សម្ដេចតេជោ ហ៊ុន សែន អរគុណឆែកដែលបានលុបបំណុល និងប្រែក្លាយទៅជាជំនួយអភិវឌ្ឍន៍

សម្ដេចតេជោ ហ៊ុន សែន ប្រធានព្រឹទ្ធសភានៃកម្ពុជា បានថ្លែងអំណរគុណដល់ សាធារណរដ្ឋឆែកដែលបានលុបបំណុល និងប្រែក្លាយបំណុលសេសសល់ទៅជាជំនួយអភិវឌ្ឍន៍ ហើយឆែកក៏នៅបន្តផ្ដល់ជំនួយជាបន្តទៀតលើវិស័យសុខាភិបាល អប់រំ និងអភិវឌ្ឍន៍ធនធានមនុស្ស ជាពិសេសលើវិស័យអប់រំគឺការផ្ដល់អាហារូបករណ៍ដល់និស្សិតកម្ពុជាទៅសិក្សានៅសាធារណរដ្ឋឆែកជាបន្តបន្ទាប់។ នេះបើតាមការឲ្យដឹងក្នុងជំនួបរវាងសម្ដេចតេជោ ហ៊ុន សែន ជាមួយលោក Martin Vavra ឯកអគ្គរដ្ឋទូតសាធារណរដ្ឋឆែកប្រចាំកម្ពុជា នៅថ្ងៃទី២០ ខែឧសភា ឆ្នាំ២០២៤ នៅវិមានព្រឹទ្ធសភា រាជធានីភ្នំពេញ។

សម្ដេចតេជោ ហ៊ុន សែន បានបញ្ជាក់ថា ក្នុងតួនាទីជាប្រធានព្រឹទ្ធសភា សម្ដេចបានត្រៀមខ្លួនជាស្រេចដើម្បីធ្វើការជាមួយ ឯកអគ្គរដ្ឋទូតឆែក ដើម្បីពង្រឹងកិច្ចសហប្រតិបត្តិការទ្វេរភាគីរវាងប្រទេសទាំងពីរឲ្យកាន់តែស៊ីជម្រៅថែមទៀត។ ទាក់ទងទំនាក់ទំនងទ្វេភាគី រវាងកម្ពុជា និងឆែក សម្ដេចតេជោបានសម្ដែងការពេញចិត្ត ដោយចាប់តាំងពីឆ្នាំ 1979 ជាហូរហែមក ទោះបីប្រទេសឆេកូស្លូវ៉ាគីត្រូវបានបែងចែកជាពីរ ហើយស្ថានភាពនយោបាយកម្ពុជាមានភាពប្រែប្រួលយ៉ាងណា ក៏ទំនាក់ទំនងប្រទេសទាំងពីរនៅតែបន្ត ហើយសម្ដេចតេជោក៏លើកឡើងថា សម្ដេចគឺមានទំនាក់ទំនងយ៉ាងចិត្តស្និទ្ធជាមួយនឹងមេដឹកនាំនៃសាធារណរដ្ឋឆែកជាបន្តបន្ទាប់ផងដែរ។

សម្ដេចតេជោ ក៏បានលើកទឹកចិត្តឲ្យខិតខំធ្វើយ៉ាងណាជម្រុញអោយទំហំពាណិជ្ជកម្មរវាងប្រទេសទាំងពីរកើនឡើង ពិសេសអោយមានតុល្យភាពជញ្ជីងពាណិជ្ជកម្ម ដោយបង្កើនការនាំចេញទំនិញពីកម្ពុជាទៅសាធារណរដ្ឋឆែក ក៏ដូចជាពីសាធារណរដ្ឋឆែកចូលមកកម្ពុជាឲ្យកាន់តែច្រើនថែមទៀត។ ទន្ទឹមនឹងនេះ សម្ដេចក៏បានផ្ដល់អនុសាសន៍គួរពិនិត្យមើលនូវកិច្ចព្រមព្រៀងទាំងឡាយណាដែលអាចជាការលើកទឹកចិត្តឲ្យអ្នកវិនិយោគមានទំនុកចិត្តគ្នាក៏ដូចជាការជំរុញការវិនិយោគរវាងប្រទេសទាំងពីរផងដែរ។

គួរបញ្ជាក់ថា បើតាមក្រសួងការបរទេសកម្ពុជា រដ្ឋាភិបាលឆែក បានលុបចោលចំនួនប្រមាណ៨០% នៃបំណុលរបស់កម្ពុជាចំពោះឆែក ហើយចំនួនដែលនៅសល់ ត្រូវបានរដ្ឋាភិបាលឆែក ប្រែក្លាយជាជំនួយអភិវឌ្ឍន៍លើវិស័យផ្សេងៗ នៅកម្ពុជា៕