លោកបណ្ឌិត យង់ ពៅ អគ្គលេខាធិការនៃរាជបណ្ឌិត្យសភាកម្ពុជា និងជាអ្នកជំនាញវិទ្យាសាស្ត្រនយោបាយមួយរូប ចង់ឃើញខ្មែរចេះដឹងប្រវត្តិសាស្ត្រច្បាស់ និងរៀនវិទ្យាសាស្ត្រនយោបាយឱ្យបានច្រើន។ ចង់ឃើញបែបនេះ ដោយលោកថា ចៀសវាងចាញ់បោកបរទេសទៀត ចៀសវាងការរងគ្រោះនឹងគេឆ្កឹះឆ្កៀលបំបែកបំបាក់ ឱ្យទន់ខ្សោយ…ដោយលោកសង្កត់ធ្ងន់ថា បើមិនយល់នយោបាយ ប្រឈមនឹងចាញ់បោកនយោបាយ។
សូមបញ្ជាក់ថា មជ្ឈមណ្ឌលបណ្តុះបណ្តាល និងស្រាវជ្រាវនៃរាជបណ្ឌិត្យសភាកម្ពុជាបានបណ្តុះបណ្តាលលើជំនាញសំខាន់ៗ រួមទាំង ជំនាញវិទ្យាសាស្ត្រនយោបាយសម្រាប់ថ្នាក់បរិញ្ញាបត្រជាន់ខ្ពស់។ វិទ្យាសាស្ត្រនយោបាយ គឺជាការសិក្សាអំពីនយោបាយ និងអំណាចពីទស្សនៈក្នុងស្រុក អន្តរជាតិ និងទស្សនៈប្រៀបធៀប។ ជាទូទៅ វាសំដៅទៅលើការសិក្សាអំពីរដ្ឋាភិបាល គោលនយោបាយសាធារណៈ និងអាកប្បកិរិយានយោបាយ ។ វិទ្យាសាស្ត្រនយោបាយផ្តោតលើទ្រឹស្តី និងការអនុវត្តរបស់រដ្ឋាភិបាល និងនយោបាយនៅថ្នាក់មូលដ្ឋាន រដ្ឋ ជាតិ និងអន្តរជាតិ។
ឯកឧត្តម ជិន ម៉ាលីន រដ្ឋលេខាធិការ និងជាអ្នកនាំពាក្យក្រសួងយុត្តិធម៌ ធ្លាប់បានលើកឡើងថា វិទ្យាសាស្រ្តនយោបាយជាមុខវិជ្ជាសំខាន់មួយដែលសិក្សាពីសង្គមសិក្សាពីការដឹកនាំសង្គមមួយឱ្យរីកចម្រើន និងចូលរួមដល់ការអភិវឌ្ឍន៍។ ជំនាញមួយនេះ អាចបណ្តុះបណ្តាលយើងឱ្យចេះវិភាគវែកញែកគ្រប់ទិដ្ឋភាពសង្គម ពិសេសគឺភាពជាអ្នកដឹកនាំ។
ការសិក្សាជំនាញវិទ្យាសាស្ត្រនយោបាយបានល្អ បុគ្គលត្រូវលក្ខណៈសម្បត្តិផ្ទាល់ខ្លួនចម្បងប្រាំចំណុច រួមមាន ជាមនុស្សចូលចិត្តអាន ចូលចិត្តស្រាវជ្រាវ ចូលចិត្តវិភាគវែកញែកព្រឹត្តិការណ៍ ព្រមទាំងមានចំណេះដឹងទូទៅទូលំទូលាយ ។
ឯកឧត្តមបានគូសបញ្ជាក់ថា អ្នករៀនជំនាញវិទ្យាសាស្រ្តនយោបាយ មិនត្រឹមតែធ្វើជាអ្នកនយោបាយប៉ុណ្ណោះទេ ប៉ុន្តែអាចយកជំនាញនេះទៅធ្វើការងារផ្សេងៗ ដូចជា ការងារជាទីប្រឹក្សា អ្នកវិភាគបញ្ហាសង្គម សាស្រ្តាចារ្យ អ្នកស្រាវជ្រាវ អ្នកដឹកនាំនៅក្នុងអង្គការសង្គមស៊ីវិល ឬវិស័យឯកជនជាដើម៕
អត្ថបទ៖ អក្ខរា