ថ្មីៗនេះ ក្រសួងធនធានទឹក និងឧតុនិយម បានចុះពិនិត្យវឌ្ឍនភាពការងារជួសជុលទំនប់ និងថែទាំជាប្រចាំប្រព័ន្ធធារាសាស្រ្តលំហាច ឲ្យបានចប់មុនរដូវវស្សាចូលមកដល់ ស្ថិតក្នុងស្រុកបរិបូណ៌ ខេត្តកំពង់ឆ្នាំង ដែលមានសមត្ថភាពស្រោចស្រពលើផ្ទៃដីចំនួន ៥១៨៣ហិកតា។
ប្រព័ន្ធធារាសាស្ត្រលំហាច លាតសន្ធឹងតាមបណ្តោយស្ទឹងបរិបូណ៌ ដែលមានចម្ងាយ ៣០គីឡូម៉ែត្រ ពីទីរួមខេត្តកំពង់ឆ្នាំង និងមានចម្ងាយ ១២១គីឡូម៉ែត្រ ពីរាជធានីភ្នំពេញ។
ប្រព័ន្ធនេះបានស្តារ និងសាងសង់ឡើងវិញក្នុងឆ្នាំ២០២០ ដោយថវិកា JICA ដែលរួមមាន ប្រឡាយមេបេតុងចំនួន ១ខ្សែ ប្រវែងសរុប ១៦៣៩៦ម៉ែត្រ ប្រឡាយរងដីចំនួន ១ខ្សែ មានប្រវែង ៨៨១ម៉ែត្រ និងប្រឡាយរងបេតុងចំនួន ១៣ខ្សែ ប្រវែងសរុបប្រមាណ ៤២ ៣៦៣ម៉ែត្រ សម្រាប់ផ្គត់ផ្គង់ទឹកស្រោចស្រពក្នុងឃុំចំនួន៤ នៃស្រុកបរិបូណ៌ និងមានប្រជាជនទទួលផលចំនួន ១៣៣៤គ្រួសារ ព្រមទាំងមានសក្តានុពលស្រោចស្រពលើផ្ទៃដីចំនួន ៥១៨៣ហិកតា និងជួយដល់ការគ្រប់គ្រងទឹកជំនន់នៅក្នុងតំបន់ផងដែរ។
ក្រសួងឧតុនិយមបានឱ្យដឹងថា ទំនប់ព្រែកជីកលំហាចនៃប្រព័ន្ធធារាសាស្ត្រលំហាចសាងសង់នៅក្នុងរបបប៉ុលពតបានទទួលទឹករស់ពីប្រភពស្ទឹងបំណក់ខេត្តពោធិ៍សាត់ និងមួយផ្នែកទៀតពីភ្នំស្រែអំបិលខេត្តកំពង់ឆ្នាំង មានតួនាទីយ៉ាងសំខាន់ដើម្បីរំដោះទឹកជំនន់ ព្រមទាំងតម្កល់និងបង្វែរទឹកពីស្ទឹងបរិបូណ៌សម្រាប់ផ្គត់ផ្គង់ទឹកដល់ប្រព័ន្ធធារាសាស្ត្រលំហាច។
សូមបញ្ជាក់ថា ក្រសួងឧតុនិយម បានអនុវត្តគម្រោងថែទាំជាប្រចាំ ដើម្បីធានាបាននូវនិរន្តរភាពប្រព័ន្ធធារាសាស្ត្រលំហាច លើការងារសាងសង់ប្រឡាយមេ, ប្រឡាយរង,រំដោះទឹកជំនន់, សំណង់ស្ពាន និងសំណង់លូឆ្លងកាត់ប្រឡាយមេ និងប្រឡាយរង, សំណង់លូស្រោចស្រព និងលូដោះទឹកលើប្រឡាយមេ និង សំណង់លូក្រោមប្រឡាយជាដើម៕