ប្រធានាធិបតីបារាំង លោក អេម៉ានុយអែល ម៉ាក្រុង បាននិយាយថា លោកមានទំនាក់ទំនងជិតស្និទ្ធជាមួយនាយករដ្ឋមន្ត្រីកម្ពុជា នៅពេលលោក និងលោក សេដ្ឋា ថាវីស៊ីន នាយករដ្ឋមន្ត្រីថៃ ភ្ជាប់ទំនាក់ទំនងគ្នាតាមប្រព័ន្ធ WhatApp។ ទន្ទឹមនោះ លោក សេដ្ឋា បបួលលោក ម៉ាក្រុង បង្កើតក្រុម WhatApp បីនាក់ ដែលមានលោកសេដ្ឋា លោក ម៉ាក្រុង និងសម្តេចធិបតី ដើម្បីពិភាក្សាគ្នាអំពីបញ្ហាផ្សេងៗទាក់ទងនឹងប្រទេសបារាំង និងអាស៊ាន។ នេះបើតាមការចុះផ្សាយរបស់សារព័ត៌មាន The Nation នៅថ្ងៃទី១៧ ខែឧសភា ឆ្នាំ២០២៤។
គួររំលេចថា លោកប្រធានាធិបតី ម៉ាក្រុង បានចេញលិខិតដោយផ្ទាល់អញ្ជើញសម្តេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្រ្តីកម្ពុជា ទៅបំពេញទស្សនកិច្ចផ្លូវការនៅប្រទេសបារាំង កាលពីដើមខែមករា ឆ្នាំ២០២៤។ នេះជាលក្ខណៈពិសេសមួយនៃទំនាក់ទំនងរវាងសម្តេចធិបតី និងម៉ាក្រុង ដោយហេតុថា ប្រធានាធិបតីបារាំងជាអ្នកចេញលិខិតអញ្ជើញ ព្រោះធម្មតា គឺមានសមភាគីការទូត គឺបើនាយករដ្ឋមន្រ្តី ត្រូវអញ្ជើញដោយនាយករដ្ឋមន្រ្តី។
លោក ម៉ាក្រុងដែលមានអាយុប្អូនសម្តេចធិបតី ហ៊ុន ម៉ាណែត ២ខែ បានក្រាលកម្រាលព្រំក្រហម ទទួលវត្តមានប្រមុខដឹកនាំកម្ពុជា ប្រកបដោយកិត្តិយសក្នុងឋានៈជាភ្ញៀវទស្សនកិច្ចកម្រិតខ្ពស់នៅលើទឹកដីនៃទ្វីបអឺរ៉ុប។
ជំនួបរវាងសម្តេចធិបតី ហ៊ុន ម៉ាណែត និងលោក អេម៉ានុយអែល ម៉ាក្រុង បានប្តេជ្ញារួមគ្នាធ្វើឱ្យទំនាក់ទំនងដ៏ល្អ ប្រសើររវាងកម្ពុជា និងបារាំង ឈានដល់កម្រិតថ្មី។ នេះគឺជាជំហានការទូតដ៏សំខាន់មួយទៀតនៃទំនាក់ទំនងកម្ពុជា-បារាំង ក្នុងយុគសម័យសម្តេចធិបតី ហ៊ុន ម៉ាណែត មេដឹកនាំជំនាន់ទីពីរបន្តពីស្នាដៃរួមគ្នាដែលសាងឡើងដោយមេដឹកនាំជំនាន់ទីមួយ គឺសម្តេចតេជោ ហ៊ុន សែន។ នេះស្តែងឲ្យឃើញថា មេដឹកនាំចាស់ពូកែសាងស្នាដៃ ខណៈអ្នកដឹកនាំថ្មីពូកែថែរក្សា ពូនជ្រុំ និងពង្រីកបន្ថែម៕
អត្ថបទ៖ អក្ខរា