សម្ដេចតេជោ ហ៊ុន សែន ប្រធានព្រឹទ្ធសភានៃកម្ពុជា បានសុំឲ្យមិត្តចិនមើលមកកម្ពុជាជាមិត្តដែលគួរឲ្យទុកចិត្ត។ សម្ដេចបានមានប្រសាសន៍ថា មិត្តចិនអាចទទួលការពិតមួយហើយ គឺការផ្លាស់ប្ដូរនាយករដ្ឋមន្ត្រីថ្មី ពុំមានការផ្លាស់ប្ដូរគោលជំហក្នុងទំនាក់ទំនងជាមួយចិនទេ។
បើតាមសម្ដេចតេជោ ហ៊ុន សែន រាជរដ្ឋាភិបាលថ្មីក្រោមការដឹកនាំរបស់សម្ដេចធិបតី ហ៊ុន ម៉ាណែត កំពុងតែខិតខំពង្រឹងទំនាក់ទំនងដែលមានស្រាប់ ឲ្យកាន់តែរឹងមាំថែមទៀតជាមួយនឹងគំនិតថ្មីៗ ដើម្បីធ្វើឲ្យទំនាក់ទំនងនេះ កាន់តែរឹងមាំ និងស៊ីជម្រៅបន្ថែមទៀត។
ការលើកឡើងរបស់សម្តេចតេជោ ហ៊ុន សែន ក្នុងពេលទទួលស្វាគមន៍ និងពិភាក្សាការងារជាមួយ ឯកឧត្តម Shohrat Zakir អនុប្រធានគណៈកម្មាធិការអចិន្ត្រៃយ៍នៃសភាប្រជាជនចិនទូទាំងប្រទេស ថ្ងៃទី២៣ ខែឧសភា ឆ្នាំ២០២៤ នៅវិមានព្រឹទ្ធសភា រាជធានីភ្នំពេញ។
ឯកឧត្តម Shohrat Zakir បានចាត់ទុកសម្ដេចតេជោជាមិត្តចាស់ ឯកឧត្តមបានបន្តទៀតថា ចំណងមិត្តភាពកម្ពុជា-ចិន ដែលបានបង្កើតជាច្រើនជំនាន់មកហើយ ដែលផ្ដួចផ្ដើមដោយសម្ដេចព្រះបរមរតនៈកោដ្ឋ សម្តេចព្រះនរោត្តមសីហនុ ជាមួយនឹងថ្នាក់ដឹកនាំចិន ហើយដែលត្រូវបានពូនជ្រុំដោយថ្នាក់ដឹកនាំចិន និងកម្ពុជាជាបន្តបន្ទាប់រៀងរហូតមកដោយរក្សាចំណងមិត្តភាព និងកិច្ចសហប្រតិបត្តិការ និងផ្ដល់នូវភាពរីកចម្រើនឲ្យគ្នាទៅវិញទៅមក។ រហូតមកដល់ក្រោមការដឹកនាំរបស់ ឯកឧត្តមប្រធានាធិបតី ចិន ស៊ី ជីនពីង និងសម្ដេចតេជោដែលបានផ្ដួចផ្ដើម និងការកសាងសហគមន៍ ជោគវាសនារួមកម្ពុជា-ចិន ក្នុងដំណាក់កាលថ្មីប្រកបដោយគុណភាពខ្ពស់។
ភាគីចិនចាត់ទុកកម្ពុជាជាប្រទេសអាទិភាព ហើយគាំទ្រកម្ពុជាយ៉ាងមុតមាំនូវមាគ៌ាអភិវឌ្ឍន៍របស់ខ្លួន ស្របតាមសភាពការណ៍ជាក់ស្ដែង។ ប្រទេសចិនក៏បានប្តេជ្ញាសហការក្នុងកិច្ចសហប្រតិបត្តិការត្បូងពេជ្រ និងខិតខំជំរុញច្រករបៀងមច្ឆា និងអង្ករ និងច្រករបៀងឧស្សាហកម្ម និងបច្ចេកវិទ្យា ឱ្យមានការរីកចម្រើនដើម្បីផលប្រយោជន៍ទៅវិញទៅមក។
ភាគីចិននិងប្ដេជ្ញាសហការជាមួយកម្ពុជាក្នុងការធ្វើទំនើបកម្ម និងសហប្រតិបត្តិការយ៉ាងជិតស្និត ការពារអធិបតេយ្យ និងសន្តិសុខរបស់ប្រទេសទាំងពីរ។ ភាគីចិនក៏នឹងខិតខំធ្វើឲ្យកាន់តែស៊ីជម្រៅបន្ថែមទៀត ការធ្វើទំនើបកម្មច្នៃប្រឌិត និងការចែករំលែកបទពិសោធន៍ ជាមួយកម្ពុជា លើគ្រប់វិស័យជាច្រើនទៀត។
ឯកឧត្តម ក៏បានបញ្ជាក់ថា ភាគីចិន និងជំរុញកិច្ចសហប្រតិបត្តិការលើវិស័យពាណិជ្ជកម្ម ខិតខំជំរុញការនាំចូលផលិតផលកសិកម្មពីកម្ពុជា ជំរុញការអភិវឌ្ឍន៍ច្រករបៀងមច្ឆា និងអង្ករ ច្រករបៀងឧស្សាហកម្ម និងបច្ចេកវិទ្យា និងកិច្ចសហប្រតិបត្តិការក្នុងការធ្វើទំនើបកម្មផ្លូវថ្នល់ ផ្លូវដែក អគ្គិសនី ប្រព្រឹត្តិកម្មទឹកកខ្វក់ជាដើម។ ក្នុងនោះប្រទេសទាំងពីរ នឹងជំរុញការផ្លាស់ប្ដូរ ប្រជាជន និងប្រជាជនដោយសារឆ្នាំនេះជាឆ្នាំដែលប្រទេសទាំងពីរបានកំណត់ ជាពិសេសជំរុញ វិស័យទេសចរណ៍រវាងទាំងពីរ។ ក្នុងនោះប្រទេសទាំងពីរ ក៏នឹងពង្រឹងកិច្ចសហប្រតិបត្តិការក្នុងការប្រយុទ្ធប្រឆាំងឧក្រិដ្ឋកម្មឆ្លងដែន ហ្គេមតាមអនឡាញ ការជួញដូរមនុស្ស និងការផ្សព្វផ្សាយព័ត៌មានវិជ្ជមានជាដើម៕