UN ត្រៀមខ្លួនជានិច្ចក្នុងការគាំទ្រចំពោះរាជរដ្ឋាភិបាលកម្ពុជា

អ្នកសម្របសម្រួលរបស់អង្គការសហប្រជាជាតិ (UN) ប្រចាំប្រទេសកម្ពុជា លោក ចូសេហ្វ សូយ័រ បានគូសបញ្ជាក់ថា អង្គការសហប្រជាជាតិ​ត្រៀមខ្លួនជានិច្ចក្នុងការគាំទ្រចំពោះរាជរដ្ឋាភិបាលកម្ពុជា ដើម្បីសម្រេចបានគោលដៅអភិវឌ្ឍន៍ប្រកបដោយចីរភាព ស្របតាមគោលដៅដែលបានគ្រោងទុក។ តំណាង UN បានបញ្ជាក់បែបនេះ ក្នុងពេលចូលជួបសម្ដែងការគួរសម និងពិភាក្សាការងារ ​ជាមួយឯកឧត្ដម​ស សុខា ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងមហាផ្ទៃ នារសៀលថ្ងៃទី២០ ខែឧសភា ឆ្នាំ២០២៤។

ឯកឧត្ដម ស សុខា បានថ្លែងអំណរគុណចំពោះភ្នាក់ងារអង្គការសហប្រជាជាតិ ដែលនៅតែបន្តផ្ដល់ការគាំទ្រដល់ប្រទេសកម្ពុជា តាមរយៈការធ្វើការយ៉ាងជិតស្និទ្ធជាមួយរាជរដ្ឋាភិបាល សង្គមស៊ីវិល ដៃគូអភិវឌ្ឍន៍ និងវិស័យឯកជន។

បើតាមប្រមុខក្រសួងមហាផ្ទៃកម្ពុជា ទីភ្នាក់ងារ UN បានរួមដំណែកក្នុងដំណើរការស្ដារប្រទេសកម្ពុជា ក្រោយសង្គ្រាម រួមទាំងការពង្រឹងសមត្ថភាពជាតិ ការពង្រឹងលទ្ធិប្រជាធិបតេយ្យ ជាពិសេសការជួយគាំទ្រកម្ពុជា ក្នុងការធ្វើមូលដ្ឋាននីយកម្មគោលដៅសកលនៃការអភិវឌ្ឍប្រកបដោយចីរភាព ឱ្យស្របទៅនឹងបរិការណ៍កម្ពុជាដើម្បីពន្លឿនការសម្រេចបាននូវរបៀបវារៈ ឆ្នាំ២០៣០។

ឯកឧត្តម ស សុខា ក៏បានជម្រាបជូនលោកចូសេហ្វ សូយ័រ អំពីកិច្ចខិតខំប្រឹងប្រែងរបស់រាជរដ្ឋាភិបាលកម្ពុជា រួមជាមួយអង្គការសហប្រជាជាតិ ក្នុងកិច្ចសហប្រតិបត្តិការលើវិស័យអាទិភាពមួយចំនួន រួមមាន៖ អភិបាលកិច្ចនៅថ្នាក់ក្រោមជាតិ សុវត្ថិភាពផ្លូវថ្នល់ ការប្រឆាំងហិង្សាផ្នែកយេនឌ័រ បម្រែបម្រួលអាកាសធាតុ សន្តិសុខស្បៀង កិច្ចការពារសង្គមជាអាទិ៍៕