អគ្គលេខាធិការរង អង្គការសហប្រជាជាតិ លោកស្រី Alice Wairimu Nderitu លើកឡើងថា ជោគជ័យរបស់កម្ពុជានៃដំណើរការអង្គជំនុំជម្រះវិសាមញ្ញក្នុងតុលាការកម្ពុជា (អ.វ.ត.ក.) និង ការទប់ស្កាត់អំពើប្រល័យពូជសាសន៍ គឺជាមេរៀនពិសោធដ៏ល្អសម្រាប់ប្រជាជាតិ នៅលើពិភពលោក។
ក្នុងឱកាសចូលជួបសម្តែងការគួរសម សម្តេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្រ្តី និងពិភាក្សាការងារ នៅថ្ងៃទី២១ ខែឧសភា ឆ្នាំ២០២៤ នៅវិមានសន្តិភា លោកស្រីអគ្គលេខាធិការរង UN បានឲ្យដឹងថា គោលបំណងនៃបេសកកម្មសំខាន់មួយរបស់លោកស្រីនៅកម្ពុជានាពេលនេះ គឺដើម្បីចូលរួមក្នុងសន្និសីទស្តីពី “អនាគតកម្ពុជាដោយគ្មានអំពើប្រល័យពូជសាសន៍ ៖ ការការពារ និង ការឆ្លើយតប តាមរយៈការអប់រំ និងការថែទាំសុខភាព”។
លោកស្រីបានវាយតម្លៃខ្ពស់ចំពោះកិច្ចសហប្រតិបត្តិការប្រកបដោយជោគជ័យរវាង អង្គជំនុំជម្រះវិសាមញ្ញក្នុងតុលាការកម្ពុជា (អ.វ.ត.ក.) និងអង្គការសហប្រជាជាតិ និងការបញ្ជ្រាបការយល់ដឹង ការអប់រំអំពីអំពើប្រល័យពូជសាសន៍ ដល់យុវជន សិស្ស និងនិស្សិត តាមរយៈការបណ្ដុះបណ្ដាលតាមសាលារៀនទាំងសាលារដ្ឋ និង ឯកជន ចាប់ពីកម្រិតចំណេះទូទៅ ដល់កម្រិតសាកលវិទ្យាល័យ ក្នុងក្របខ័ណ្ឌទូទាំងប្រទេស។
លោកស្រីអគ្គលេខាធិការវាយតម្លៃខ្ពស់ចំពោះជោគជ័យដ៏ត្រចះត្រចង់របស់កម្ពុជា ក្នុងការរៀបចំដំណើរការនៃ អ.វ.ត.ក. ហើយលោកស្រីបានគោរពបញ្ជាក់ថាមេរៀននិងបទពិសោធរបស់កម្ពុជា គួរតែត្រូវបានចែករំលែកជាមួយបណ្ដាប្រទេសជុំវិញពិភពលោក និងការបន្តកិច្ចសហប្រតិបត្តិការរវាងអង្គការសហប្រជាជាតិ និងរាជរដ្ឋាភិបាលកម្ពុជាលើការអនុវត្តគម្រោងស្វ័យអភិវឌ្ឍនានា (Home Grown Project)។
សម្ដេចធិបតីបានគូសបញ្ជាក់ថា រាជរដ្ឋាភិបាលនឹងបង្កើតវិទ្យាស្ថានមួយ ដើម្បីចងក្រង គ្រប់គ្រងឯកសារ និងជាមណ្ឌលស្រាវជ្រាវ ចែករំលែកការយល់ដឹង និងផ្ដល់ព័ត៌មានដល់អ្នកជំនាន់ក្រោយ អ្នកសិក្សាស្រាវជ្រាវ និងសាធារណជនទូទៅ ដើម្បីជាការស្វែងយល់បន្ថែមអំពីអំពើប្រល័យពូជសាសន៍ ក៏ដូចជាជោគជ័យ និងដំណើរការនៃ អ.វ.ត.ក.។
ចំពោះកិច្ចសហប្រតិបត្តិការលើគម្រោងស្វ័យអភិវឌ្ឍ (Home Grown Project) សម្ដេចបានជំរុញនិងលើកទឹកចិត្តឱ្យតំណាងអង្គការសហប្រជាជាតិ បន្តកិច្ចសហការជាមួយក្រសួង ស្ថាប័នពាក់ព័ន្ធនៃរាជរដ្ឋាភិបាលកម្ពុជា បន្ថែមទៀត ដើម្បីបន្តអនុវត្តទិសដៅការងាររបស់ខ្លួន ឈានទៅសម្រេចជោគជ័យនៃការអនុវត្តគម្រោងនេះ ៕