេញពីសហគមន៍អឺរ៉ុបក៏ដោយ ក៏ប៉ុន្តែគោលនយោបាយរបស់អង់គ្លេសចំពោះកម្ពុជា គឺមិនមានការប្រែប្រួលនោះទេ។

សម្ដេចតេជោបានលើកទឹកចិត្តឲ្យ ឯកអគ្គរាជទូតអង់គ្លេសបន្តធ្វើការជាមួយរាជរដ្ឋាភិបាលថ្មី ដឹកនាំដោយសម្ដេចធិបតី ហ៊ុន ម៉ាណែត លើវិស័យពាណិជ្ជកម្ម និងការវិនិយោគនេះ ដើម្បីជំរុញទំហំពាណិជ្ជកម្មឲ្យមានការកើតឡើង៕