ស្របពេលសិល្បករល្បីៗជាច្រើនបានមានវត្តមាននៅក្នុងព្រឹត្តិការណ៍ដ៏ធំប្រចាំឆ្នាំនៅក្នុងទីក្រុង កាន តារាសម្តែង មាន សូនីតា ក៏មានវត្តមាននៅទីនោះផងដែរ ដោយនាងបាននាំក្រមា ខ្មែរ យកទៅបង្ហាញនៅលើឆាកអន្តរជាតិ ។
ក្តីស្រមៃធំរបស់តារាសម្តែង មាន សូនីតា បានក្លាយទៅជាការពិតហើយ បន្ទាប់ពីនាងបានចូលរួមក្នុងព្រឹត្តិការណ៍ដ៏ធំនៅទីក្រុង កាន ដោយបាន នាំក្រមា ខ្មែរ ទៅបង្អូតភ្នែកមហាជននៅលើឆាកអន្តរជាតិ ។ ស្ថិតក្នុងឈុតសម្លៀកបំពាក់មួយឈុតនេះ កញ្ញា មាន សូនីតា ពិតជាស្រស់ស្អាតខ្លាំង និងទទួលបានការចាប់អារម្មណ៍ច្រើនពីមហាជន ។
កញ្ញា មាន សូនីតា បានបង្ហាញពីអត្ថន័យនៃឈុតសម្លៀកបំពាក់ដែលនាងបានគ្រងនៅលើកម្រាលព្រំក្រហមនោះថា « រាជនីក្រមាលើកម្រាលព្រំក្រហមទីក្រុង កាន » ក្រមា ខ្មែរ អមព័ន្ធដោយអក្សរយ័ន្ត រំលេចឌិនដាម តាមរចនាបថបុរាណ ទំនើបៗ មួកក្រមា កែខៃច្នៃតាមដាននៃមួកស្លឹកត្នោតដែលបងប្អូនប្រជាកសិករ និងបងប្អូនប្រជាជនខ្មែរនិយមប្រើប្រាស់នាបុរាណកាលរហូតដល់បច្ចុប្បន្ន រចនាបថ និងការច្នៃម៉ូត ទៅលើរ៉ូប និង មួករបស់នាងខ្ញុំគឺឈរលើគោលការណ៍ «អភិវឌ្ឍន៍ដើម្បីអភិរក្ស» ។
មុនពេលចាកចេញទៅចូលរួមកម្មក្នុងព្រឹត្តិការណ៍ដ៏ធំប្រចាំឆ្នាំនៅទីក្រុង កាន នោះ មាន សូនីតា បានសុំពរជ័យពីម្តាយរបស់ខ្លួន ហើយនាងថែមទាំងបាននិយាយថា ក្តីស្រមៃធំរបស់នាងបានក្លាយទៅជាការពិតហើយ ដែលអាចនាំ ក្រមា ខ្មែរ ទៅបង្ហាញនៅលើឆាកអន្តរជាតិ ។
នៅក្នុងឆ្នាំនេះមានសិល្បករសិល្បការិនីជាច្រើនបានទៅចូលរួមនៅក្នុងព្រឹត្តិការណ៍កម្រាលព្រំក្រហមនៅទីក្រុង កាន ប្រទេស បារាំង ដូចជា កញ្ញា ស៊ីន យូប៊ីន , មាន សូនីតា និងកញ្ញា ស៊ីន ចេននី រួមជាមួយអ្នកច្នៃម៉ូដ ខ្មែរ ល្បីឈ្មោះមួយចំនួនទៀត….។ វត្តមានរបស់សិល្បករទាំងអស់កាន់តែធ្វើឱ្យបរទេសស្គាល់ប្រទេស កម្ពុជា ច្រើនឡើង ៕