លោក Mohammed Abdul Hye ឯកអគ្គរដ្ឋទូតវិសាមញ្ញ និងពេញសមត្ថភាពនៃសាធារណរដ្ឋប្រជាមានិតបង់ក្លាដែសប្រចាំនៅកម្ពុជា បានអបអរសារនិងកោតសរសើរកម្ពុជា ដែលក្រោមការដឹកនាំរបស់ សម្តេចតេជោ បានប្រែក្លាយពីប្រទេសក្រីក្រខ្លាំងនិងមានជម្លោះរ៉ាំរ៉ៃ មកជាប្រទេសដែលមានសន្តិភាព ស្ថិរភាព និងការអភិវឌ្ឍរីកចម្រើនឆាប់រហ័ស ដែលជាមេរៀននិងគម្រូល្អសម្រាប់ប្រទេសដទៃ។ លោកបានគូសបញ្ជាក់ថា មេដឹកនាំដូចប្រទេសកម្ពុជា មិនមានច្រើនទេនៅក្នុងពិភពលោក។
លោកទូតបានលើកឡើងបែបនេះ ក្នុងពេលចូលជួបសម្តែងការគួរសមនិងជម្រាបលាសម្ដេចតេជោ ហ៊ុន សែន មុនពេលឯកឧត្តមបញ្ចប់បេសកកម្មការទូតនៅកម្ពុជា នៅថ្ងៃទី២៧ ខែឧសភា ឆ្នាំ២០២៤ នៅវិមានព្រឹទ្ធសភា រាជធានីភ្នំពេញ ។
ឯកឧត្តមបានរំលឹកថា ឯកឧត្តមធ្លាប់ធ្វើជាមន្ត្រីទទួលបន្ទុកកិច្ចការកម្ពុជា (desk officer) ក្នុងទសវត្សរ៍ឆ្នាំ១៩៩០ ដែលជាពេលកម្ពុជាជួបប្រទះការលំបាកខ្លាំង។ ឯកឧត្តម មានការភ្ញាក់ផ្អើលនៅពេលបានឃើញផ្ទាល់ភ្នែកនូវការអភិវឌ្ឍដ៏ខ្លាំងនិងឆាប់រហ័សរបស់កម្ពុជា។ ទាំងនេះ គឺដោយសារ កម្ពុជាមានសន្តិភាព ស្ថិរភាព ទើបមានការអភិវឌ្ឍ។ រដ្ឋាភិបាលបង់ក្លាដែស ជាពិសេស លោកជំទាវនាយករដ្ឋមន្ត្រី Sheikh Hasina បានចាត់ទុកតំបន់អាស៊ីអាគ្នេយ៍ រួមមានកម្ពុជា ថៃ ឡាវ មីយ៉ាន់ម៉ា … ជាភូមិផងរបងជាមួយ។ នៅពេលប្រទេសមីយ៉ាន់ម៉ា មានស្ថិរភាព តំបន់អាស៊ីអាគ្នេយ៍នឹងកាន់តែស្ថិរភាព សន្តិភាព និងការអភិវឌ្ឍបន្ថែមទៀតជាមិនខាន។ ដូចនេះ ត្រូវរក្សាសន្តិភាពឱ្យស្ថិតស្ថេរជាដរាប។
ឯកឧត្តម ក៏បានអបអរសារនិងកោតសរសើរកម្ពុជា ដែលមានការផ្ទេរអំណាចដោយរលូននិងប្រកបដោយសន្តិភាពដល់ថ្នាក់ដឹកនាំជំនាន់ក្រោយ។ ក្នុងនាមលោកជំទាវប្រធានសភាជាតិបង់ក្លាដែស ឯកឧត្តម ឯកអគ្គរដ្ឋទូត សូមគោរពអញ្ជើញ សម្តេចតេជោ ធ្វើទស្សនកិច្ចជាផ្លូវការនៅបង់ក្លាដែស និងចែករំលែកពីសារសំខាន់នៃសន្តិភាព និងស្ថិរភាព សម្រាប់ការអភិវឌ្ឍ។
សម្តេចតេជោប្រធានព្រឹទ្ធសភា នឹងទទួលយកដោយរីករាយនូវការអញ្ជើញរបស់លោកជំទាវប្រធានសភាជាតិ បង់ក្លាដែស ធ្វើទស្សនកិច្ចជាផ្លូវការនៅបង់ក្លាដែស ដែលនឹងជាឱកាសផងដែរសម្រាប់សម្តេចជួបសួរសុខទុក្ខលោកជំទាវនាយករដ្ឋមន្ត្រី Sheikh Hasina៕