កម្ពុជា បានជួបភាពជូរចត់ ខ្លោចផ្សារ សោកនាដកម្មឥតអាចគណនាបានឡើយនៅក្នុងអតីតកាលដោយសារតែភ្លើងសង្រ្គាម។ សង្រ្គាមដែលកើតឡើងកន្លងមក មិនមែនកើតឡើងដោយឯកឯង ឬដោយចៃដន្យនោះទេ ពោល គឺតែងតែមានការជាប់ពាក់ព័ន្ធពីកត្តាខាងក្រៅ។ សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន ស្ថាបនិកសន្តិភាព និងដែលកូនខ្មែរនិយមចូលចិត្តហៅថា«សម្តេចពុក» បានអំពាវនាវជាថ្មីឱ្យកូនខ្មែរគ្រប់រូបរួមគ្នាការពារឱ្យបាននូវសន្តិភាពនេះ ហើយសម្តេចតេជោ បានផ្តាំថា នៅសម័យនេះ «បដិវត្តន៍ពណ៌» គឺជាមធ្យោបាយថ្មីមួយដែលគេប្រើសម្រាប់បំផ្លាញសន្តិភាព និងបង្កើតសង្រ្គាមជាថ្មីនៅក្នុងប្រទេសកម្ពុជា។
ជាការពិតមួយដែលមិនអាចប្រកែកបាន គឺសង្រ្គាមនៅកម្ពុជា ឬរបបប្រល័យពូជសាសន៍ខ្មែរក្រហមដែលបានកើតឡើង មិនមែននៅសុខៗចេះតែកើតឡើងនោះទេ។ និយាយឱ្យចំ ក្នុងសម័យមុន សង្រ្គាមនៅកម្ពុជា កើតឡើងដោយសារតែរដ្ឋប្រហារ គឺជារដ្ឋប្រហារនៅទសវត្ស៧០ ដែលលន់ នល់ បានរៀបចំធ្វើ ដើម្បីទម្លាក់សម្តេច ព្រះនរោត្តម សីហនុ ចេញពីតំណែង។ រដ្ឋប្រហារនេះ គឺគេបានដឹងគ្រប់គ្នារួចទៅហើយថា សហរដ្ឋអាមេរិក ជាអ្នកនៅពីក្រោយ និងបានគាំទ្រយ៉ាងពេញទំហឹង ក្រោយ លន់ នល់ បានធ្វើជោគជ័យ។ ជោគជ័យសម្រាប់អាមេរិក ជោគជ័យសម្រាប់ លន់ នល់ និងបក្ខពួក តែបរាជ័យយ៉ាងធំធេងសម្រាប់ប្រទេសកម្ពុជា និងប្រជាជនកម្ពុជា។ ដោយសារតែរដ្ឋប្រហារនេះ ទើបកម្ពុជា ធ្លាក់ចូលទៅក្នុងភ្នក់ភ្លើងសង្រ្កាម និងរបបប្រល័យពូជសាសន៍ខ្មែរក្រហម។
សម្តេចតេជោ ហ៊ុន សែន កាលនៅក្នុងសម័យសង្រ្គាម គ្រាន់តែជាយុវជនវ័យ២៥ឆ្នាំម្នាក់ បានចេញដឹកនាំចលនាតស៊ូ ដើម្បីពន្លត់ភ្លើងសង្រ្គាម និងស្វែងរកសន្តិភាពជូនប្រជាជាតិកម្ពុជា។ សម្តេចតេជោ បានយកឈាមស្រស់ សាច់ស្រស់ ធ្វើដើមទុន ដើម្បីប្តូរយកឱ្យបានមកវិញនូវសន្តិភាព ពោល គឺសម្តេចតេជោ បានបាត់បង់កែវភ្នែកម្ខាង បាត់បង់កូនជាស្រឡាញ់ បាត់បង់សាច់ញាតិ និងមនុស្សរាប់អានជាច្រើននាក់ទៀត ទម្រាំរកបានសន្តិភាពបានពេញលេញដូចសព្វថ្ងៃនេះ។ អ្វីៗដែលកម្ពុជា មាននៅពេលនេះ គឺដោយសារតែសម្តេចតេជោទាំងអស់ បើគ្មានសម្តេចតេជោទេ កម្ពុជា ក៏មិនអាចមានអ្វីៗគ្រប់យ៉ាងបានដែរ ដែលកូនខ្មែរគ្រប់រូបនៅតែចងចាំ និងដឹងគុណសម្តេចតេជោ ជារៀងរហូត។
ថ្វីត្បិតថា កម្ពុជា កំពុងមានសន្តិភាពពេញលេញ និងមានការអភិវឌ្ឍក៏ពិតមែន ប៉ុន្តែ សម្តេចតេជោ តែងតែអំពាវនាវម្តងហើយម្តងទៀតដល់ប្រជាពលរដ្ឋខ្មែរ និងកូនខ្មែរគ្រប់រូប ត្រូវតែរួមគ្នាការពារឱ្យបាននូវសន្តិភាព។ ចំណែក រូបសម្តេចផ្ទាល់ និងសម្តេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្រ្តីនៃកម្ពុជា បានប្តេជ្ញាការពារឱ្យបាននូវសន្តិភាពនេះ ទោះក្នុងតម្លៃណាក៏ដោយ។ ប៉ុន្តែ មានបញ្ហាមួយដែលសម្តេចតេជោ បានដាស់តឿនឱ្យខ្មែរគ្រប់គ្នា ត្រូវចងចាំ និងត្រូវមានការប្រុងប្រយ័ត្នដាច់ខាត នោះ គឺ«បដិវត្តន៍ពណ៌»។ «បដិវត្តន៍ពណ៌» ដែលសម្តេចតេជោ បានគូសរំលេចថា ជាបញ្ហាមួយគំរាមកំហែងដល់សន្តិភាព។ សម្តេចតេជោ បានមានប្រសាសន៍ថា សម័យមុន គេបំផ្លាញសន្តិភាព គេបំផ្លាញប្រទេសកម្ពុជា គេបង្កើតសង្រ្គាម គឺតាមរយៈរដ្ឋប្រហារ ប៉ុន្តែ នៅសម័យនេះ គេប្តូរវិធីសាស្រ្តមកប្រើមធ្យោបាយ«បដិវត្តន៍ពណ៌»វិញ។ «បដិវត្តន៍ពណ៌» នេះ បានកើតឡើងម្តងរួចមកហើយនៅក្នុងអំឡុងឆ្នាំ២០១៣ តែសម្តេចតេជោ ដែលកាលណោះជានាយករដ្ឋមន្រ្តី បានទប់ស្កាត់ និងកម្ទេចោលបានយ៉ាងទាន់ពេលវេលា និងបានដោយជោគជ័យ។
ដោយសារតែពើបប្រទះនឹងបទពិសោធនេះហើយ ទើបសម្តេចតេជោ បានដាស់តឿនម្តងហើយម្តងទៀតឱ្យប្រុងប្រយ័ត្ននឹងបញ្ហា«បដិវត្តន៍ពណ៌» នេះ។ «បដិវត្តន៍ពណ៌» អាចធ្វើទៅបាន នៅពេលណាមួយដែលគេអាចញុះញង់ អូសទាញឱ្យកងកម្លាំងប្រដាប់ចូលរួមជាមួយបាន។ ដូច្នេះហើយ សម្តេចតេជោ បានផ្តាំទៅកងកម្លាំងប្រដាប់អាវុធគ្រប់ជាន់ថ្នាក់ទាំងអស់ ត្រូវការពាររាជរដ្ឋាភិបាល កងកម្លាំងប្រដាប់អាវុធ អាចឯករាជ្យបានរវាងគណបក្ស និងគណបក្ស ប៉ុន្តែ មិនអាចឯករាជ្យរវាងគណបក្ស ឬក្រុមណា ជាមួយរាជរដ្ឋាភិបាលបានជាដាច់ខាត។ កងកម្លាំងប្រដាប់អាវុធ ត្រូវតែកម្ទេចចោលភ្លាមនូវចលនា«បដិវត្តន៍ពណ៌» ដែលងើបឡើង ដើម្បីសន្តិភាពរបស់ប្រទេស និងភាពសុខសាន្តរបស់ប្រជាពលរដ្ឋ និងដើម្បីជៀងវាងកម្ពុជាធ្លាក់ចូលទៅក្នុងភ្នក់ភ្លើងសង្រ្គាម និងរបបប្រល័យពូជសាសន៍ជាថ្មី៕
ដោយ៖ ជម្ពូនុទ