បើទោះបីជាមានការរិះគន់ច្រើនជាងការសរសើរពីការស្លៀកពាក់ និងការតុបតែងខ្លួនចូលរួមក្នុងថ្ងៃសម្ពោធ MV ចម្រៀងរបស់ ទេព បូព្រឹក្ស ក្តី តែអ្នកច្នៃម៉ូដសម្លៀកបំពាក់ល្បីឈ្មោះលោក ឯម រៀម នៅតែញញឹម និងបញ្ជាក់យ៉ាងច្បាស់ពីអត្ថន័យនៃឈុតសម្លៀកបំពាក់មួយឈុតនេះ ។
មុននឹងកម្មវិធីមកដល់លោក ឯម រៀម បានទៅចុះរុះរើសម្ភារៈចាស់ៗ និងគ្រឿងអឡិចទ្រូនិកផ្សេងៗយកមកច្នៃ និងដេរភ្ជាប់ធ្វើជាសម្លៀកបំពាក់មួយឈុតដ៏ស្រស់ស្អាត និងប្លែកពីគេនេះ ដើម្បីចូលរួមក្នុងកម្មវិធីសម្ពោធ MV ចម្រៀង របស់តារាចម្រៀង ទេព បូព្រឹក្ស ដែលមានចំណងជើងថា « ទេវរាជ » ។
គ្រាន់តែឃើញរូបភាពដែលអ្នកច្នៃម៉ូដ ឯម រៀម បានស្លៀកនូវឈុតសម្លៀកបំពាក់ដែលច្នៃដោយដៃរបស់លោកភ្លាម បានធ្វើឱ្យអ្នកចូលរួមចោលកន្ទុយភ្នែកមើលគ្រប់ៗគ្នា អ្នកខ្លះក៏សរសើរ អ្នកខ្លះក៏រិះគន់ នូវពាក្យពេចន៍មិនសមរម្យជាដើម…។
អ្នកច្នៃម៉ូដ ឯម រៀម បានទទួលស្គាល់ថា ម៉ូដសម្លៀកបំពាក់របស់លោកពិតជាប្លែកពីគេមែន ប៉ុន្តែវាពិតជាគួរឱ្យចាប់អារម្មណ៍ណាស់សម្រាប់រូបលោក បើទោះបីជាមានគេថា ឆ្កួត គឺជារឿងរបស់គេ តែលោកសប្បាយចិត្ត ហើយពេញចិត្តនូវអ្វីដែលខ្លួនបានធ្វើ ។
អ្នកច្នៃម៉ូដ ឯម រៀម បានបញ្ជាក់ប្រាប់ពីមូលហេតុដែលលោកច្នៃសម្លៀកបំពាក់មួយឈុតនេះឡើង គឺដើម្បីផ្សព្វផ្សាយ និងកាត់បន្ថយការប្រើប្រាស់ផ្លាស់ស្ទិក មួយវិញទៀត ដោយសារលោកមើលឃើញសព្វថ្ងៃនេះ ប្អូនៗជាច្រើនកំពុងតែវង្វេងនិងប្រព័ន្ធ Social Media ដូចជាបណ្តាញសង្គម ហ្វេសប៊ុក , TikTok និង យូធូបជាដើម… មានអ្នកខ្លះបានសម្លាប់ខ្លួន អ្នកខ្លះបានចាញ់បោកគេ រហូតដល់ទទួលរងនូវការគម្រាមកំហែងរហូតមិនហ៊ានជួបមុខអ្នកជុំវិញខ្លួន ដូច្នេះហើយលោកចង់ដាស់តឿនប្អូនៗទាំងអស់កុំឱ្យចាញ់បោក និងឈ្លួកវង្វេង ជាមួយប្រព័ន្ធ Social Media ខ្លាំងពេក អាចនឹងនាំឱ្យខ្លួនវិនាសបាន ៕