សិល្បករសិល្បការិនីដែលបានចូលរួមក្នុងថ្ងៃសម្ពោធ MV ចម្រៀង « ទេវរាជ » របស់តារាចម្រៀង ទេព បូព្រឹក្ស កាលពីម្សិលមិញនេះ ព្រឺសប្បុរគ្រប់គ្នា ជាមួយផ្ទាំងទស្សនីយភាពដ៏អស្ចារ្យ មិនធ្លាប់មានពីមុនមក ។ មិនតែប៉ុណ្ណោះ ទេព បូព្រឹក្ស បានលេងឈុតធំតែម្តង ដោយបានតម្រូវឱ្យអ្នកសិល្បៈ និងអ្នកចូលរួមស្លៀកពាក់ និង តុបតែងខ្លួនតាមបែបបុរាណ និង សម័យ ទៅតាមចំណងចំណូលចិត្ត ។
ក្នុងព្រឹត្តិការណ៍សម្ពោធ MV ចម្រៀង « ទេវរាជ » របស់តារាចម្រៀង ទេព បូព្រឹក្ស ពិតជាបានធ្វើឱ្យកក្រើកអស់ពិភពសិល្បៈ ដោយមានវត្តមានសិល្បករថ្មីចាស់រាប់រយនាក់ចូលរួមអបអរសាទរ ព្រមទាំងតុបតែងខ្លួនយ៉ាងស្រស់ស្អាតមានទាំងសម័យ និងបុរាណបូកបញ្ចូលគ្នា មើលទៅពិតជាអស្ចារ្យខ្លាំង ។
ក្នុង MV ចម្រៀង « ទេវរាជ » គឺតារាចម្រៀង ទេព បូព្រឹក្ស បានបញ្ចូលនូវសម័យកាល ៣ ផ្សេងគ្នា ដូចជាសម័យកាល អណាចក្រនគរភ្នំ , ចេនឡា និង សម័យអង្គរ ។ អ្នកដែលបានចូលរួមទស្សនា MV ដោយផ្ទាល់នៅក្នុងថ្ងៃសម្ពោធនោះ ម្នាក់ៗព្រឺសប្បុរគ្រប់គ្នា បន្ទាប់បានទស្សនា MV ដ៏អស្ចារ្យនេះរួច មិនតែប៉ុណ្ណោះ តារាចម្រៀង ទេព បូព្រឹក្ស ក៏បានបង្ហាញនូវផ្ទាំងទស្សនីយភាពដ៏គួរឱ្យចាប់អារម្មណ៍ជាច្រើន ដែលធ្វើឱ្យអ្នកចូលរួមពេញចិត្តខ្លាំង ហើយនាំគ្នាស្រែកខ្លាំងៗថា ទេព បូព្រឹក្ស ។
តាមរយៈ MV ចម្រៀង « ទេវរាជ » របស់តារាចម្រៀង ទេព បូព្រឹក្ស កាន់តែធ្វើឱ្យបរទេសស្គាល់ពីប្រទេស កម្ពុជា ។ អ្វីដែលកាន់តែគួរឱ្យចាប់អារម្មណ៍នោះ គឺតារាចម្រៀង ទេព បូព្រឹក្ស ក៏បានដាក់តាំងបង្ហាញនូវសម្លៀកបំពាក់ ៤ ឈុតដែលច្នៃយ៉ាងប្រណិត ដែលនាងបានថត MV នោះ ដើម្បីឱ្យអ្នកចូលរួមបានទស្សនា ។
ទន្ទឹមនិងការបង្ហាញសមិទ្ធផលដ៏អស្ចារ្យនេះ តារាចម្រៀង ទេព បូព្រឹក្ស ក៏បានយកថវិការដែលបានពីការលក់សំបុត្រជាង ២ ម៉ឺនដុល្លារ រួមជាមួយថវិការផ្ទាល់ខ្លួនរបស់នាងនិងស្វាមីចំនួន ២ ពាន់ដុល្លារ គឺបានប្រគល់ជូនសាលាមធ្យមវិចិត្រសិល្បៈ ដើម្បីទុកសម្រាប់បណ្តុះបណ្តាលសិល្បៈវប្បធម៌ ។
MV ចម្រៀង « ទេវរាជ » របស់តារាចម្រៀង ទេព បូព្រឹក្ស គឺបានចំណាយថវិការផលិតអស់រាប់សែនដុល្លារ ដែលជា MV ដ៏មានគុណភាព និងខុសប្លែកពី MV ដែលនាងធ្លាប់ធ្វើនាពេលកន្លងមក ៕