សម្តេចធិបតី ហ៊ុន ម៉ាណែត ផ្តាំយុវវ័យត្រូវធ្វើខ្លួនឱ្យខ្លាំងខាងរៀនសូត្រ កុំខ្លាំងខាងកាប់ដាវ

ពីខេត្តកំពង់ស្ពឺ សម្តេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី បានផ្តាំទៅយុវវ័យត្រូវធ្វើខ្លួនឱ្យខ្លាំងខាងសិក្សារៀនសូត្រ កុំខ្លាំងខាងកាប់ដាវ។ សម្តេចធិបតី ក៏បានផ្តាំផ្ញើទៅយុវវ័យថា កុំក្លាហានជាមួយរឿងខុសច្បាប់។ ការថ្លែងរបស់សម្តេចធិបតីនាយករដ្ឋមន្ត្រី ក្នុងពិធីសម្ពោធដាក់ឱ្យប្រើប្រាស់សមិទ្ធផលមួយចំនួននៅមជ្ឈមណ្ឌលវប្បធម៌ព្រះពុទ្ធសាសនាកម្ពុជា ស្ថិតនៅឧទ្យានជាតិព្រះសុរាម្រិត-កុសមៈ «គិរីរម្យ» នៅព្រឹកថ្ងៃទី៣០ ខែឧសភា ឆ្នាំ២០២៤។

សម្តេចបានឲ្យដឹងថា ម្សិលមិញសម្តេចបានបញ្ជាឱ្យតាមរកក្រុមក្មេង ដែលដេញកាប់គ្នាតាមផ្លូវជាតិលេខ៣។ ពេលនេះរកឃើញមួយចំនួនហើយ។

ថ្មីៗនេះ មានករណីក្រុមក្មេងទំនើងបានធ្វើសកម្មភាពជិះម៉ូតូប្រដាប់ដោយកាំបិត ពូថៅ ដេញកាប់គ្នា យ៉ាងអនាធិបតេយ្យ នៅចំណុចខាងមុខផ្សារអង្គតាសោម លើបណ្ដោយផ្លូវជាតិលេខ៣ ស្ថិតនៅភូមិអង្គតាសោម ឃុំអង្គតាសោម ស្រុកត្រាំកក់ ខេត្តតាកែវ កាលពីថ្ងៃទី២៨ ខែឧសភា ឆ្នាំ២០២៤។

មកដល់ពេលនេះ កម្លាំងអាវុធហត្ថខេត្តបានធ្វើការឃាត់ខ្លួនជនសង្ស័យម្នាក់ ខណៈជនសង្ស័យ៣នាក់ទៀត ដែលរត់គេចខ្លួនសមត្ថកិច្ចបានកំណត់មុខសញ្ញារួចរាល់អស់ហើយ កំពុងតែសុំដីកាចាប់ខ្លួនពីព្រះរាជអាជ្ញា៕

អត្ថបទ៖ អក្ខរា