ប្រមុខរាជរដ្ឋាភិបាលកម្ពុជា សម្តេចធិបតី ហ៊ុន ម៉ាណែត ក្នុងមួយរយៈពេលនេះ បានសង្កេតឃើញមានការកើតឡើងជាញឹកញាប់នូវសកម្មភាពក្រុមក្មេងទំនើង ដែលបង្កភាពអនាធិបតេយ្យតាមដងផ្លូវសាធារណៈ ដោយរួមទាំងការប្រព្រឹត្តអំពើហិង្សា និងមានទាំងការប្រើប្រាស់អាវុធ ដូចជាកាំបិត ដាវ ពូថៅ ជាដើម ធ្វើឱ្យប៉ះពាល់ដល់សណ្តាប់សាធារណៈ សន្តិសុខសង្គម ពិសេស ភាពសុខសាន្តរបស់ប្រជាជន។
ក្នុងនាមប្រមុខនៃរាជរដ្ឋាភិបាលកម្ពុជា សម្តេចធិបតី ដាក់បទបញ្ជាឱ្យអាជ្ញាធរដែនដីគ្រប់លំដាប់ថ្នាក់ និងកងកម្លាំងមានសមត្ថកិច្ចទាំងអស់ ត្រូវរឹតបន្តឹងការចាត់វិធានការឱ្យបានម៉ឺងម៉ាត់បំផុតចំពោះក្រុមក្មេងទំនើងទាំងនេះ ទាំងវិធានការរដ្ឋបាលក្នុងការបង្ការទប់ស្កាត់ ទាំងវិធានការអនុវត្តច្បាប់ ដោយគ្មានការបន្ធូរបន្ថយ និងដោយគ្មានការលើកលែង ដើម្បីការពារសណ្តាប់ធ្នាប់សាធារណៈ, សន្តិសុខសង្គម, សេចក្តីថ្លៃថ្នូររបស់សង្គមជាតិ ពិសេស ភាពសុខសាន្តរបស់ប្រជាជនក្នុងសហគមន៍ ។
ជាមួយគ្នានេះ,សម្តេចធិបតី អំពាវនាវឱ្យស្ថាប័នអយ្យការ និង ស្ថាប័នតុលាការ មានវិធានការអនុវត្តច្បាប់ឱ្យបានម៉ឺងម៉ាត់ ក្នុងការចាត់ការលើសំណុំរឿងពាក់ព័ន្ធករណីក្មេងទំនើងទាំងនេះ ប្រកបដោយការយកចិត្តទុកដាក់ និងការទទួលខុសត្រូវខ្ពស់ ដើម្បីលើកកម្ពស់ប្រសិទ្ធភាពនៃការអនុវត្តច្បាប់ ដើម្បីការការពារសង្គមជាតិ និងភាពសុខសាន្តរបស់ប្រជាជនយើង។
ទន្ទឹមនឹងនេះ ប្រមុខរាជរដ្ឋាភិបាលក៏សូមអំពាវនាវឱ្យឪពុកម្តាយ ក៏ដូចជា អាណាព្យាបាល ខិតខំតាមដាន អប់រំ និងទូន្មានប្រៀនប្រដៅដល់កូនៗ ក៏ដូចជា ក្មួយៗ ឱ្យដើរតាមគន្លងត្រឹមត្រូវ វៀរចាកនូវអំពើអបាយមុខ ដើម្បីក្លាយជាពលរដ្ឋល្អសម្រាប់សង្គមជាតិ។
ជាចុងក្រោយ សម្តេចនាយករដ្ឋមន្ត្រីអំពាវនាវដល់ក្មួយៗទាំងអស់ ដែលជាទំពាំងស្នងឬស្សីរបស់ប្រទេសខ្មែរយើង សូមប្រកាន់ខ្ជាប់នូវវិន័យ សីលធម៌ និងសេចក្តីថ្លៃថ្នូរថ្លៃហើយសូមជៀសវាងពីសកម្មភាពទាំងឡាយណាដែលបង្ករអន្តរាយដល់ខ្លួន គ្រួសារ និងសង្គមជាតិ៕