ភាពសកម្មក្លៀវក្លាមិនខ្លាចនឿយហត់របស់ សម្ដេចធិបតី និងសមិទ្ធផលការងារដ៏ធំធេងហួសពីការរំពឹងទុក ក្នុងរយៈពេលជិត ៩ខែ កន្លងទៅនេះ បានផ្ដល់ភាពកក់ក្តៅ និងធ្វើឱ្យប្រជាពលរដ្ឋទាំងក្នុងនិងក្រៅប្រទេស មាន មោទនភាពនិងមានក្តីសង្ឃឹមយ៉ាងមុតមាំ ចំពោះអនាគតដ៏ភ្លឺស្វាងរបស់កម្ពុជា ក្នុងដំណើរឆ្ពោះទៅសម្រេច ចក្ខុវិស័យកម្ពុជាឆ្នាំ២០៥០ ក្លាយជាប្រទេសដែលមានចំណូលខ្ពស់ប្រកបដោយភាពប្រាកដនិយម។ នេះបើតាមសេចក្តីប្រកាសព័ត៌មាន ស្តីពី ជោគជ័យនៃដំណើរអញ្ជើញបំពេញទស្សនកិច្ចផ្លូវការរបស់សម្ដេចរធិបតី ហ៊ុន ម៉ាណែត នៅសាធារណរដ្ឋកូរ៉េ។
អង្គភាពអ្នកនាំពាក្យរាជរដ្ឋាភិបាល នៅរាត្រីថ្ងៃទី១៨ ខែឧសភា ឆ្នាំ២០២៤ នេះ បានចេញសេចក្តីប្រកាសព័ត៌មាន ស្តីពី ជោគជ័យនៃដំណើរអញ្ជើញបំពេញទស្សនកិច្ចផ្លូវការរបស់សម្ដេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្រ្តី នៃកម្ពុជា និងលោកជំទាវបណ្ឌិត ពេជ ចន្ទមុន្នី ហ៊ុនម៉ាណែត ស្ត្រីទី១នៃកម្ពុជា នៅសាធារណរដ្ឋកូរ៉េ។ ដំណើរទស្សនកិច្ចផ្លូវការទៅកាន់សាធារណរដ្ឋកូរ៉េរបស់ សម្តេចធិបតី នាពេលនេះ បាននាំមកនូវសមិទ្ធផលថ្មីៗជាច្រើនទៀត ទាំងផ្នែកការទូតនិងសេដ្ឋកិច្ច ដើម្បីជាឧត្តមប្រយោជន៍ជូនជាតិមាតុភូមិនិងប្រជាពលរដ្ឋ បន្ទាប់ពីជោគជ័យធំៗ ដែលទទួលបានក្នុងដំណើរទស្សនកិច្ចក្រៅប្រទេសចំនួន ១៣លើក នៅបណ្តាប្រទេសនានាជុំវិញពិភពលោកកាលពីពេលកន្លងទៅ។
ក្រៅពីលើកកម្ពស់កម្រិតទំនាក់ទំនងទ្វេភាគីទៅជា «ភាពជាដៃគូយុទ្ធសាស្ត្រ» ដែលជាការបោះជំហានដ៏សំខាន់មួយទៀតនៃទំនាក់ទំនងរវាងប្រទេសទាំងពីរ ក្រុមហ៊ុនកូរ៉េជាច្រើន បានចាប់អារម្មណ៍ខ្លាំងមកលើប្រទេសកម្ពុជា ដោយចាត់ទុកកម្ពុជាជាប្រទេសដែលមានអំណោយផលជាងគេ ក្នុងចំណោមបណ្តាប្រទេសអាស៊ានសម្រាប់ការបោះទុនវិនិយោគ។
គួរកត់សម្គាល់ថា នេះជាដំណើរទស្សនកិច្ចក្រៅប្រទេស លើកទី១៤ របស់សម្តេចធិបតី ហ៊ុន ម៉ាណែត ក្នុងនាមជានាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា ក្នុងបេសកកម្មការទូតដ៏សកម្មក្លៀវក្លា បន្ទាប់ពីបានឡើង កាន់តំណែងជានាយករដ្ឋមន្ត្រី។ ដំណើរទស្សនកិច្ចផ្លូវការទៅកាន់សាធារណរដ្ឋកូរ៉េរបស់ សម្តេចធិបតី នាពេលនេះ បាននាំមកនូវសមិទ្ធផលថ្មីៗជាច្រើនទៀត ទាំងផ្នែកការទូតនិងសេដ្ឋកិច្ច ដើម្បីជាឧត្តមប្រយោជន៍ជូនជាតិ មាតុភូមិនិងប្រជាពលរដ្ឋ បន្ទាប់ពីជោគជ័យធំៗ ដែលទទួលបានក្នុងដំណើរទស្សនកិច្ចក្រៅប្រទេសចំនួន ១៣លើក នៅបណ្តាប្រទេសនានាជុំវិញពិភពលោកកាលពីពេលកន្លងទៅ៕
អត្ថបទ៖ អក្ខរា