អ្នកកាសែតបរទេសម្នាក់ ងាកមកគាំទ្រគម្រោងព្រែកជីកកម្ពុជា និងទះកំភ្លៀង សម រង្ស៊ី ឲ្យភ្ញាក់ខ្លួន

លោក David Hutt ដែលគេស្គាល់ថា ជាអ្នកកាសែតបរទេសម្នាក់ដែលតែងតែសរសេរអត្ថបទ វាយប្រហារមកលើរាជរដ្ឋាភិបាលកម្ពុជា បានងាកមកគាំទ្រគម្រោងព្រែកជីកកម្ពុជា ហើយបានប្រតិកម្មទៅនឹងភាពល្ងង់ខ្លៅរបស់លោក សម រង្ស៊ី ចំពោះគម្រោងព្រែកជីកដ៏សំខាន់មួយនេះ។

តាមរយៈអត្ថបទព័ត៌មានចុះនៅលើទំព័រកាសែត The Diplomat នៅថ្ងៃទី២៣ ខែឧសភា ឆ្នាំ២០២៤ សរសេរដោយលោក David Hutt ក្រោមចំណងជើងថា ព្រែកជីកហ្វូណនតេជោនឹងមិនមានគោលបំណងយោធាទេ ដោយលោកបានគូសបញ្ជាក់ថា មានមតិចម្លែកមួយចំនួនដែលត្រូវបានលើកឡើងចុងក្រោយ​រួមទាំងការលើកឡើងរបស់លោក សម រង្ស៊ី។

អ្នកកាសែតបរទេសរូបនេះ បានសម្តែងការភ្ញាក់ផ្អើលថា វាគឺជារឿងដ៏គួរឱ្យចាប់អារម្មណ៍ដែល «សម រង្ស៊ីដែលបានធ្វើយុទ្ធនាការស្ទើរតែពេញមួយជីវិត ដើម្បីលុបបំបាត់ឥទ្ធិពលរបស់វៀតណាមមកលើកម្ពុជាបែរជាមើលរំលងកត្តានេះ» ដោយងាកទៅគាំទ្រវៀតណាមនិងងាកមកប្រឆាំងផលប្រយោជន៍ខ្មែរទៅវិញ។

បើតាមលោក David Hutt បញ្ហាព្រែកជីកនេះក៏បានបង្ហាញអំពីភាពផ្ទុយគ្នាស្រឡះចំពោះការលើកឡើងរបស់មនុស្សមួយចំនួន ក្នុងនោះក៏មានទាំងលោកសម រង្ស៊ី ផង ដែលតែងគិតថា គ្រួសារត្រកូលហ៊ុន គឺជាអ្នកបម្រើយួន។

បន្ថែមពីនេះ លោក David Hutt បានទះកំភ្លៀង លោក សម រង្ស៊ី ដើម្បីឱ្យអ្នកនយោបាយប្រឆាំងរូបនេះ ភ្ញាក់ខ្លួនតាមរយៈការលើកហេតុផល អំពីសារៈសំខាន់នៃការជីកព្រែក និងការកសាងកំពង់ផែដែលប្រទេសក្នុងតំបន់កំពុងចាប់អារម្មណ៍ជាខ្លាំង៕

អត្ថបទ៖ អក្ខរា