ដើម្បីលើកស្ទួយវិស័យសិល្បៈវប្បធម៌ ទេសចរណ៍ និង បរិស្ថានឱ្យកាន់តែទូលំទូលាយ កម្ពុជានឹងរៀបចំការប្រឡងចម្រៀងជាពួកអន្តរជាតិលើកទី ១ នៅថ្ងៃទី ៣០ ខែ ឧសភា ខាងមុខ នេះ ឱ្យកាន់តែទូលំទូលាយនៅលើឆាកអន្តរជាតិ ។ ចំណែក ក្រុមអ្នកប្រឡងចម្រៀងជាពួក ដែលឈ្នះការប្រកួត ពួកគេក៏ទទួលបានពានរង្វាន់ផងដែរ ។
នៅសន្និសីទសារព័ត៌មាននាព្រឹកថ្ងៃទី ២០ ខែ ឧសភា ឆ្នាំ ២០២៤ នេះ ស្តីការផ្សព្វផ្សាយព្រឹត្តិការណ៍ប្រឡងចម្រៀងជាពួកអន្តរជាតិលើកទី១ នៅទីស្តីការក្រសួងវប្បធម៌ និងវិចិត្រសិល្បៈ ដែលមានការចូលរួមពីតំណាងក្រសួងវប្បធម៌ និងវិចិត្រសិល្បៈ ក្រសួងបរិស្ថាន ក្រសួងទេសចរណ៍ ក្រសួងព័ត៌មាន និងអង្គការដៃគូ ឯកឧត្តមបណ្ឌិត សំ សំអាងទីប្រឹក្សាក្រសួងវប្បធម៌បានមានប្រសាសន៍ថា កម្មវិធីនេះ នឹងមានក្រុមអ្នកចម្រៀងជាពូកចំនួន៧ក្រុមមកពីប្រទេសថៃ ម៉ាឡេស៊ី ឥណ្ឌូណេស៊ី និងកម្ពុជាស្មើនឹង ២៥០នាក់ ។
ជាមួយគ្នានោះឯកឧត្តមបញ្ជាក់ថា ៖ « កម្មវិធីនេះ រំពឹងលើ៣ចំណុចសំខាន់ គឺ ការរៀបចំនេះនឹងបើកទ្វារឱ្យទេសចរមកទស្សនកិច្ចនៅកម្ពុជាកាន់តែច្រើន។ ទី២ កម្មវិធីនេះ គឺជាកម្មវិធីអន្តរជាតិ ដូច្នេះ អ្នកចូលរួមនៅពេលដែលត្រឡប់ទៅប្រទេសខ្លួនវិញពួកគេផ្សព្វផ្សាយពីកម្ពុជាដែរ។ ចំណុចទី៣ លោករំពឹងថា បន្ទាប់ពីជោគជ័យលើការរៀបចំលើកទី១នេះហើយ នៅឆ្នាំ២០២៦ នឹងមានការរៀបចំជាលើកទី២ ហើយក៏មានការរៀបចំរៀងរាល់២ឆ្នាំម្តង និងកាន់តែធំជាងនេះទៀត » ។
កម្មវិធីនេះ រៀបចំដោយ INTERKULTUR និង ALL DREAMS CAMBODIA ដោយមានការគាំទ្រពីក្រសួងវប្បធម៌ និងវិចិត្រសិល្បៈ ក្រសួងបរិស្ថាន ក្រសួងទេសចរណ៍ ក្រសួងព័ត៌មាន និងសាលារាជធានីភ្នំពេញ ។
លោកស្រី ឡូ រ៉ង់( Laurence Labadens) តំណាង ALL DREAMS CAMBODIA បានលើកឡើងលើកឡើងថា ព្រឹត្តិការណ៍ប្រឡងចម្រៀងនេះ រៀបចំឡើងក្នុងគោលបំណងធ្វើយ៉ាងណាជួយផ្សព្វផ្សាយពីប្រទេសកម្ពុជា ទាំងផ្នែកវប្បធម៌ សិប្បៈ ជាពិសេសរាជធានីភ្នំពេញតែម្តង ឱ្យកាន់តែមានភាពល្បីល្បាញលើឆាកអន្តរជាតិ និងអាចទាក់ទាញភ្ញៀវទេសចរមកកម្ពុជាកាន់តែច្រើនឡើង។
លោកស្រីបញ្ជាក់ថា ក្នុងកម្មវិធីនេះ រាល់ការចំណាយទាំងអស់ គឺ ALL DREAMS CAMBODIA ជាអ្នកទទួលខុសត្រូវ។ ក្រៅពីការប្រឡងចម្រៀងជាពួកអន្តរជាតិ កម្មវិធីនេះ ក៏មានជាការភ្ជាប់ជាមួយនឹងសិក្ខាសាលាបន្ថែមទៀត សម្រាប់សិស្សនិស្សិតមកពីសាកលវិទ្យាល័យ និងសាលានានាអាចចូលរួមបាន ប៉ុន្តែ ចំពោះសិក្ខាសាលានេះ ក៏មានជាការបង់ថ្លៃបន្តិចបន្តួចដែរ ។
ពិធីបើកកម្មវិធីនេះ នឹងប្រារព្ធនៅថ្ងៃទី ២៩ ខែឧសភា នៅដាលមហោស្រពចតុម្មុខ ក្រោមអធិបតីរបស់រដ្ឋមន្ត្រីក្រសួងវប្បធម៌ និងវិចិត្រសិល្បៈ ។ ពិធីបិទ នឹងធ្វើឡើងនៅថ្ងៃទី១ ខែមិថុនា ឆ្នាំ២០២៤ នៅសាលមហោស្រពក្នុងបរិវេណវិទ្យាស្ថានបច្ចេកទេសកម្ពុជា (សាលាតិចណូ) ។ ចំពោះសកម្មភាពហាត់សម និងប្រកួតប្រជែង នឹងធ្វើឡើងនៅសាលមហោស្រពក្នុងបរិវេណវិទ្យាស្ថានបច្ចេកទេសកម្ពុជា ពីថ្ងៃទី៣០ ខែឧសភា ដល់ថ្ងៃទី១ ខែមិថុនា ឆ្នាំ២០២៤ ។
ការប្រឡងនេះ មានមេប្រយោគតំណាងប្រទេសទាំង ៤ ចូលរួម ។ សម្រាប់ កម្ពុជា មេប្រយោគដែលនឹងចូលរួមនៅក្នុងគណៈកម្មការមេប្រយោគគឺ លោក ឃួន សិទ្ធិសក្តិ ដែលជាអ្នកច្រៀង និងមានឯកទេសចម្រៀងជាពួក ។ ចំណែក ក្រុមអ្នកប្រឡងចម្រៀងជាពួក ដែលឈ្នះការប្រកួត ពួកគេក៏ទទួលបានពានរង្វាន់ផងដែរ ៕